ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិថា នឹងពង្រឹងវត្តមាន នៅក្នុងរោងចក្រនុយក្លេអ៊ែរ ទាំងអស់នៅអ៊ុយក្រែន
កៀវ៖ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi ក្នុងថ្ងៃអង្គារទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ក្រុមជំនាញការរបស់ខ្លួននឹងពង្រឹងវត្តមាននៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ (NPPs) ទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពល ។
លោក Grossi បានអះអាងបែបនេះនៅលើបណ្តាញសង្គម បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅទីក្រុងប៊ុយការ៉េស ប្រទេសរ៉ូម៉ានី។ លោក Grossi បន្តថា គាត់នឹងបន្តធ្វើការជាមួយលោក Kuleba ឆ្ពោះទៅរកការបង្កើតតំបន់ការពារសុវត្ថិភាពនុយក្លេអ៊ែរ និងសន្តិសុខជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីហ្ស៊ីយ៉ា នៅភាគខាងត្បូងអ៊ុយក្រែនជាបន្ទាន់។
ចំណែកលោក Kuleba ក៏បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមដែរថា បញ្ហាសន្តិសុខរបស់បុគ្គលិកអ៊ុយក្រែនដែលធ្វើការនៅរោងចក្រ ហ្សាប៉ូរីហ្ស៊ីយ៉ា ក៏ត្រូវបានគេលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំផងដែរ។ លោកថា ក្នុងអំឡុងការសន្ទនាជាមួយលោក Grossi គាត់បានរំលឹកឡើងវិញពីតម្រូវការសម្រាប់ការដកកងកម្លាំងរបស់រុស្ស៊ីចេញពី ហ្សាប៉ូរីហ្ស៊ីយ៉ា ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីចាប់តាំងពីខែមីនាមក។
ក្តីកង្វល់របស់លោកទាំងពីរធ្វើឡើងក្នុងគោលបំណងបញ្ចៀសគ្រោះមហន្តនុយក្លេអ៊ែរ ដែលប៉ះពាល់ដល់អាយុជីវិតមនុស្សជាតិ។ តួយ៉ាង រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលបានជួបនូវគ្រោះមហន្តរាយនុយក្លេអ៊ែរកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៨ ហើយត្រូវបានបិទទាំងស្រុងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០០ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា