២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ៣ម៉ឺន ៧ពាន់នាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣ម៉ឺន៧ពាន់ ៩៦៥ករណី ដែលកើនឡើងចំនួន ២ពាន់ ៩២០ករណី បើប្រៀបធៀបតួលេខឆ្លង កាលពីសប្តាហ៍មុន ។
នៅក្នុងអាស៊ាន ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានប្រទេស ចំនួន ៩ ដែលមានករណីឆ្លងថ្មីកូវីដ១៩ ដែលរួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ, ថៃ និងប្រទេសកម្ពុជា ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លងច្រើនផ្តាច់គេដដែល ដែលមានចំនួន ១ម៉ឺន ៥ពាន់ ៥៩៦ករណី ស្មើនឹងប្រមាណ ៤១ភាគរយ នៃតួលេខឆ្លងសរុបក្នុងចំណោមប្រទេសដែល រកឃើញឆ្លងក្នុងរយៈពេល៣ថ្ងៃនេះ នៅអាស៊ាន។
តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៨ករណីប៉ុណ្ណោះ ។ ប្រទេសព្រុយណេ ជាប្រទេសដែលគ្មានការឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ចំនួន ២៧៣នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ១១១នាក់ ជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លង សរុបមាន ៣៥លាន ២៨ម៉ឺន ៤ពាន់ ៧៧៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ៤៩៨នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៤៦លានករណី, និងការស្លាប់មានជាង ៦លាន ៦៣ម៉ឺន នាក់។