អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ស្នើដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគសម្រាប់ការងារឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ
ខេត្តកណ្តាល ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២៣ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកជំទាវ ពុំ ចន្ទីនី ស្នើដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ត្រូវត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគសម្រាប់ការងារឆ្លើយតបឱ្យបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយក្នុងសហគមន៍នៅទូទាំងខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល មានប្រសាសន៍ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២នេះ សាខាខេត្ត និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយសង្គ្រោះជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន ៩៣៧គ្រួសារ។ បានជួយឧបត្ថម្ភថវិកាជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ សរុបចំនួន ២៩១ខ្នង ស្មើនឹង ២៩១គ្រួសារ។ បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ជួយសម្រួលចរាចរណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២ ក្នុងក្រុងតាខ្មៅ បានចំនួន ១២លើក និង បានចុះសួរសុខទុក្ខស្ត្រីសម្រាលកូនចំនួន ១៦នាក់ ដោយមានការផ្តល់កញ្ចប់ជំនួយសម្រាប់កុមារ និងទារក នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តផងដែរ ៕ ដោយ-រ៉ាវុធ



