គ្រូបង្រៀនម្នាក់ក្លាយម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំនេះ លើផ្នែកនិពន្ធរឿងខ្លី
ភ្នំពេញ៖ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាប្រលោម លោកខ្នាតខ្លីបានទៅលើ៖ «រឿងបណ្តឹងសហគមន៍» ជាស្នាដៃរបស់អ្នកនិពន្ធលោក ហ៊ុយ សារ៉ាត់ គ្រូបង្រៀនភាសាខ្មែរនៅស្រុកក្រគរខេត្តពោធិ៍សាត់ ។
លោក ហ៊ុយ សារ៉ាត់ បានប្រាប់ពីបទពិសោធដែលឈានដល់ការដណ្ដើមបានជ័យលាភីដូច្នេះថា “ចំពោះវិធីសាស្ត្រដែលទទួលបានពាននេះគឺ សរសេរដោយឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គម។លោកថា ការសរសេរក៏មានគ្រោងឆ្អឹងឱ្យបានត្រឹមត្រូវ ទើបមិនចាកប្រធានរឿង។ ក្រៅពីនេះខ្ញុំយល់ពីអត្តចរិតសង្គមបានច្រើន ហើយតួអង្គជាគម្រូដល់សង្គម”។ លោកបន្តថា ៖«ការសរសេររឿងនេះជាការផ្តល់ជាទស្សន:ទានដល់អ្នកអាន អ្នកស្តាប់ការបង្កើតបញ្ហា និងដោះស្រាយបានសមរម្យ ពោលគឺប្រើសិល្ប៍វិធីសរសេរបានក្បោះក្បាយ»។
លោកក៏បានផ្ដាំផ្ញើជូនអ្នកដែលមានបំណងចង់ចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ផ្នែកនិពន្ធយ៉ាងនេះថា ៖ «ខ្ញុំសូមផ្តាំដល់អ្នកដែលចង់ដាក់ស្នាដៃប្រកួតប្រជែងដណ្តើមពាននានា ត្រូវប្រឹងអានសៀវភៅឱ្យបានច្រើន ជាពិសេសរឿងប្រលោមលោកចាស់ៗពីមុន ព្រោះវាជាទុនដ៏ស្រសើរ។ ព្យាយាមស្វែងយល់ពីស្នាដៃជយលាភីចាស់ៗ ហើយសាកសួរពួកគាត់ពីបទពិសោធបន្ថែមទៀត»។
លោកបានប្រាប់ថា សម្រាប់ឆ្នាំថ្មីនេះ លោកមិនទាន់ប្រាកដថានឹងចូលរួមប្រកួតប្រប្រជែងម្ដងទៀតនោះទេ៖«ខ្ញុំមិនប្រាកដចិត្តថានឹងដាក់ស្នាដៃប្រកួតប្រជែងដែរឬអត់ទេ ព្រោះចង់ផ្តោតលើការសរសេរអត្ថបទស្គ្រីបរឿងនិងសរសេរទំនុកច្រៀងសិន តែក៏គិតថា ចង់ចូលរួមប្រកួតនៅពុទ្ធសាសនបណ្ឌិតផងដែរ»។
សូមរម្លឹកថា លោក ហ៊ុយ សារ៉ាត់ លោកបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យ នៅខេត្តបាត់ដំបង។ លោកក៏ធ្លាប់ប្រកួតចំនួនពីរស្ថាប័នរួចមកហើយដែរ ទី១គឺ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី នៅឆ្នាំ២០២១ តែមិនទទួលបានជោគជ័យនោះទេ។ នៅឆ្នាំ២០២២ លោកបានដាក់ស្នាដៃទៅក្នុងកម្មវិធី មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ក៏មិនទទួលបានជោគជ័យដូចគ្នា៕ ដោយ៖ ហ៊ួន ស៊ីឡូន