សន្និសីទ និងពិព័រណ៍ទឹកកម្ពុជាឆ្នាំនេះ ជំរុញដល់ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
ស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ធ្វើការលើកកម្ពស់វិស័យទឹកស្អាតនៅកម្ពុជា អះអាងថា សន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ គឺចាប់ថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលនឹងជំរុញការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតកម្ពុជាឱ្យកាន់តែមានគុណភាពថែមទៀត។

ថ្លែងបើកសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ នេះ លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា សន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ ក្នុងឆ្នាំ២០២២ នេះ គឺផ្តោតទៅលើប្រធានបទ «ការផ្តល់គុណតម្លៃទឹក! កុំរង់ចាំដល់ដំណក់ចុងក្រោយ! ដើម្បីធានានិរន្តរភាពទឹកនាពេលអនាគត!»។
ប្រធានបទនេះស្របទៅនឹងបរិបទនៃការបម្រែបម្រួលអាកាសធាតុ ដែលតម្រូវឱ្យគ្រប់គ្នាត្រូវយកចិត្តទុកដាក់ និងផ្តល់គុណតម្លៃទឹកដើម្បីធានានិរន្តរភាពទឹកនាពេលអនាគត។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋនៅទីប្រជុំជន ១០០% ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្មនិងសមធម៌នូវទឹកបរិភោគសម្រាប់ប្រជាជនទាំងអស់។ ក្នុងនោះដែរលោកថា ក្រសួងក៏បានកំណត់នូវលក្ខខណ្ឌ៤យ៉ាងសម្រាប់ការផលិតនិងផ្គត់ផ្គង់ទឹកស្អាតរួមមាន៖ ទឹកស្អាតត្រូវមានគុណភាព ទឹកស្អាតត្រូវមានសុវត្ថិភាព ទឹកស្អាតត្រូវមាននិរន្តរភាព ទឹកស្អាតត្រូវមានថ្លៃសមរម្យ។

យ៉ាងណា លោកបានសង្កត់ធ្ងន់ដូច្នេះថា ៖ «ទោះបីជាមានការកើនឡើងនូវចំនួនប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតយ៉ាងណាក្តី ក៏ការប្រឈមក្នុងវិស័យទឹកស្អាត និងការប្រឈមរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតទាំងអង្គភាពរដ្ឋាករសាធារណៈ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅតែមាន ខណៈយើងត្រូវទទួលស្គាល់ថា ការគ្រប់គ្រងអាជីវកម្ម ការផលិតទឹកស្អាតរបស់យើងទាំងអស់មិនទាន់ត្រឹមត្រូវតាមស្តង់ដាជាតិ ដែលក្រសួងឧស្សាហកម្ម កំណត់នោះទេ»។
ហេតុនេះ លោកថា ពិរព័រណ៍ទឹកឆ្នាំនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចែករំលែកចំណេះដឹង បំណិន និងបទពិសោធន៍លើវិស័យផ្គត់ផ្គង់ទឹក ពិសេសរៀនសូត្របានពីបច្ចេកវិទ្យាថ្មីៗដែលមានគុណភាពល្អសម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតកម្ពុជា។
ទាក់ទិននឹងសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤នេះដែរ លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានលើកឡើងដែរថា បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន ៣១៧ ដែលក្នុងនោះមាន ២៨៤ ជាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត នៅក្នុង ២៣ខេត្ត-ក្រុង។
លោកបន្ថែមថា សន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤នេះជាឱកាសមួយជួយដល់ប្រតិបត្តិករទឹកស្អាតកម្ពុជាទាំងអស់បានដឹងពីបច្ចេកវិទ្យា និងផលិតផលថ្មីៗរបស់ក្រុមហ៊ុនដែលបានតាំងបង្ហាញដែលទាក់ទងនឹងវិស័យទឹកស្អាត ។ លើសពីនេះ សន្និសីទ និងពិព័រណ៍ទឹកកម្ពុជានេះ អ្នកចូលរួមក៏អាចចាប់យកនូវចំណេះដឹង និងជំនាញថ្មីៗ ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋប្រហែល ៣៤ភាគរយនៃប្រជាពលរដ្ឋទាំងអស់នៅកម្ពុជា ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ដូច្នេះដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត បានកំណត់គោលដៅទាំងពីរខាងលើ តាមរយៈយើងពិតជាត្រូវការ ការចូលរួមពីដៃគូអភិវឌ្ឍន៍ និងការចូលរួមពីវិស័យឯកជន។
ដូចនេះ តាមរយៈសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤នេះដែរ រាជរដា្ឋភិបាល ក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជននិងតាមជនបទ ដោយផ្តល់ប្រកាសអនុញ្ញាតឱ្យផ្គត់ផ្កង់ទឹកស្អាត(អាជ្ញាបណ្ណ) សម្រាប់រយៈពេល ២០ឆ្នាំ ដល់ស្ថានីយផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងគោលការណ៍ និងច្បាប់នានាក្នុងការការពារ និងជួយគាំទ្រអ្នកវិនិយោគលើវិស័យទឹកស្អាតរបស់ពួកគាត់ថែមទៀត៕ ដោយ៖ បូរ ពេជ្រហ្សាលីន