ចិន និងអាមេរិក ប្រឈមមុខដាក់គ្នាជាថ្មីជុំវិញនាវាចរណ៍របស់យោធាអាមេរិកក្បែរប្រជុំកោះចម្លោះក្នុងសមុទ្រចិនខាងត្បូង
ចិន៖ចិនបាននិយាយអះអាងថា នាវាចម្បាំងអាមេរិកបានចូលដែនទឹកក្បែរប្រជុំកោះជម្លោះស្ព្រាតលី (Spratly) ក្នុងសមុទ្រចិនខាងត្បូងដោយខុសច្បាប់នៅថ្ងៃអង្គារទី ២៩ ខែវិច្ឆិកានេះ ខណៈអាមេរិកវាយបកទៅវិញថា ក្រុងប៉េកាំងធ្វើការចោទប្រកាន់មិនពិត ដោយថាសកម្មភាពនាវាចរណ៍របស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
ការប្រឈមមុខដាក់គ្នាជាថ្មីលើបញ្ហាចម្រូងចម្រាស់ក្នុងសមុទ្រចិនខាងត្បូងនាពេលនេះ កើតឡើងស្របពេលដែលភូមិសាស្រ្តនយោបាយរវាងប្រទេសទាំង២ ស្ថិតក្នុងភាពតានតឹងខ្លាំងនៅឡើយ។
សេចក្តីថ្លែងការណ៍ ពីបញ្ជាការកងទ័ពភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានឱ្យដឹងថា នាវាចម្បាំងបំពាក់មីស៊ីលគ្រូសនាំផ្លូវរបស់អាមេរិកឈ្មោះ USS Chancellorsville បានធ្វើដំណើរដោយខុសច្បាប់ចូលទៅក្នុងដែនទឹកក្បែរកោះស្រ្ពាតលី ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលប្រទេសចិន ។
អ្នកនាំពាក្យនៃបញ្ជាការកងទ័ពភាគខាងត្បូងនៃ PLA លោក Tian Junli បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ដដែលថា «សកម្មភាពរបស់យោធាអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន»។
លោក Tian បានចោទប្រកាន់អាមេរិកទៀតថាជា «អ្នកបង្កើតហានិភ័យផ្នែកសន្តិសុខ» ហើយសកម្មភា ពរបស់យោធាអាមេរិកនៅថ្ងៃអង្គារនេះ ជាភ័ស្តុតាងរឹងមាំបន្ថែមទៀត បង្ហាញពីការស្វែងរកអនុត្តរភាពនៃការធ្វើនាវាចរណ៍ និងយោធូបនីយកម្មសមុទ្រចិនខាងត្បូងរបស់ក្រុងវ៉ាស៊ីនតោន។
លោក Tian បានអះអាងថា កងទ័ពចិនបានរៀបចំកងទ័ពជើងទឹក និងអាកាសតាមដាន និងប្រមាននាវាចម្បាំងអាមេរិកឱ្យចេញពីតំបន់នោះ។
ប្រតិកម្មទៅនឹងការលើកឡើងរបស់កងទ័ពចិន កងនាវាចរទី ៧ នៃកងទ័ពជើងទឹកអាមេរិក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយនោះថា ការចោទប្រកាន់របស់ PLA គឺជារឿងមិនពិត និងជាការបំភាន់នៃសកម្មភាពរបស់ អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបន្តថា នាវាចម្បាំងអាមេរិកបានដឹកនាំការធ្វើនាវាចរណ៍ដោយសេរីស្របតាមច្បាប់អន្តរជាតិ ហើយបន្ទាប់មកបន្តប្រតិបត្តិការធម្មតានៅក្នុងដែនទឹកដែលខ្លួនមានសិទ្ធិធ្វើដំណើរឆ្លងកាត់។
មិនត្រឹមតែប៉ុណ្ណេះទេ កងទ័ពជើងទឹកអាមេរិកបាននិយាយយ៉ាងដូច្នេះទៀតថា ៖ «អាកប្បកិរិយារបស់សាធារណៈរដ្ឋប្រជាមានិតចិន ផ្ទុយពីការប្រកាន់ខ្ជាប់របស់សហរដ្ឋអាមេរិកចំពោះច្បាប់អន្តរជាតិ និងចក្ខុវិស័យរបស់យើងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
កងទ័ពបន្តថា ៖ «ប្រជាជាតិទាំងអស់ មិនថាតូចឬធំ គួរតែមានសុវត្ថិភាពក្នុងអធិបតេយ្យភាពរបស់ពួកគេ ដោយគ្មានការបង្ខិតបង្ខំ និងអាចបន្តកំណើនសេដ្ឋកិច្ចស្របតាមច្បាប់ និងបទដ្ឋានអន្តរជាតិ ដែលទទួលយកបាន»។
សូមបញ្ជាក់ថា តំបន់ប្រជុំកោះស្រ្ពាតលី និងដែនទឹកស្ទើរតែទាំងអស់នៅសមុទ្រចិនខាងត្បូង ស្ថិតក្នុងតំបន់ចម្រូងចម្រាស់ ដោយចិនទាមទារថាជារបស់ខ្លួន។ ក្នុងឆ្នាំ ២០១៦ តុលាការអន្តរជាតិបានសម្រេចថា ចិនមិនមានមូលដ្ឋានច្បាប់ដើម្បីទាមទារបែបនេះឡើង ប៉ុន្តែក្រុងប៉េកាំងបានច្រានចោលការសម្រេចនេះ ដោយជំនួសមកវិញនូវការបង្កើតកោះសិប្បនិម្មិតជាច្រើន និងការពង្រីកសកម្មភាពយោធាលើកោះទាំងនោះ។
ខណៈប្រទេសជាចម្រើនរួមមានហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងតៃវ៉ាន់ ក៏ពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកតែងតែបដិសេធការទាមទាររបស់ចិន។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាមេរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងឆ្លងកាត់សមុទ្រចិនខាងត្បូង នៅក្នុងសកម្មភាពដែលខ្លួនហៅថាសេរីភាពនៃការធ្វើនាវាចរណ៍។
ការប្រឈមមុខដាក់គ្នានៅថ្ងៃអង្គារនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជិនពីង បានជួបគ្នាដោយផ្ទាល់នៅក្រៅកិច្ចប្រជុំG20កាលពីពាក់កណ្ដាលខែនេះ។ មេដឹកនាំទាំង២អះអាងថា អាមេរិក និងចិនបានព្រមព្រៀងគ្នាលើការបន្ថយភាពតានតឹងលើបញ្ហាជាច្រើន នៅពេលដែលទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះយ៉ាងត្រដាបត្រដួសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យ៉ាងណាមិញ ក្នុងជំនួបនោះ លោក បៃដិន ក៏បានអះអាងថា លោកបានប្រាប់ទៅមេដឹកនាំចិនថា៖ «ខ្ញុំច្បាស់ណាស់ថា យើងនឹងការពារផលប្រយោជន៍ និងគុណតម្លៃរបស់អាមេរិក លើកកម្ពស់សិទ្ធិមនុស្សជាសកល និងក្រោកឈរឡើងសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ និងធ្វើការយ៉ាងជិតស្និទ្ធិជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។
អ្វីដែលអាមេរិកអះអាងថាជាការធ្វើនាវាចរណ៍ដោយសេរីនាពេលនេះ គឺជាការសបញ្ជាក់ឱ្យឃើញនូវការលើកឡើងរបស់លោក បៃដិន នាពេលនោះ។ បញ្ហានេះ ត្រូវបានកងទ័ពជើងទឹកអាមេរិកលើកទៅគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការវាយបកទៅចិនវិញនាថ្ងៃអង្គារនេះថា៖ «ប្រតិបត្តិការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងការប្រើប្រាស់សមុទ្រស្របច្បាប់ជាគោលការណ៍។
សហរដ្ឋអាមេរិកកំពុងការពារសិទ្ធិរបស់ប្រជាជាតិនីមួយៗក្នុងការហោះហើរ បើកបរ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត ដូចដែលនាវាចម្បាំង USS Chancellorsville បានធ្វើនៅទីនេះ។ គ្មានអ្វីដែលសាធារណៈរដ្ឋប្រជាមានិតចិននិយាយទៅ នឹងរារាំងយើងនោះទេ»។
ការប្រឈមមុខដាក់គ្នានៅថ្ងៃអង្គារដដែល កើតឡើងចំពេលមានភាពតានតឹងបន្តនៅសមុទ្រចិនខាងត្បូង ហើយភ្លាមៗបន្ទាប់ពីការប៉ះពារគ្នារវាងនាវាចិន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន នៅជិតប្រជុំកោះស្ព្រាតលីក្នុងខែនេះ។ ក្រុងម៉ានីលបានចោទចិនថា បានរឹបអូសយកកម្ទេចកម្ទីគ្រាប់រ៉ុក្កែតពីកងទ័ពជើងទឹករបស់ខ្លួនអំឡុងពេលនៃហេតុការណ៍នោះកើតឡើង ប៉ុន្តែចិនបានបដិសេធថាខ្លួនមិនបានរឹបអូសដោយបង្ខំនោះទេ ហើយក៏ប្រគល់កម្ទេចកម្ទីទាំងនោះឱ្យហ្វីលីពីនទៅវិញហើយដែរ។
ភាពតានតឹងក៏កើតមានជុំវិញដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ទៅកោះហ្វីលីពិន ប៉ាឡាវ៉ាន់ កាលពីសប្ដាហ៍មុនផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រីលើកឡើងថា សហរដ្ឋអាមេរិកនឹងជំរុញឱ្យមានយុទ្ធនាការអន្តរជាតិប្រឆាំងនឹង «អាកប្បកិរិយាមិនទទួលខុសត្រូវ» របស់ចិននៅសមុទ្រចិនខាងត្បូង៕ ដោយ៖ ហួន ឌីណា