មន្ត្រីពាក់ព័ន្ធជំរុញឱ្យកែលម្អខ្សែច្រវាក់ផលិតកម្មស្បៀងអាហារ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធ យល់ថា ម្ហូបអាហារកាន់តែមានសុវត្ថិភាព នឹងនាំឱ្យអ្នកប្រើប្រាស់កាន់តែមានសុខភាពល្អប្រសើរ ពិសេសទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។ទន្ទឹមគ្នា ស្ថាប័នទាំងនោះ អះអាងថា ការជំរុញកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀងអាហារ ពោលចាប់ពីកន្លែងផលិតកែច្នៃ រហូតដល់តុអាហាររបស់អ្នកបរិភោគ នឹងជួយធានាសុវត្ថិភាពអ្នកប្រើប្រាស់នៅកម្ពុជាកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសសមាជិកក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាលបានលើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ពន្ធ័ផ្សារម្ហូបអាហារនៅកម្ពុជា មានការរីកចម្រើនកាន់តែខ្លាំង និងសម្បូរបែប គឺមានចាប់តាំងពីអ្នកលក់ម្ហូបអាហារតាមចិញ្ចើមថ្នល់ តាមផ្ទះ តាមផ្សារបែបប្រពៃណី នៅផ្សារទំនើបៗ កន្លែងកំសាន្តនានារហូតដល់ភោជនីយដ្ឋាន ទំនើបធំៗជាដើម។

លោកបន្តថា ម្ហូបអាហារទាំងនោះ ត្រូវបានដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយដោយមិនបានវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ។ លើសពីនេះ កន្លែងលក់ចំណីអាហារតូចតាចនៅតាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាសនិងស្ថាប័នដទៃទៀត គឺជាផ្នែកមួយដែលត្រូវការឱ្យយើងយកចិត្តទុកដាក់ និងការកែលម្អជាបន្ទាន់ចំពោះការចររាចរណ៍ស្បៀងអាហារ និងសុវត្ថិភាពស្បៀងអាហារសម្រាប់ខេត្តដែលមានចំនួនដង់ស៊ីតេប្រជាជនខ្ពស់ផងដែរ។

លោកដូច្នេះថា៖«បញ្ហានេះ តម្រូវ ឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែសង្វាក់ផលិតកម្មស្បៀង អាហារ និងសុវត្ថិភាពស្បៀងអាហារ ទៅដល់អ្នកប្រើប្រាស់ព្រោះ សុវត្ថិភាពស្បៀងអាហារ គឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង ខណៈលោកក៏ស្នើដល់បណ្តារផ្នែកពាក់ព័ន្ធ ទាំងអស់ត្រូវបង្កើនយុទ្ឋនាការផ្សព្វផ្សាយដល់កម្មករ បុគ្គលិក និយោជិក ដែលកំពុងធ្វើការទៅតាមរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា និងប្រជាពលរដ្ឋទូទៅឱ្យផ្លាស់ប្តូរឥរិយាបទមកទទួលទានអាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិ ចិញ្ចឹមគ្រប់គ្រាន់ និងចំរុះមុខ ដើម្បីមានសុខភាពល្អ និងបង្កើនប្រសិទ្ធភាពការងារ» ។

លោកក៏បានអះអះអាងដែរថា រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត ឱ្យបានឆាប់ ដើម្បីចូលរួមរៀបចំនូវជម្រើសគោលនយោបាយ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ដោយផ្តោតសំខាន់លើរបបអាហារសុខភាព និងសុវត្ថិភាពចំណីអាហារនៅតាមទីផ្សារ រោងចក្រ សហគ្រាស សាលារៀន និងការគ្រប់គ្រងបរិស្ថាន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់អភិវឌ្ឍន៏ថ្មីៗ សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ពលរដ្ឋគ្រប់រូប ពិសេសស្ត្រី និងកុមារផងដែរ។

ជុំវិញការលើកឡើងនេះដែរឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ បានឱ្យដឹងថា​ បើ ក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ២២ភាគរយ មានភាពក្រិសក្រិន ចំនួន ១៦ភាគរយ មានទម្ងន់មិនគ្រប់ ចំនួន ៩.៨ភាគរយ មានភាពស្ថមស្គាំង ។លោកបានសង្កត់ធ្ងន់ដែរថា ពង្រឹងប្រព័ន្ធស្បៀង គឺជា​មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកប​ដោយចីរភាព។​ លោក ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នា “បញ្ចប់​​ភាព​អត់​ឃ្លាន,សម្រេចឱ្យ​បានសន្តិសុខ​ស្បៀងនៅកម្ពុជា។

អ្នកជំនាញឱ្យដឹងថា អាហារគ្មានសុវត្ថិភាព បានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ហើយបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។ ជាមួយគ្នានេះ ក្រុមមនុស្សចំនួន ៥ ប្រភេទ ងាយរងគ្រោះខ្លាំងជាងគេ គឺទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាមុខសញ្ញាជនងាយរងគ្រោះ នៃបញ្ហាម្ហូបអាហារគ្មានសុវត្ថិភាព៕

ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner