ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះធម្មជាតិចំនួន៣៨០គ្រួសារក្នុងស្រុកពួក ទទួលបានអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត
បងប្អូនប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ និងរងគ្រោះធម្មជាតិ ចំនួន៣៨០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកពួក ខេត្តសៀមរាប ត្រូវបានទទួលអំណោយរបស់រាជរដ្ឋាភិបាល ដែលផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានកន្ទេល មុង ភួយ ។ល។ ត្រូវបានប្រគល់ជូន ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មេឃុំ កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តដំណាក់ចន្ទារាម ហៅវត្ត ត្រគៀត ស្ថិតនៅភូមិត្រគៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានបញ្ជាក់ថា វិស័យសុខុមាលភាពសង្គម គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៨ របស់មន្ទីរ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការរងគ្រោះគ្រប់មុខសញ្ញា ដែលវិស័យសង្គមកិច្ចយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាជួបការលំបាករបស់បងប្អូន សំខាន់ជនរងគ្រោះ និងងាយរងគ្រោះ។
ក្នុងនោះដែរលោក ក៏បានលើកនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំខាន់ចំពោះបងប្អូនជាស្ត្រី កម្មការី និងប្រជាពលរដ្ឋក្រីក្រ ត្រូវបានទទួលនូវបេឡាជាតិរបបសន្តិសុខសង្គម។ លោកក៏បានបញ្ជាក់អំពីសកម្មភាពក្នុងការ ចុះចែកអំណោយ ជាសម្ភារ គ្រឿងឧបភោគបរិភោគដល់ចាស់ជរា ពិការក្រីក្រ និងរងគ្រោះធម្មជាតិឆ្នាំ២០១៩នេះ បានចំនួន៥៧៩គ្រួសារ លើក្រុង ស្រុកចំនួន៦ នៃខេត្តសៀមរាប។
ឯកឧត្តម ទៀ សីហា ក្នុងនាមអាជ្ញាធរខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ នូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដែលជួបលំបាក រងគ្រោះធម្មជាតិ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសាររងគ្រោះអត់អាហារនោះឡើយ។
ឯកឧត្តមក៏បានសម្តែង ការអាណិតអាសូរ ចំពោះបងប្អូនដែលជួបការលំបាក សំខាន់គ្រួសារទទួលរងគ្រោះដោយធម្មជាតិ ដែលធ្វើឲ្យភោគផលដំណាំស្រូវបងប្អូនខូចខាតនាពេលកន្លងមក ដោយកង្វះទឹកស្រោចស្រព។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបញ្ឈប់នូវការកាប់រានព្រៃលិចទឹក ដើមី្បយកដីធ្វើជាកម្មសិទ្ធិ ឬ លក់ឲ្យពួកឈ្មួញ ដោយព្រៃលិចទឹក បានផ្តល់នូវទីជម្រកត្រី គ្រប់ប្រភេទពងកូន និងជាទីជម្រកសត្វស្លាបគ្រប់ប្រភេទ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ