អភិបាលខេត្តសៀមរាប ចុះពិនិត្យមើលស្ថានភាពស្រូវដែលរងផលប៉ះពាល់ ដោយភាពរាំងស្ងួត នៅឃុំព្រៃជ្រូក ស្រុកពួក

អត្ថបទដោយ៖
Kien Sereyvuth

ក្រោយពីទទួលរងភាពរាំងស្ងួត ក៏មានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅគ្រប់តំបន់ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេលជិតមួយអាទិត្យមកនេះ បានធ្វើឲ្យដំណាំស្រូវដែលទទួលរងគ្រោះទាំងនោះ មានភាពលូតលាស់ខៀវស្រងាត់ឡើងវិញ។ ដោយការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅចុងសប្តាហ៍នាថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម បានចុះពិនិត្យមើលអំពីស្ថានភាពដំណាំស្រូវ នៅក្នុងឃុំមុខប៉ែន និងឃុំព្រៃជ្រូក ស្រុកពួក ដែលទទួលរងគ្រោះធ្ងន់ជាងបណ្តាស្រុកដទៃទៀត។

លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក បានឲ្យដឹងពីការងារបង្កបង្កើនផលទូទាំង ស្រុកពួក ក្នុងរដូវវស្សាឆ្នាំ២០១៩នេះ ធ្វើបានសរុប២៥ពាន់២៥០ហិកតា តែដោយរដូវប្រាំងបានអូសបន្លាយរយៈពេលយូរ និងខ្វះខាតនូវទឹកស្រោចស្រព និងគ្មានទឹកភ្លៀងធ្លាក់ផងនោះ បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវសរុប ៨ពាន់៥២៥ហិកតា ក្នុងនោះធ្វើឲ្យដំណាំស្រូវស្រាលមាន២ពាន់៤៤០ហិកតា ដែលដល់ពេលចេញផ្លែហើយ បានជួបនូវគ្រោះរាំងស្ងួតបណ្តាលឲ្យខូចខាត។ លោកបន្តទៀតថា ក្រោយពេលទទួលបានរបបទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យស្រូវដែលទទួលរងនូវ ផលប៉ះពាល់ទាំងនោះ មានសភាពលូតលាស់ល្អមកវិញ តែស្រូវខ្លះបានហួសរយៈពេលនៃការលូតលាស់ផងដែរ។

ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា តាមការពិនិត្យពីស្ថានភាពនៃវាលស្រែរបស់បងប្អូនប្រជាកសិករ គឺពួកគាត់ធ្វើស្រែ ពុំមានទំនប់ទប់ស្កាត់ តម្កល់ទឹកទុកក្នុងស្រែ ដែលធ្វើឲ្យដីស្រែរបស់បងប្អូនគ្មានទឹកដក់នៅ សម្រាប់ចិញ្ចឹមស្រូវ។ ម៉្យាងទៀតដោយបងប្អូនប្រជាកសិករគាត់គិតមិនដល់អំពីអត្ថប្រយោជន៍ក្នុងការធ្វើប្រព័ន្ធភ្លឺស្រែរបស់ខ្លួន នៅពេលដែលបងប្អូនធ្វើការដាក់ជីស្រែ តែគ្មានភ្លឺបិទបាំង ពេលទឹកចូលមកដល់នោះ ជីទាំងនោះទឹកនឹងហូរនាំទៅអស់ពីស្រែរបស់បងប្អូន។ ក្នុងនោះដែរឯកឧត្តមក៏មានការព្រួយបារម្ភ ចំពោះដំណាំស្រូវដែលរងផលប៉ះពាល់ ហើយបានទទួលទឹកភ្លៀងនាពេលនេះ  ស្រូវមួយចំនួនបានហួសពេលនៃការលូតលាស់ ដែលធ្វើឲ្យខាតបង់ពេលវេលា ក្នុងការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ព្រមទាំងមិនបានទទួលភោគផលទៀតផង។

ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ ក៏ដូចមន្ទីរជំនាញពាក់ព័ន្ធ គឺត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាស្រូវពូជ របស់រាជរដ្ឋាភិបាល ដែលបានចែកជូនបងប្អូននាពេលកន្លងមក ដើមី្បធ្វើការស្តាឡើងវិញ ក្នុងការងារបង្កបង្កើនផលរបស់បងប្អូននៅពេលខាងមុខនេះ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់មន្ទីរធនធានទឹក ឧតុនិយមខេត្ត ត្រូវយកចិត្តទុកដាក់ និងពិនិត្យ គ្រប់គ្រងប្រព័ន្ធស្រោចស្រពដែលមានស្រាប់ និងមានវិធានការក្នុងការទប់ស្កាត់ ថែរក្សាតម្កល់ទឹកទុកដើមី្ប ធ្វើការផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ក្នុងការស្រោចស្រពស្រូវបណ្តេញទឹក និងស្រែប្រាំង។

ឯកឧត្តមក៏បានធ្វើការ អំពាវនាវដល់ប្រជាពលរដ្ឋ និងប្រជាកសិករទាំងអស់ ត្រូវចូលរួមក្នុងការថែរក្សាទឹកនៅតាមប្រឡាយ បឹងបួរ មិនត្រូវធ្វើការ ប្រើប្រាស់ខ្ជះខ្ជាយ ឬកាប់បង្ហូរទឹកចោលឡើយ គឺយើងត្រូវយកទឹកទាំងនោះប្រើប្រាស់ឲ្យសុពលភាពមុនហូរចោលទៅបឹងទន្លេសាប ព្រមទាំងត្រូវចេះជ្រើសរើសគ្រប់ពូជ ក្នុងការដាំដុះ រួមទាំងការប្រើប្រាស់ជីផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner