ប្រទេសកម្ពុជានឹងមានការប្រើប្រាស់យានយន្តដែលបញ្ចូលដោយអគ្គិសនីយ៉ាងតិច៤០ភាគរយ និងម៉ូតូ ៧០ភាគរយ នៅឆ្នាំ២០៥០

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា តាមរយៈការចុះកិច្ចព្រមព្រៀងជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(យូអិនឌីភី, UNDP) ប្រទេសកម្ពុជានឹងមានការប្រើប្រាស់យានយន្តដែលបញ្ចូលដោយអគ្គិសនី យ៉ាងតិចឱ្យបាន៤០ភាគរយ និងម៉ូតូឲ្យបាន ៧០ភាគរយ នៅឆ្នាំ២០៥០ខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងពិធី ប្រគល់-ទទួលយានយន្តអគ្គិសនី និងសម្ពោធស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅទីស្តីការក្រសួងហើយស្ថានីយជាង២០០ទីតាំងទៀតគ្រោងនឹងដំឡើងទូទាំងប្រទេស។

លោកបានបញ្ជាក់នាឱកាសនោះដែរពីអត្រាពន្ធនៃការនាំចូលរថយន្តដែលដើរដោយអគ្គិសនីនេះថា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ តម្លៃពន្ធបានបញ្ចុះនូវអត្រាពន្ធពិសេសជាងរថយន្តដែលប្រើដោយប្រេងឥន្ធនៈ ដែលជាមធ្យមអត្រាពន្ធ ១០២ភាគរយ ទៅ១០៣ភាគរយ ប៉ុន្តែសម្រាប់រថយន្តដែលប្រើដោយអគ្គិសនី គឺត្រូវបានបញ្ចុះមកត្រឹមតែ ៦២ភាគរយទេ ។ដូច្នេះ៥០ភាគរយ គឺជាតម្លៃអត្រាពន្ធនាំចូលហើយរថយន្តនេះ គឹមានតម្លៃថោកច្រើនជាងរថយន្តធម្មតា។

ឯកឧត្តមមានប្រសាសន៍ថា ៖ «បើសិនមានលទ្ធភាពអាចទិញរថយន្តធម្មតាជិះបាន លោកចាន់ថុលណែនាំថាគួរតែទិញរថយន្តដើរដោយអគ្គិសនីថ្មីយកប្រើប្រាស់ ពីព្រោះរថយន្តនេះ មានតម្លៃត្រឹមតែ១៦.០០០ដុល្លារ ទៅ២ម៉ឺនដុល្លារនឹងទទួលបានរថយន្តថ្មី»។

លើសពីនេះទៀត លោកថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងឱកាសនេះក៏មានការប្រគល់ទទួលនូវយានយន្តអគ្គិសនីពីស្ថាប័នផ្សេងៗ ដែលរួមមានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ជូនម៉ូតូអគ្គិសនីចំនួន ៣០គ្រឿង, ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួនពីរគ្រឿង និងក្រុមហ៊ុន BYD បានផ្ដល់ជូនរថយន្តអគ្គិសនីចំនួនមួយគ្រឿង។ ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនដៃគូចំនួនបួនគ្រឿងបន្ថែមទៀតផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «យើងមានស្ថានីយនៅក្រុងព្រះសីហនុ ស្ថានីយនៅក្រុងបាត់ដំបង និងស្ថានីយនៅសៀមរាប ហើយបន្ដិចទៀតយើងមានស្ថានីយនៅ រតនៈគិរី មណ្ឌលគិរី និងតាមបណ្តាខេត្តក្រុងរបស់យើងផ្សេងទៀតផងដែរ»។

ចំណែក លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនាឱកាសនោះដែរថា កិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោង «ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព» ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវការបង្កើនការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបានរហូតដល់៧០ភាគរយនៅក្នុងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយ និងជំរុញឱ្យមានការប្រើប្រាស់ទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន។ភាពជោគជ័យនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូននេះ អាចជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដឹកនាំ និងជំរុញចលនាការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននាពេលអនាគត។

លោកជំទាវ ព្រំ សុភី បានថ្លែងទៀតថា ៖ «ដើម្បីចូលរួមចំណែកក្នុងការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្ត គឺជាចំណុចគន្លឹះយ៉ាងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ និងសហការគ្នា»។

សូមបញ្ជាក់ថា រយៈពេល១០ខែក្នុងឆ្នាំ២០២២នេះ រថយន្តដើរដោយអគ្គិសនីត្រូវបានចុះបញ្ជីមានចំនួនជាង៥៥៦គ្រឿង បើប្រៀបធៀបរយៈពេល១០ខែ ក្នុងឆ្នាំ២០២១វិញ រថយន្តដើរដោយអគ្គិសនីត្រូវបានចុះបញ្ជីមានចំនួនតែ៤៥គ្រឿងប៉ុណ្ណោះ។ រថយន្តដើរដោយអគ្គិសនីមានកើនឡើងជាង១១ដងក្នុងមួយឆ្នាំ៕ ដោយ៖ ជា សុខនី

ads banner