ក្រសួងបរិស្ថានចាត់ទុកភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណជាតំបន់អភិរក្សមួយ បន្ទាប់ពី រកឃើញផូស៊ីលជាច្រើនប្រភេទ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងបរិស្ថានចាត់ទុកភ្នំបាក់ក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យជាតំបន់អភិរក្សមួយ បន្ទាប់ពីរកឃើញផូស៊ីលពពួកសត្វសមុទ្រជាច្រើនប្រភេទ។

បើតាមក្រសួងបរិស្ថានបានបង្ហាញពីការសិក្សាមួយថ្មីៗនេះពីការរកឃើញថា ភ្នំបាក់ជាស្ថានីយផូស៊ីលសត្វសមុទ្រដ៏ធំមួយ ដែលមានសត្វសមុទ្រជាច្រើនប្រភេទដូចជា ពពួក Brachiopods (ប្រាក្យូផត) ផ្កាថ្ម (Corals) ពពួក Crinoids (គ្រីណូអ៊ីត) ច្រើនជាងភ្នំកងវ៉ា ពពួកខ្យង (Gastropods) ពពួកកាំប្រម៉ាសមុទ្រ (Echinoids) ពពួក Bryozoan (ប៉្រាអឺហ្សូន) ផូស៊ីលឈើ (Petrified Wood)។ ហើយទីតាំងនេះក៏ជាកន្លែងមួយយ៉ាងសំខាន់សម្រាប់ធ្វើការសិក្សា ស្រាវជ្រាវទៅលើប្រភេទនៃពពួកសត្វសមុទ្រនាសម័យបុរាណផងដែរ។

ឯកឧត្តម នេត ភក្ដ្រា រដ្ឋលេខាធិការនិងចាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ថាតាមរយៈការសិក្សាអំពីភ្នំបាក់ ដែលបានរកឃើញប្រភេទផូស៊ីលមានដូចជា ខ្យង និងមានត្រីជាដើម។ ហើយប្រភេទផូស៊ីលទាំងនេះ គឺវាបានផ្ដល់នូវសារៈប្រយោជន៍សម្រាប់ឲ្យប្រជាជនបានដឹងអំពីប្រវត្តិនៃការកកើតទឹកដីរបស់ប្រទេសកម្ពុជា។ និងសម្រាប់ជាការសិក្សាស្រាវជ្រាវអំពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ដែលមានការវិវត្តន៍យ៉ាងខ្លះពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។

ក្រៅពីនេះទៀត វាក៏ផ្ដល់ប្រយោជន៍សម្រាប់ឲ្យប្រទេសកម្ពុជា មានការចងក្រងទិន្នន័យ ព័ត៌មានអំពីប្រវត្តិសាស្ត្រដែលទាក់ទងជាមួយធនធានធម្មជាតិ និងទាក់ទងនឹងជាមួយប្រវត្តិនៃការកកើតទឹកដី ដើម្បីជាប្រយោជន៍សម្រាប់ជាការសិក្សាស្រាវជ្រាវផ្សេងៗទៀត។លោកថា ការរកឃើញផូស៊ីលនេះ វាក៏ដើម្បីមានភាពងាយស្រួយក្នុងការបែងចែកតំបន់នីមួយនៃប្រទេសកម្ពុជា មានការពាក់ព័ន្ធ និងមានសក្ដានុពលអ្វីខ្លះ ដើម្បីរៀបចំបង្កើតការការពារ និងការអភិរក្សឲ្យបានសមស្របទៅតាមសក្ដានុពលនៃតំបន់ទេសចរណ៍ ឬក៏ជាតំបន់ដែលត្រូវអភិរក្ស និងជាតំបន់បេតិកភណ្ឌជាដើម។

ឯកឧត្តម នេត ភក្ដ្រា បញ្ជាក់ថា៖ «ចំពោះទីតាំងភ្នំបាក់ គឺជាទីតាំងមួយដែលមានសារៈសំខាន់ ដោយសារតែយើងបានសិក្សារកឃើញមានផូស៊ីលជាច្រើន។ អ៊ីចឹងយើងត្រូវការប្រុងប្រយ័ត្ននៅក្នុងការងារគ្រប់គ្រង ក៏ដូចជាការពារ ថែរក្សា និងអភិរក្ស។ ហើយបន្ទាប់ពីបានធ្វើការសិក្សា គឺកាន់តែផ្ដល់នូវព័ត៌មានជាក់លាក់សំខាន់បន្ថែមទៀត អំពីសារៈសំខាន់នៃភ្នំនេះដែលជាកន្លែងដែលត្រូវថែរក្សា ពីព្រោះវាមានផូស៊ីលដែលមានពាក់ព័ន្ធជាមួយបរិស្ថាន និងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រជាច្រើន។

លោកបន្តថា ហើយយើងក៏សង្ឃឹមថា ភ្នំបាក់ដែលមានផូស៊ីលបច្ចុប្បន្ននេះ នឹងក្លាយជាកន្លែងទេសចរមួយយ៉ាងសំខាន់ ពីព្រោះយើងមានទេសចរធម្មជាតិ ទេសចរវប្បធម៌ ដែលយើងក៏ហ្នឹងមានទេសចរពាក់ព័ន្ធជាមួយបុរាណវិទ្យានេះផងដែរ»។

លោកបន្ថែមថា តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានកំណត់អនុក្រឹត្យដាក់តំបន់ភ្នំបាក់ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំបាក់ ហើយក្រសួងបរិស្ថាន នឹងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីថែរក្សា និងអភិរក្សតំបន់ភ្នំបាក់ដែលមានផូស៊ីលរាប់លានឆ្នាំនេះឲ្យបានគង់វង្សបន្ថែមទៀត។

សូមបញ្ជាក់ថា ភ្នំបាក់មានទីតាំងនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយភ្នំនេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំបាក់ ដោយអនុក្រឹត្យលេខ៧១ អនក្រ.បក ដែលមានផ្ទៃដីទំហំ៣៦ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ ផ្នែកខាងលិចភ្នំនេះមានវត្តមួយនៅជើងភ្នំ និងមួយទៀតនៅលើភ្នំ ហើយមានរូងភ្នំជាច្រើននៅ បរិវេណវត្ត។ ភ្នំបាក់ជាប្រភេទភ្នំថ្មកំបោរ នៅស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ)។ ដែលមានស្រទាប់ថ្ម និងដី ជាច្រើនស្រទាប់ ភ្នំនេះត្រូវបានគេកាយយកអាចម៍ដី ខាងកើត និងខាងត្បូង៕ ដោយ៖ ជា សុខនី

ads banner