កូនដើមកោងកាង៣ពាន់ដើមដាំនៅខេត្តកែបក្នុងទិវាបរិស្ថានជាតិ (Video Inside)

កូនដើមកោងកាងចំនួន ៣ពាន់ដើមត្រូវបានដាំ ក្នុងទិវាអនាម័យបរិស្ថានជាតិនៅក្នុងថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងខេត្តកែប ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា។

អភិបាលខេត្តកែបលោក សោម ពិសិដ្ឋ, មន្ត្រីជំនាញក្រសួងបរិស្ថាន និងមន្ត្រីនៃមន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត សិស្សានុសិស្ស និស្សិត និងប្រជាសហគមន៍ប្រមាណជាង ២០០នាក់ទៀត បានចូលរួមយ៉ាងកុះករ នៅតំបន់សហគមន៍នេសាទភូមិថ្មី ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ដើមកោងកាងផ្តល់សារៈ សំខាន់យ៉ាងច្រើនដល់ បរិស្ថានសមុទ្រក្នុងនោះមានជួយបង្កើតសុខភាពប្រព័ន្ធអេកូឡូស៊ី សមុទ្រ។ លោកបានបញ្ជាក់ទៀតថា ព្រៃកោង កាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួល អាកាសធាតុ។

ព្រៃកោងកាងមិនត្រឹមតែជារុក្ខជាតិផ្តល់នូវគុណប្រយោជន៍ខ្ពស់និងមានមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រប៉ុណ្ណោះទេ, វាមានសារៈប្រយោជន៍ការពារជម្រាលដីពី ការសិករិចរិល, ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួម មាន បង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។

ព្រៃកោងកាង នៅជួយបន្សុទ្ធទឹកដោយស្រូបយកភាពមិនបរិសុទ្ធ និងគ្រោះថ្នាក់ធ្ងន់ធ្ងរពីលោហះ និងជួយ ឱ្យមានការស្រូបបយកខ្យល់ដង្ហើមបរិសុទ្ធ ដោយវាជួយស្រូបយកជាតិពុលនៅលើអាកាស ថែមទៀត។

ads banner