ក្រសួងសុខាភិបាលថា កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង៧ ទូទាំងសកលលោកដែលបានប្រែក្លាយពីប្រទេសដែលមានអត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍ខ្ពស់ មកនៅកម្រិតទាប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានលើកឡើងថាកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង៧ ទូទាំងសកលលោក ដែលបានប្រែក្លាយពីប្រទេសដែលមានអត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ខ្ពស់ក្នុងតំបន់អាស៊ីកាលពីទសត្សរ៍ឆ្នាំ២០០៣ មាន ១,១ភាគរយ ឱ្យថយចុះមកត្រឹម ០,៦ភាគរយឆ្នាំ ២០២១។

ឯកឧត្តម ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងដូចនេះក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«របកគំហើញ និងអនុសាសន៍ក្នុងការពិនិត្យពាក់កណ្តាលគម្រោងនៃផែនការយុទ្ធសាស្ត្រសម្រាប់បង្ការ ថែទាំជំងឺអេដស៍និងកាមរោគក្នុងវិស័យសុខាភិបាល ២០២១-២០២៥» នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។

លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាព្រមទាំងមានការចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងអនុវត្តការងារបង្ការ និងថែទាំព្យាបាលជំងឺអេដស៍ ពីដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ សង្គមស៊ីវិល រដ្ឋបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ និងក្រុមប្រជាជនចំណុច កម្ពុជាសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ បើប្រៀបធៀបទៅនឹងបណ្តាប្រទេស នៅក្នុងតំបន់។

ឯកឧត្តម ស៊ា ហួង មានប្រសាសន៍ថា ៖ «តាមការប៉ាន់ស្មានដោយអង្គការ UNAIDS កម្ពុជាបានប្រែក្លាយពីប្រទេសដែលមានអត្រាប្រេវាឡង់ នៃមេរោគអេដស៍ខ្ពស់ក្នុងតំបន់អាស៊ីកាលពីទសត្សរ៍ឆ្នាំ២០០៣ មាន ១,១ភាគរយ ឱ្យថយចុះមកត្រឹម ០,៦ភាគរយ ឆ្នាំ ២០២១ ហើយកម្ពុជាបានស្ថិតក្នុងចំណោមប្រទេសទាំង៧ ទូទាំងសកលលោកសម្រេចបានទិសដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧»។

ក្រសួងសុខាភិបាលបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្រមតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសុខាភិបាល ជាបន្តបន្ទាប់សំដៅលើកកម្ពស់គុណភាពនៃជីវិត កាត់បន្ថយអត្រាឈឺ និងអត្រាមរណភាពឱ្យបានជាអតិបរមា។ នេះបើតាមលោក ស៊ា ហួង។

លោកបានបញ្ជាក់ថា ៖ «ការលើកកម្ពុជាគុណភាពនៃជីវិតនេះ តាមរយៈការពង្រឹងសេវាសុខាភិបាល ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌តាមរយៈការប្រើប្រាស់បណ្ណសមធម៌ ការគាំពារសង្គម និងក្រមសីលធម៌ខ្ពស់ ដោយគ្មានការរើសអើង ដោយផ្តោតលើប្រជាជនជាស្នូល (People Center) រួមទាំងអ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខនឹងការឆ្លងមេរោគ អេដស៍ផងដែរ»។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលដដែលរូបនេះបានលើកឡើងថា បើប្រៀបធៀបទៅនឹងទិសដៅ ៩៥-៩៥-៩៥ ដែលក្រសួងបានកំណត់ត្រឹមឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ៨៤% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍, ៩៩ភាគរយ នៃអ្នកដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩៧ភាគរយ នៃអ្នកកំពុងទទួលការព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប។

ឯកឧត្តម ស៊ា ហួង ថ្លែងថា ៖ «លទ្ធផលដ៏ត្រចះត្រចង់ដែលយើងសម្រេចបាននេះ មិនមែនកើតឡើងដោយឯកឯងនោះទេ តែគឺជាសមិទ្ធផលនៃកិច្ចខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សម្រាប់បង្ការ ថែទាំជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាលឆ្នាំ២០២១-២០២៥»។

លោកថា នេះជាឯកសារគោលដ៏សំខាន់សម្រាប់ដឹកនាំការអនុវត្តកម្មវិធី និងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងកាមរោគក្នុងវិស័យសុខាភិបាល ក្នុងគោលដៅឈានទៅបញ្ចប់ការឆ្លងថ្មីនៃមេរោគអេដស៍ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជា នាឆ្នាំ២០២៥ និងស្រមតាមផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលឆ្នាំ២០២៣-២០៣៣ (HSP4) របស់ក្រសួងសុខាភិបាល និងផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងអេដស៍ ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឯកឧត្តម អៀង មូលី ធ្លាប់បានលើកឡើងកាលពីចុងខែកញ្ញាកន្លងទៅនេះថា ការរាលដាលមេរោគអេដស៍បាននិងកំពុងបន្តពីចំណោមប្រជាជនចំនួន ១១ ០០០ នាក់ (ក្នុងនោះមានប្រជាជនគន្លឹះ និងដៃគូរបស់គាត់) ដែលមិនទាន់បានធ្វើតេស្ត និងព្យាបាលនៅក្នុងប្រព័ន្ធថែទាំសុខភាព។

លោកថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍មានចំនួនតិចជាង ៣០០ ករណីក្នុង ១ ឆ្នាំៗនៅឆ្នាំ ២០២៥។ ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះការរាលដាលនៃមេរោគអេដស៍ត្រូវបានចាត់ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។

យោងតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា ក្នុង ១ ឆ្នាំមានអ្នកឆ្លងមេរោគអេដស៍ចំនួន ១ ១០០ នាក់ ដែលក្នុងចំណោមអ្នកឆ្លងនេះ មាន ៥៣ភាគរយ ស្ថិតក្នុងក្រុមបុរសស្រឡាញ់បុរស។ នៅត្រឹមឆ្នាំ ២០២៥ កម្ពុជាប្រាថ្នាចង់ឃើញការឆ្លងថ្មីស្ថិតក្នុងចំនួន ឬតិចជាង ២៥០ ករណីក្នុងមួយឆ្នាំ៕ ដោយ៖ នាង សុគន្ធា

ads banner