សម្ដេចតេជោ ហ៊ុន សែន សាទរចំពោះសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្ដប់សេវាព្យាបាល ថែទាំអ្នកជំងឺអេដស៍រហូតដល់៩៩ភាគរយ ដែលជាអត្រាខ្ពស់ជាងគេនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក ហើយគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន៦៣ ៦១០នាក់ បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងដូចនេះ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២២ ដោយលោកបានបញ្ជាក់ដែរថា អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រដែល កំពុងទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ។
ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូឆ្នាំ២០២២នេះក្រោមប្រធានបទ«ធ្វើឱ្យមានសមភាព» ដែលទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់ប្រជាជននៅលើសកលលោក ចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗក្នុង ការទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដែល ព្រះរាជាណាចក្រកម្ពុជាយើងទទួលបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានចំណុចសំខាន់ៗជាច្រើន ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្ដប់សេវាព្យាបាល ថែទាំអ្នកជំងឺអេដស៍ខ្ពស់ជាង គេនៅតំបន់អាស៊ី ប៉ស៊ីហ្វិក គឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រដែលកំពុងទទួលបានការគាំពារសង្គមកាន់តែទូលំទូលាយ ហើយអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយក្រសួងផែនការ ដើម្បីកែសម្រួលនីតិវិធីក្នុង ការអនុញ្ញាតឱ្យអ្នកផ្ទុកមេរោគេអដស៍ទាំងអស់ ដែលពុំទាន់ទទួលការគាំពារសង្គម អាចទទួលបណ្ណសមធម៌ ឬអត្តសញ្ញាណបណ្ណជនក្រីក្រផងដែរ។
សម្ដេចតេជោបានបញ្ជាក់ថា ៖ «គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៦៣ ៦១០នាក់ បានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ដោយឥតគិតប្រាក់ពីមន្ទីរពេទ្យរដ្ឋ ហើយក្នុងនោះអ្នកផ្ទុក មេរោគេអដស៍ ចំនួន ៦ ៦១៧នាក់ បានទទួលបានប័ណ្ណមូលនិធិសមធម៌ផងដែរ»។
ទន្ទឹមនឹងនេះដែរ កម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធី អេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់ និងមានចីរភាព ហើយកម្ពុជា បានចាប់ផ្តើមពង្រឹងប្រព័ន្ធជាតិ សំដៅបង្កើតចរន្តជាតិមួយដែលមុតស្រួចក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។
សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវខិតខំថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់មកទទួលសេវាព្យាបាលប្រមាណ ១១.០០០នាក់ និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការ ព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់។
សម្ដេចតេជោបន្តថា ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជាក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ៖ «ការអំពាវនាវឱ្យធ្វើឱ្យមានសមភាព របស់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ជំរុញឱ្យយើង ធ្វើសកម្មភាពបានកាន់តែមានប្រសិទ្ធភាពឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដោយត្រូវលើកកម្ពស់ភាពអាចរកបានគុណភាព និងភាពស័ក្តិសមនៃសេវាកម្ម សម្រាប់ការព្យាបាល ការធ្វើតេស្ត និងការបង្ការមេរោគអេដស៍»។
ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់អង្គការដៃគូអន្តរជាតិ ជួយគាំទ្រការពង្រឹងប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ក្នុងប្រទេស ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «ខ្ញុំក៏សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ សហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់»។
លោក តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងក្នុងកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី៣៥ ប្រចាំខែវិច្ឆិកា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ថា ផ្សព្វផ្សាយពីបញ្ហាអេដស៍ និងការយល់ដឹងពីអេដស៍នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។
លោកបានឱ្យដឹងថា ៖ «បញ្ហានៃការឆ្លងរាលដាលមេរោគអេដស៍ ជំងឺអេដស៍ វាជាបញ្ហាសកលមួយ ហើយវាទាក់ទងនឹងសកម្មភាពនៃការរស់នៅប្រចាំថ្ងៃតែម្តង ដែលទាមទារឱ្យប្រជាពលរដ្ឋនៅទូទាំងសកលលោកទាំងមូលនេះ មានការយល់ដឹងជាប់ជាប្រចាំ»។
ទាក់ទងនឹងការយល់របស់ប្រជាពលរដ្ឋពីជំងឺអេដស៍ មេរោគអេដស៍នេះ លោក តែង គន្ធី បានបញ្ជាក់ថា តាមរយៈការសិក្សាស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា ការយល់ដឹងទាក់ទងនឹងបញ្ហាអេដស៍នេះហាក់ដូចជាមានកម្រិតថយចុះទៅវិញ ជាពិសេសនៅក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាកូវីដ១៩ និងស្ថានភាពហាក់ដូចជាធូរស្រាលនៃបញ្ហាអេដស៍នេះផងដែរ។
លោក តែង គន្ធី បានលើកឡើងដែរថា ចំនួនអ្នកឆ្លងថ្មីហាក់ដូចជានៅកម្រិតមួយខ្ពស់នៅឡើយ ដែលជាកម្រិតមួយដែលកម្ពុជាមិនពេញចិត្ត និងមិនចង់បាននោះទេ ដែលតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរហូតដល់ ១១០០ នាក់ ក្នុងមួយឆ្នាំ។
លោកថា ៖ «ទិសដៅរបស់យើង គឺយើងចង់ឱ្យនៅក្រោមហ្នឹង ហើយអ្វីដែលសំខាន់បំផុតនោះគឺភាគច្រើននៃចំនួនអ្នកឆ្លងថ្មីនោះជាយុវវ័យ។ ដូច្នេះយុវជន របស់យើងត្រូវតែស្វែងយល់ឱ្យច្បាស់ដោយសខ្លួនឯងពីបញ្ហាអេដស៍នេះ»។
នាថ្ងៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ ២០២២នេះដែរ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានអំពាវនាវផងថា បញ្ហាអេដស៍មិនទាន់បញ្ចប់ទេ។
លោក ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានឱ្យដឹងដែរថា ក្នុងឱកាសនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ អង្គការ AHF ធ្វើឡើងនេះដើម្បីប្រាប់ពិភពលោកថា «យើងអាចធ្វើបាន!» ហើយកំពុងប្រើប្រាស់ប្រធានបទ «មិនទាន់បញ្ចប់ទេ» របស់ដើម្បីជំរុញក្រុមអ្នកតស៊ូមតិ និងអ្នកពាក់ព័ន្ធនៅទូទាំងអាស៊ី ឱ្យយកចិត្តទុកដាក់លើមេរោគអេដស៍/ជំងឺអេដស៍។
លោកបានអះអាងថា នៅក្នុងតំបន់មួយចំនួននៃទ្វីបអាស៊ី ជាពិសេសក្នុងតំបន់មានចំនួនប្រជាជនរស់នៅច្រើន ការឆ្លងមេរោគអេដស៍ថ្មីៗកំពុងកើនឡើង ដែលពួកគេធ្លាប់បានមើលឃើញកាធ្លាក់ចុះកាលពីមួយទសវត្សរ៍កន្លងមក៕
ដោយ៖នាង សុគន្ធា