រាជរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភ
ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់របស់ប្រជាពលរដ្ឋគ្រប់រូប ក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធបានរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀ ង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ សំដៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

រាជរដ្ឋាភិបាលកម្ពុជា ក៏មានការប្ដេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
នេះជាការលើកឡើងរបស់ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ខេត្តកណ្ដាលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកបានឱ្យដឹងថា ក្នុងបរិបទដែលពិភពលោកបាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ ជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹងប្រព័ន្ធស្បៀង តាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោកមានប្រសាសន៍ថា ៖ «រយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលដ៍ច្រើន ក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ»។

បើយោងតាមស្ថិតិជាតិចុងក្រោយរបស់ក្រសួងផែនការក្នុងឆ្នាំ ២០២១-២០២២ ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញថា ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ២២ភាគរយមានភាពក្រិសក្រិន ,ចំនួន ១៦ភាគរយមានទម្ងន់មិនគ្រប់និង ចំនួន ៩.៨ភាគរយ មានភាពស្ថមស្គាំង ។
លោក សុខ ស៊ីឡូ បានបញ្ជាក់ថា ៖ «ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់របស់ប្រជាពលរដ្ឋគ្រប់រូប ក.ក.ជ សហការជាមួយក្រសួង ស្ថាប័នពាក់ពន្ឋ័ ដៃគូរអភិវឌ្ឍន៍សង្គមស៊ីវិល និងវិស័យឯកជន រៀបចំយុទ្ធសាស្ត្រជាតិលើកទី២ សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាព អាហារូបត្ថម្ភ និង លើកកម្ពស់កសិកម្មប្រកបដោយចីរភាព»។
យុទ្ធសាស្រ្តជាតិនេះមានគោលបំណងសំដៅកាត់បន្ថយអត្រាក្រិសក្រិន ទម្ងន់មិនគ្រប់ ស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំ និងកាត់បន្ថយការកើនឡើងនៃអត្រាលើសទម្ងន់ និងធាត់ជ្រុលរបស់កុមារអាយុក្រោម៥ឆ្នាំ និងស្រ្តីក្នុងវ័យបន្តពូជ។
ក្នុងឱកាសនោះដែរ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានលើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ពន្ធ័ផ្សារម្ហូបអាហារក្នុងខេត្តកណ្តាល មានការរីកចម្រើនកាន់តែខ្លាំង និងសម្បូរបែប។
លោកថា ការរីកចម្រើននេះ គឺមានចាប់តាំងពីអ្នកលក់ម្ហូបអាហារតាមចិញ្ចើមថ្នល់ តាមផ្ទះ តាមផ្សារបែបប្រពៃណី នៅផ្សារទំនើបៗ កន្លែងកម្សាន្តនានារហូតដល់ភោជនីយដ្ឋាន ទំនើបធំៗ ហើយម្ហូបអាហារទាំងនោះ ត្រូវបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយដោយមិនបានវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ។
លោក តាំង ម៉េងលាន បានបញ្ជាក់ថា ៖ «លើសពីនេះ កន្លែងលក់ចំណីអាហារតូចតាចនៅតាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងស្ថាប័នដទៃទៀត គឺជាផ្នែកមួយដែលត្រូវការ ឲ្យយើងយកចិត្តទុកដាក់ និងការកែលម្អជាបន្ទាន់ចំពោះការចររាចរណ៍ស្បៀងអាហារ និងសុវត្ថិភាពស្បៀងអាហារសម្រាប់ខេត្តដែលមានចំនួនដង់ស៊ីតេប្រជាជនខ្ពស់»។
អភិបាលរងខេត្តរូបនេះបន្តថា បញ្ហានេះ តម្រូវឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀង អាហារ និងសុវត្ថិភាពស្បៀងអាហារ ទៅដល់អ្នកប្រើប្រាស់ព្រោះ សុវត្ថិភាពស្បៀងអាហារ គឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្ស។
លោក តាំង ម៉េងលាន បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់កម្មករ បុគ្គលិក និយោជិក ដែលកំពុងធ្វើការទៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឲ្យផ្លាស់ប្តូរឥរិយាបទមកទទួលទានអាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិ ចិញ្ចឹមគ្រប់គ្រាន់ និងចំរុះមុខ។
អាហារទាំងនោះរួមមាន បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ឲ្យបានច្រើន គ្រប់មុខ និងទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារដែលធ្វើឲ្យរាងកាយលូតលាស់ បានល្អ មានសុខភាពល្អ និងបង្កើនប្រសិទ្ធភាពការងារ ។
ជាមួយគ្នានោះដែរ លោកក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត ឱ្យបានឆាប់ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ចូលរួមពិភាក្សា និងផ្តល់នូវអនុសាសន៏ សម្រាប់រៀបចំនូវ ជម្រើសគោលនយោបាយ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
លោកថា ៖ «យើងផ្តោតសំខាន់លើរបបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារនៅតាមទីផ្សារ រោងចក្រ សហគ្រាស សាលារៀន និងការគ្រប់គ្រងបរិស្ថាន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់អភិវឌ្ឍន៏ថ្មីៗតាមបុរីនានា សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប ពិសេស ស្ត្រី និងកុមារ»៕ ដោយ៖ នាង សុគន្ធា