ក្រសួងការងារចេញសេចក្តីថ្លែងការណ៍ពីការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍

ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានការឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។

ការិយាល័យអ្នកនាំពាក្យបានធ្វើការ បញ្ជាក់ជូនដូចខាងក្រោម៖
១)ករណីឃុំខ្លួនអតីតបុគ្គលិកឈ្មោះ ឈឹម ស៊ីថរ ជាថ្មីម្តងទៀតនេះ គឺពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ច នៃការត្រួតំពិនិត្យតាមផ្លូវតុលាការ ដោយមិនមានការពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងាររួម នោះទេ។
២)ករណីវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានខិតខំធ្វើការសម្របសម្រួល ផ្សះផ្សា និង ដោះស្រាយតាមនីតិវិធីច្បាប់ ដោយយកចិត្តទុកដាក់ជាទីបំផុត ហើយដំណើរការដោះស្រាយនេះ ដល់ដំណាក់កាលចុងក្រោយនៃនីតិវិធីដោះស្រាយវិវាទការងាររួម ដែលត្រូវបានកំណត់ដោយច្បាប់ ជាធរមាន។ ទោះជាយ៉ាងនេះក៏ដោយក្រសួងនៅតែបន្តប្រើប្រាស់នូវយន្តការអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (អ.គ.ក.ប.) ដើម្បីបន្តសម្របសម្រួលវិវាទនេះ ក្រៅប្រព័ន្ធតុលាការស្របតាមឆន្ទៈគូភាគី ដោយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្របសម្រួលចំនួន ២១លើក ក្នុងនោះ មានអតីតបុគ្គលិកចំនួន ២៤៩នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់ កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ ត្រឹម ១២៤នាក់។

ក្រសួងនឹងបន្តរៀបចំកិច្ចប្រជុំ និងសម្របសម្រួលករណីវិវាទនេះជាបន្តទៀត ហើយក្នុងករណីដែល ភាគីវិវាទទាំងពីរនៅតែមិនអាចរកដំណោះស្រាយ និងសម្របសម្រួលគ្នាបាននោះ ក្រសួងសូម លើកទឹកចិត្តឱ្យភាគីទាំងពីរយកករណីវិវាទនេះប្ដឹងទៅតុលាការដើម្បីជម្រះសេចក្តី ស្របតាមបទ ប្បញ្ញត្តិនៃការដោះស្រាយវិវាទការងាររួមជាធរមាន ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner