«គុនល្បុក្កតោ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា
ភ្នំពេញ៖ ប្រមុខដឹកនាំ មន្រ្តីជាន់ខ្ពស់នៅតាមស្ថាប័ននានា រួមទាំងប្រជាពលរដ្ឋទូទៅស្ទើរតែទូទាំងប្រទេសបានអបអរសាទរចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានសាទរ និងអបអរភ្លាមៗចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីទីក្រុងរ៉ាបាត។
តាមរយៈសារខ្លីដែលរំលេចឱ្យឃើញនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នារាត្រីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២ សម្ដេចតេជោបង្ហាញថា លោកជំទាវ ភឿង សកុណា បានឱ្យដឹងថា ៖ «នាងខ្ញុំសូមជម្រាបជូនសម្តេចថា ក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរសម្រេចចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ គុនល្បុក្កតោ នៅថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជាយើង»។
បើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫស ចាក់គល់ យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។
ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្ងៃទី២៩ខែវិច្ឆិកាបានឱ្យដឹងថា ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យនិងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។
ក្រសួងបានបញ្ជាក់ថា ៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍ សាលាគុន គ្រូនិងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានា នៅក្នុងកម្ពុជា»។
បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណនិងជាព្រលឹងជាតិដែល បានលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា ឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយបន្តចូលរួម ថែរក្សាការពារ និងលើកតម្កើងតម្លៃមត៌កវប្បធម៌ជាតិឲ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា ៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។
បន្ទាប់ពី «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ក៏បានចូលរួមអបអរសាទរជាមួយនឹងប្រទេស និងប្រជាជនកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានសាទរដែលប្រទេសកម្ពុជាទទួលបានសមិទ្ធផលថ្មីមួយនេះផងដែរ។
លោកមានប្រសាសន៍ថា ៖ «យូណេស្កូ សូមអបអរសាទរដល់ប្រទេសកម្ពុជាសម្រាប់សមិទ្ធិផលដ៏អស្ចារ្យនេះក្នុងការការពារគុនល្បុក្កតោតាមរយៈសិលាចារឹករបស់ខ្លួនក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ក្នុងនាមជាកីឡាប្រពៃណី សិលាចារឹកនេះនឹងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិសម្រាប់ការសន្ទនាអន្តរវប្បធម៌ ភាពស្អិតរមួតក្នុងសង្គម និងការយោគយល់គ្នា ត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ»។
កញ្ញា អ៊ិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរមួយរូប បានលើកឡើងឱ្យដឹងដែរថា បំណងរបស់នាងបានសម្រេចហើយ រំភើបស្ទើរស្រក់ទឹកភ្នែកហើយ!។ ទីបំផុតគុនល្បុក្កតោ បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូហើយ។
កញ្ញា បាននិយាយថា ៖ «តើបងប្អូនទាំងអស់គ្នាដឹងទេ? ថាអារម្មណ៌មួយដែលបំណងប្រាថ្នាធំបំផុតសម្រាប់ការខិតខំប្រឹងប្រែងរយៈពេល៨ឆ្នាំ ទទួលបានជោគជ័យ មានអារម្មណ៍យ៉ាងណា? គ្រាន់តែលឺដំណឹងច្បាស់ការណ៍ថា ល្បុក្កតោបានចូលក្នុងបញ្ជីអរូបីរបស់អង្គការយូណេស្កូភ្លាម ខ្ញុំបានធូរពីជំងឺទាំងដែលដៃនៅព្យួរសេរ៉ូមបានប្រហែល៣០ភាគរយនៅឡើយ។ ទឹកភ្នែកខ្ញុំហូរស្របពេលដែលខ្ញុំកំពុងរំភើបត្រេកអរ»។
គ្រូបង្ហាត់ក្បាច់គុនល្បុក្កតោរូបនេះ បានបន្ថែមថា សមិទ្ធផលនេះបានមកពីថ្នាក់ដឹកនាំដែលជួយខ្នះខ្នែង និងពុកម៉ែបងប្អូនទាំងអស់គ្នាដែលជួយលើកទឹកចិត្ត គាំទ្រ ហើយអ្វីដែលជាពិសេស គឺលោកគ្រូតា និងបងប្អូនអ្នកហាត់គុនល្បុក្កតោទាំងអស់ដែលខិតខំហ្វឹកហាត់ និងផ្សព្វផ្សាយ និយាយរួមគឺបានមកពីប្រជាជនខ្មែរទាំងអស់គ្នា។
ចំណែក កញ្ញា កង ស្រីនីន អាយុ ១៧ឆ្នាំ កូនសិស្សគុនល្បុក្កតោ នៅខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា នាងបានចូលរួមក្លឹបដំបងដែក នាខេត្តកំពង់ឆ្នាំង កាលពីប្រាំមួយឆ្នាំមុន ហើយនាងពិតជាស្រលាញ់គុនល្បុក្កតោ ដែលជាក្បាច់គុនខ្មែរណាស់។
កញ្ញា បានឱ្យដឹងថា ៖ «ខ្ញុំប្តេជ្ញាថែរក្សា និងផ្ទេរមរតកពីដូនតាខ្មែរយើង ដល់ក្មេងៗជំនាន់ក្រោយ ចាប់តាំងពីគុនល្បុក្កតោចូលរួមចំណែកក្នុងការអប់រំកាយ និងផ្លូវចិត្តរបស់ខ្ញុំ។ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីបន្តការប្តេជ្ញាចិត្ត និងក្តីស្រមៃរបស់ខ្ញុំក្នុងការពង្រឹងអត្តសញ្ញាណខេត្តរបស់ខ្ញុំ និងការតែងតាំងគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលរួមចំណែកលើកកម្ពស់មោទនភាពរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់យុវជន»។
ប្រទេសកម្ពុជា ជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ចម្រុះ និងវិស័យច្នៃរប្រឌិតប្រកបដោយថាមពល។ គុនល្បុក្កតោ ក្បាច់គុនបុរាណនៅកម្ពុជា គឺជាធាតុទី៦ ពីប្រទេសកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូរួមជាមួយនឹងរបាំព្រះរាជទ្រព្យកម្ពុជា (២០០៨), ល្ខោនស្រមោលស្បែកធំ (២០០៨), ល្បែងទាញព្រ័ត្រ (២០១៥), ចាប៉ីដងវែង (២០១៦) និងល្ខោនខោលវត្តស្វាយអណ្តែង (២០១៨)។
ដោយឡែក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូផងដែរ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕
ដោយ៖នាង សុគន្ធា

