សហរដ្ឋអាមេរិកព្យាករថា នៅឆ្នាំ២០៣៥ ចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ ១,៥០០គ្រាប់
វ៉ាស៊ីនតោន៖ នៅឆ្នាំ២០៣៥ ប្រទេសចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុក កើនឡើងដល់ ១,៥០០គ្រាប់ ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តរក្សាល្បឿនផលិតដូចពេលបច្ចុប្បន្ន។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណ ក្នុងថ្ងៃអង្គារ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute (SIPRI) បានឱ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានគេ រាយការណ៍ថា មានស្ដុកក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ ៣,៧០០គ្រាប់ ហើយក្នុងនោះ១,៧៤០គ្រាប់ត្រូវបានដាក់ពង្រាយរួចរាល់។
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូប ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណ បាននិយាយថា របាយការណ៍របស់មន្ទីរបញ្ចកោណ ដែលគ្របដណ្ដប់លើសកម្មភាពនានាក្នុងឆ្នាំ២០២១ បានបង្ហាញថា ចិនបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុកជាង៤០០គ្រាប់ ហើយបានព្យាករថា ចិនអាចនឹងមានក្បាលគ្រាបនុយក្លេអ៊ែរជាង១,០០០គ្រាប់នៅឆ្នាំ២០៣៥ ដោយផ្អែកលើល្បឿនផលិតដូចពេលសព្វថ្ងៃនេះ។
ទោះបីជាយ៉ាងណា កន្លងមក ប្រទេសចិនក៏ធ្លាប់បានអះអាងរួចមកហើយថា ខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរតិចជាងឆ្ងាយ បើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៉ី ហើយត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសន្ទនា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនយល់ព្រមកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ឱ្យនៅត្រឹមកម្រិតស្មើនឹងចិន៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា




