រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញដល់និសិ្សតជំនាន់ទី០៣ នៃសាលាជាតិកសិកម្មព្រែកលៀប ខិតខំព្យាយាម តស៊ូ ដើម្បីអភិវឌ្ឍន៍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលដែលមានសក្តានុពល ផ្នែកចំណេះជំនាញ បទពិសោធន៍ ក្រោយពីត្រឡប់មកមាតុភូមិវិញ
នៅសាលាជាតិកសិកម្មព្រែកលៀប នាព្រឹកថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ដែលនឹងត្រូវចេញដំណើរទៅហាត់ការសម្រាប់ឆ្នាំសិក្សា២០១៩ -២០២០ ជំនាន់ទី០៣ ចំនួន៥១នាក់ នៅប្រទេសអ៊ីស្រាអែល។
លោកបណ្ឌិត ធន់ វឌ្ឍនា នាយកសាលាជាតិកសិកម្មព្រែកលៀប បានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១៧ សាលាជាតិកសិកម្មព្រែកលៀប បានចាប់ផ្តើមបញ្ជូននិស្សិតចំនួន ១០នាក់ ជារៀងរាល់ឆ្នាំឲ្យទៅធ្វើកម្មសិក្សារយ:ពេល១១ខែ នៅប្រទេសអ៊ីស្រាអែល តាមរយ:កូតារបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ក្នុងឆ្នាំ២០១៩ សាលាបានចុះអនុស្សរណយោគយល់គ្នា (MOU) ជាមួយ Sedot Regional Council Israel Center (SRCIC) លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្ម ហើយជាក់ស្តែងឆ្នាំទី១ នៃការអនុវត្ត MOUនេះ សាលា និងSRCIC បានសម្រេចបង្កើនចំនួននៃការជ្រើសរើសនិសិស្សិតរហូតដល់៥១នាក់ ឲ្យទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែល តាមមុខវិជ្ជារៀងៗខ្លួន ដែលក្រុមទី១ នឹងត្រូវចេញដំណើរនៅថ្ងៃទី១០ ហើយក្រុមទី២ នៅថ្ងៃ១៧ ខែកញ្ញាខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាជាតិកសិកម្មព្រែកលៀប ដែលបានខិតខំស្វះស្វែងរកដៃគូទាំងក្នុង និងក្រៅប្រទេស ដើម្បីទទួលបាននូវជំនួយឧបត្ថម្ភ គាំទ្រក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលជាទំពាំងស្នងឫស្សីរបស់ជាតិយើង។ ជាក់ស្តែង លទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ សាលាទទួលបានការគាំទ្រ និងឱកាសជាបន្តបន្ទាប់ផ្តល់ដល់និស្សិតខ្មែរយើងទៅធ្វើការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ មានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងភាតរបរិស្ថាន នៅបណ្តាប្រទេសដែលកំពុងមានការជឿនលឿនក្នុងវិស័យកសិកម្ម ដូចជាប្រទេសអ៊ីស្រាអែលនេះតែម្តង។ ហើយនេះក៏ជាឱកាសរបស់ក្មួយៗដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងទាំងក្នុងបន្ទប់សិក្សា ក្នុងមន្ទីរពិសោធន៍ និងនៅចំការ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ: SRCIC ដែលបានយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសដល់និស្សិតយើងទៅធ្វើកម្មសិក្សា។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនដោយសង្ខេបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាពិសេសវិស័យកសិកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ តែទោះជាយ៉ាងណា យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ ដែលទាមទារចាំបាច់ធនធានុមនុស្សពោរពេញដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ:។ ដូច្នេះ និស្សិតគ្រប់រូបត្រូវឆ្លៀតយកឱកាសដ៏ប្រពៃនេះ ខិតខំព្យាយាម តស៊ូ ដើម្បីអភិវឌ្ឍន៍ និងធ្វើនវានុវត្តន៍ខ្លួនឯងឲ្យក្លាយជាបុគ្គលដែលមានសក្តានុពលផ្នែកចំណេះជំនាញ បទពិសោធន៍ បុគ្គលដែលមានតម្លៃសម្រាប់ខ្លួនឯង និងសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។
ឯកឧត្តមរដ្ឋមន្រ្តី បានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្មួយៗ នឹងខិតខំប្រឹងប្រែងតស៊ូ លះបង់ ព្យាយាមធ្វើការ ដើម្បីអនាគតខ្លួនផ្ទាល់ និងកិត្តិយសជាតិផង ហើយលោកសូមជូនពរឲ្យក្មួយៗនិស្សិតទាំងអស់ទទួលបានជោគជ័យល្អប្រសើរ មានសុវត្ថិភាព និងសូមទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនក្នុងឱកាសស្នាក់នៅ និងបំពេញការងារនៅប្រទេសអីស្រាអែល៕