ក្រសួងដឹកជញ្ជូនថៃបង្ហាញរថយន្តក្រុងអគ្គិសនីថ្មីៗ ជាង ១ពាន់គ្រឿង សម្រាប់ទីក្រុងបាងកក

បាងកក៖ ក្រសួងដឹកជញ្ជូនថៃទើបបានបង្ហាញរថយន្តក្រុងអគ្គិសនី ចំនួន ១២៥០គ្រឿង ដែលនឹងជំនួសយានជំនិះដែលមានផ្សែងខ្មៅ ដ៏ចាស់របស់ទីក្រុងបាងកក បន្ទាប់ពីឆ្នាំថ្មី ។

ឡានក្រុងដែលត្រូវបានបង្ហាញ កាលពីចុងសប្តាហ៍ទំាងនេះ នឹងជំនួសរថយន្តប្រើម៉ាស៊ូត ដែលដំណើរការអស់រយៈពេលជាង ២០ឆ្នាំ ហើយដែលត្រូវបានស្តីបន្ទោសចំពោះការបំពុលខ្យល់ក្នុងទីក្រុង។

ឡានក្រុងបាងកកជាង ២០០០គ្រឿងមានអាយុលើសពី ២០ឆ្នាំ ក្នុងនោះ មានឡានក្រុងក្រហម ១៥២០គ្រឿង និងរថយន្តម៉ាស៊ីនត្រជាក់ពណ៌ខៀវ ១៧៩គ្រឿង នេះបើយោងតាមអាជ្ញាធរដឹកជញ្ជូនសាធារណៈបាងកក ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Saksayam Chidchob បាននិយាយថា រថយន្តក្រុងអគ្គិសនីនឹងធ្វើឱ្យការធ្វើដំណើរឆ្លងកាត់ទីក្រុងបាងកក កាន់តែងាយស្រួល។ លោកបានបន្ថែមថា រថយន្តទាំងនេះក៏មានបំពាក់ GPS ប្រព័ន្ធលក់សំបុត្រអេឡិចត្រូនិក និងកាមេរ៉ាសុវត្ថិភាពផងដែរ ។

លោកបាននិយាយថា “រថយន្តក្រុងអគ្គិសនីទាំងនេះនឹងត្រូវបានដាក់ពង្រាយនៅលើផ្លូវឆ្លងកាត់ទីក្រុងបាងកក និងតភ្ជាប់ជាមួយការដឹកជញ្ជូនសាធារណៈផ្សេងទៀត ដើម្បីបំពេញតម្រូវការរបស់អ្នកដំណើរ កែលម្អគុណភាពនៃជីវិត ដោះស្រាយបញ្ហាចរាចរណ៍ និងកាត់បន្ថយការបំពុលកម្រិត PM2.5″។

លោកបានបន្ថែមថា ក្រសួងមានគោលបំណងបង្កើនចំនួនរថយន្តក្រុងអគ្គិសនីទូទាំងទីក្រុងបាងកកដល់ ៨០០០គ្រឿង ក្នុងរយៈពេល ៣ឆ្នាំ៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner