យុវជនមួយក្រុមបង្កើតកម្មវីធីកាត់សក់ ជូនពលរដ្ឋក្រីក្រដោយពុំគិតប្រាក់
ភ្នំពេញ៖យុវជនមួយក្រុមបង្កើតកម្មវីធីកាត់សក់ជូនពលរដ្ឋក្រីក្រ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការរបស់សមាគមមិត្តយើងដែលជាក្រុមយុវជនស្ម័គ្រធ្វើការងារផ្នែកសង្គមកិច្ច។
សមាគមមិត្តយើងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(សសយក)ផ្តល់សេវាកម្មកាត់សក់នៅថ្ងៃទី៣០ខែ វិច្ឆិកាឆ្នាំ២០២២ ក្រោយយុទ្ធនាការឈ្មោះថា«សក់ និងសម្រស់របស់មិត្តយើង»។
នាយិកាគណៈកម្មការប្រតិបត្តិសមាគមមិត្តយើងកញ្ញា ផាន់ សុនីតា បាននិយាយថាយុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងដើម្បីជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះ។ កញ្ញាបន្ថែមថាសមាគមបាននាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត។
កញ្ញាបានបន្ថែមថា៖« យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូនដែលមានជីវភាពខ្វះខាតជាងមួយពាន់នាក់។ ជាមួយគ្នានោះយើងមិនត្រឹមតែផ្តល់ការកាត់សក់ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយមានមានដូចជាអង្ករនិងសម្ភារមួយចំនួនជូនដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងកម្មវិធីបីលើកនេះយើងបានផ្តល់កញ្ចប់ជំនួយនេះដល់ពួកគាត់អស់ប្រមាណជាងមួយពាន់កញ្ចប់។នេះមិនគិតរួមចូលសកម្មភាពផ្សេងៗដែលសមាគមយើងបានធ្វើកន្លងមកនោះទេ»។
កញ្ញាបន្ថែមថាកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិតនៃវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានអញ្ជើញមកចូលរួមផ្ទាល់ឱ្យទទួលបាននូវសេវាកម្មសក់ស្អាត។
សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋ កិច្ចក្រៅប្រ ព័ន្ធដែល បានចូលរួមនាពេលនេះផងដែរ ដោយក្នុងមួយនាក់នឹងទទួលបានកញ្ចប់ជំនួយមិត្តយើងមួយកញ្ចប់ ដើម្បី សម្រួលជីវភាពបន្ថែម៕


ដោយ៖វណ្ណ ស័ក្ដិ