ការប្រកួតបាល់ទាត់ពិភពលោករវាងប៊ែលហ្ស៊ិក និងម៉ារ៉ុក បង្កចលាចលនៅទីក្រុងប្រ៊ុចសែល មនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន
ប្រ៊ុចសែល ៖ នគរបាលប្រទេសបែលហ្ស៊ិកបានឃាត់ខ្លួនមនុស្សរាប់សិបនាក់ បន្ទាប់ពីជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ម៉ារ៉ុក លើក្រុមប្រទេសបែលហ្សិក ២ទល់នឹងសូន្យ ក្នុងការប្រកួតបាល់ទាត់ពិភពលោក (World Cup) នៅប្រទេសកាតា ថ្មីៗនេះ ដែលបង្កឲ្យមានកុបកម្មនៅទីក្រុងប្រ៊ុចសែល ជាមួយនឹងរថយន្ត និងម៉ូតូអគ្គិសនីមួយចំនួនត្រូវបានដុត។
កុបកម្មបានកើតឡើងនៅកន្លែងជាច្រើន នៅទូទាំងរដ្ឋធានីបែលហ្ស៊ិក ដែលអ្នកគាំទ្របាល់ទាត់រាប់សិបនាក់ ខ្លះពាក់ទង់ជាតិម៉ារ៉ុក បានប៉ះទង្គិច ជាមួយនគរបាលកុបកម្មដោយប្រើរថយន្តបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ក្រោយការប្រកួត កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ។
អ្នកនាំពាក្យនគរបាល លោកស្រី Ilse Van de Keere បាននិយាយថា “នៅម៉ោងប្រហែល ៧ យប់ ភាពស្ងប់ស្ងាត់បានត្រលប់មកវិញ ហើយការល្បាតបង្ការនៅតែមាននៅក្នុងផ្នែកដែលពាក់ព័ន្ធ” ។
នគរបាលបាននិយាយថា «ក្រុមកុបកម្មបានប្រើសម្ភារៈបាញ់កាំជ្រួច កាំជ្រួច ដំបង និងដុតបំផ្លាញផ្លូវសាធារណៈ»។ នគរបាលបាននិយាយដែរថា អ្នកកាសែតម្នាក់បានរងរបួសមុខដោយកាំជ្រួច។ នគរបាលថា ហេតុផលទាំងនេះហើយ ដែលមានការសម្រេចចិត្តបន្តការអន្តរាគមន៍របស់នគរបាល ដោយការដាក់ពង្រាយរថយន្តបាញ់ទឹក និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក។
កំហឹងបានផ្ទុះឡើង នៅពេលដែលអាជ្ញាកណ្តាលមិនអនុញ្ញាតឲ្យគ្រាប់បាល់បើកឆាករបស់កីឡាករ Ziyech របស់ម៉ារ៉ុក ហើយភាពតានតឹងកាន់តែខ្លាំងឡើង នៅដើមតង់ទីពីរ។ យុវជនប្រមាណ ១៥០នាក់ បានខឹងសម្បារ ហើយធុងសំរាមមួយត្រូវបានដុត ហើយផាវ និងកាំជ្រួច តែត្រូវបានពន្លត់។ ខណៈពេលដែលភាពតានតឹងកើនឡើង យុវជនបានវាយទៅលើរថយន្តដែលឆ្លងកាត់ ហើយរថយន្តជួលមួយគ្រឿងបានរងការខូចខាត ហើយបានគប់ទៅលើរថយន្តផ្សេងទៀត បណ្តាលឲ្យមានការប៉ះទង្គិចជាមួយនគរបាល៕ ប្រភពពី Reuters, Euractiv ដោយ៖ សារ៉ាត

