ប្រជាពលរដ្ឋជិត១០០គ្រួសារ ក្នុងភូមិចំនួនបី ក្នុងខេត្តកំពង់ធំ បានទទួលការបណ្តុះបណ្តាល និងអប់រំពីវិធីបង្ការ ការពារជំងឺឆ្លង

អត្ថបទដោយ៖
CPA

កំពង់ធំ៖ប្រជាពលរដ្ឋជិត១០០គ្រួសារ ក្នុងភូមិចំនួនបី ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ បានទទួលការបណ្តុះបណ្តាល និងអប់រំពីវិធីបង្ការ ការពារការឆ្លងរាលដាលនៃជំងឺគ្រុនឈីក ជំងឺគ្រុនឈាម ជំងឺកូវីដ១៩ និងជំងឺអុតស្វា ពីមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងមន្រ្តីសុខាភិបាល និងអ្នកស្ម័គ្រចិត្តជាច្រើនរូបទៀត។

លោកស្រី ឡេង សុឃីម នាយិការងប្រតិបត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាបានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា សហការជាមួយមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព ស្រុកតាំងគោក ដោយបានចុះអប់រំផ្សព្វផ្សាយ ពីការការពារជំងឺទាំងនេះជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះរបស់ពួកគាត់តែម្តង។

ក្នុងពេលចុះអប់រំផ្សព្វផ្សាយនោះ លោកស្រីបានថ្លែងថា ៖ « សូមយកចិត្តទុកដាក់គិតគូរជាប្រចាំពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយត្រូវចូលរួមរក្សាអនាម័យ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ឱ្យបានខ្ជាប់ខ្ជួន»។

លោកស្រីបានបន្ថែមថា ក្នុងនេះត្រូវសម្រាន្តក្នុងមុង ហើយសំអាតជុំវិញលំនៅដ្ឋាន ដោយប្រមូល ដុតកំទេចចោល នូវវត្ថុដក់ទឹកទាំងឡាយ មានសំបកកំប៉ុង សម្បកដូង កង់ឡានចាស់ៗ ដែលជាជម្រកដង្កូវទឹក ជម្រកមូសខ្លាញីផង ជាប្រភពចម្លង ជំងឺគ្រុនឈីក គ្រុនឈាមផងដែរ ហើយត្រូវដាក់ថ្នាំអាបែត ក្នុងអាង ឬពាងទឹក ដែលមានគម្របជិតល្អ។

ជាមួយគ្នានោះ មន្រ្តីកាកបាទក្រហមខេត្ត និងមន្រ្តីសុខាភិបាល ក៏បានលើកឡើងឱ្យប្រជាពលរដ្ឋយល់ដឹងពីរោគសញ្ញា និងចូលរួមទប់ស្កាត់ការចម្លងនៃមេរោគអុតស្វា ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន តាមរយ:ការប៉ះពាល់ដោយផ្ទាល់ជាមួយស្នាមមុខរបួស កន្ទួលពងបែក ឬក៏ប៉ះជាមួយសម្លៀកបំពាក់ ក្រណាត់កម្រាល ដែលមានប្រឡាក់ស្នាមឈាម ឬទឹករងៃ អ្នកផ្ទុកមេរោគ។

លោកស្រី ឡេង សុឃីម ក៏បានអំពាវនាវឱ្យប្រជាពលរដឋបន្តអនុវត្តវិធានសុខាភិបាល ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និងទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានការអប់រំនាពេលនោះ មានភូមិបុស្សល្វា ដែលមាន ២៤ ខ្នងផ្ទះ, ភូមិស្នួលមានចំនួន២៨ ខ្នងផ្ទះ និងភូមិពភ្លា មានចំនួន ៣១ ខ្នងផ្ទះ។

មន្ត្រីជាន់ខ្ពស់នៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានក្រឿនរំឭកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ខណៈរយៈពេលប្រាំខែ នាឆ្នាំ ២០២២ នេះមានជំងឺគ្រុនឈាមជាង ១ ២០០ ករណី គឺកើនឡើងប្រមាណ ៣០០ ករណី បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឱ្យដឹងថា រយៈពេល ៥ ខែនៅក្នុងឆ្នាំ ២០២២ នេះមានករណីជំងឺគ្រុនឈាមជាង ១ ២០០ ករណីកើនឡើងប្រមាណពី ២០០ ទៅ ៣០០ ករណី បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

មន្រ្តីនៃមជ្ឈមណ្ឌលនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នស្របពេលរដូវវស្សាចូលមកដល់ហើយមានភ្លៀងធ្លាក់ញឹកញាប់ស្ទើរគ្រប់ទីកន្លែងបង្កឱ្យមានទឹកដក់នៅតាមកង់ឡាន ឬកន្លែងផ្សេងៗដែលងាយបង្កឱ្យមានដង្កូវទឹក និងមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត៕ ដោយ៖ នាង សុគន្ធា

ads banner