អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា ការចាកចេញដែនដីកម្ពុជារបស់កញ្ញា ឈឹម ស៊ីថរ ជាការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា កញ្ញា ឈឹម ស៊ីថរ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

ការលើកឡើងនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍នារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា បន្ទាប់ពីក្រុមសង្គមស៊ីវិល បានធ្វើសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃទី ២៨ ខែវិច្ឆិកា ទាមទារឱ្យតុលាការដោះលែងជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ដែលត្រូវបានចៅក្រមស៊ើបសួរ ឃុំខ្លួនកាលពីថ្ងៃទី ២៦ ខែវិច្ឆិកាកន្លងទៅនេះ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា ៖ «ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថ បានចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះគឺបានបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ»។

យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មណ្ឌ បានចែងថា ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន។

អ្នកនាំពាក្យដដែលនបញ្ជាក់ទៀតថា ៖ «ចំពោះការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិត នៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុស ត្រូវចំពោះមុខច្បាប់»។

ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរ សម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរ ប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រុមសង្គមស៊ីវិល ជិត៧០ ស្ថាប័ន បានអំពាវនាវដល់តុលាការ និងរាជរដ្ឋាភិបាលដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ថា ការចាប់ខ្លួននេះ គឺជាការអនុវត្តនីតិវិធីផ្លូវច្បាប់របស់ប្រព័ន្ធតុលាការដោយសារកញ្ញា ឈឹម ស៊ីថរ បានល្មើសបម្រាមរបស់តុលាការ ដោយបានចេញទៅក្រៅប្រទេស ដូច្នេះហើយខាងតុលាការបានអនុវត្តនីតិវិធីដោយយកមកឃុំខ្លួនវិញ៕ ដោយ៖ នាង សុគន្ធា

ads banner