សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយថាមពលទំហំ ៥៣លានដុល្លារដល់អ៊ុយក្រែន

ប៊ុយការ៉េស៖ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយថាមពលដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ៥៣លានដុល្លារ ដើម្បីជួយប្រទេសនេះទទួលបានឧបករណ៍បណ្តាញអគ្គិសនីសំខាន់ៗ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រកាសពីកញ្ចប់ជំនួយខាងលើនេះ នៅក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកានេះ នៅឯកិច្ចប្រជុំរបស់ប្រមុខកិច្ចការបរទេសក្រុមប្រទេស G7 និងអ្នកផ្សេងទៀតនៅក្នុងប្រទេសរ៉ូម៉ានី។ គ្រឿងបរិក្ខារទាំងនោះ នឹងរួមបញ្ចូលឧបករណ៍បំប្លែងចែកចាយអគ្គិសនី,ឧបករណ៍បំបែកសៀគ្វី និងយានយន្តជាដើម។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា យោធារុស្ស៊ីបាននិងកំពុងបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីដើមខែតុលាមក ដោយបានធ្វើឱ្យខូចខាតដល់កន្លែងផ្គត់ផ្គង់ថាមពលជាង ៣០ភាគរយនៅទូទាំងប្រទេសនេះ។

ក្រសួងការបរទេសអាមេរិកបន្ថែមទៀតថា ការវាយប្រហារទាំងនោះមានគោលបំណងជះឥទ្ធិពលអវិជ្ជមានដល់ប្រតិបត្តិការយោធារបស់អ៊ុយក្រែន រារាំងប្រជាជនអ៊ុយក្រែនពីការទទួលបានថាមពលដ៏សំខាន់ក្នុងរដូវរងារ និងធ្វើឱ្យការដោះស្រាយលើជម្លោះរបស់អ៊ុយក្រែនចុះខ្សោយ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner