ក្រសួងពាណិជ្ជកម្មប្តេជ្ញាលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញាពាណិជ្ជកម្ម
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាពាណិជ្ជកម្មនៅក្នុងស្រុកតាមរយៈផែនការសកម្មភាពកន្លងមក និងប្តេជ្ញាពង្រឹងវិស័យនេះបន្ថែមដែលជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាឯកឧត្តម អ៊ុក ប្រជា កាលពីថ្ងៃទី២៩ខែវិច្ឆកា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងនិងស្ថាប័នពាក់ព័ន្ធជុំវិញការអភិវឌ្ឈន៍វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។
លោកលើកឡើងថា ៖ «ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះ គឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផងជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តរ-រដ្ឋាភិបាល កម្រិតអន្តរ-ក្រសួង ជាពិសេសវិស័យឯកជន» ។
លោកគូសបញ្ជាក់ថា ក្នុងកិច្ចការលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព។ ក្រសួងក៏បានកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ព្រមទាំងការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានាផង។
កម្ពុជាក្នុងពេលបច្ចុប្បន្ន អាចត្រូវបានចាត់ទុកជាប្រទេសលំដាប់ទីពីរក្នុងតំបន់អាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿនជាងគេ ដោយប្រើរយៈពេលនេះមកត្រឹមចន្លោះពី ៥ ទៅ ៧ខែ ក្នុងការចុះបញ្ជីម៉ាកសញ្ញា ដែលលឿនជាងមុនប្រមាណ ២ខែ។
ជុំវិញបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា ស្ថានភាពការអនុវត្តច្បាប់លើវិស័យកម្មសិទ្ធិបញ្ហានៅកម្ពុជាហាក់នៅមានកម្រិតទាបខ្លាំងនៅឡើយ ខណៈការលួចចម្លងស្នាដៃ ម៉ាកសញ្ញា ជាដើមមានការផុសផុលខ្លាំងនៅកម្ពុជា ខណៈមិនមានចំណាត់ការធ្ងន់ធ្ងរណាមួយលើអ្នកប្រព្រឹត្តបទល្មើសនេះទាល់តែសោះ ខណៈកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាដ៏សមរម្យនិងល្អទៅហើយ។
នៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល ដែលកំណើននៃការរំលោភកម្មសិទ្ធិបញ្ញានេះកាន់តែកើនឡើង លោកបណ្ឌិត មាស នី អំពាវនាវឲ្យមានការអនុវត្តច្បាប់ននិងយន្តការស្តីពីកម្មសិទ្ធិបញ្ញានេះឲ្យមានប្រសិទ្ធិភាពខ្ពស់ បន្ថែមលើច្បាប់និងអនុសញ្ញានានាដែលបានស្រាប់ ដែលលោកសង្កត់ធ្ងន់ថា បើគ្រាន់តែមានការបង្កើតច្បាប់ច្រើនទៅៗ ប៉ុន្តែគ្មានការអនុវត្ត នោះបញ្ហានេះនឹងនៅតែចោទឡើងជាធម្មតា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកមេធាវី សុក សំអឿន យល់ថា ច្បាប់ស្តីពីវិស័យកម្មសិទ្ធិបញ្ញារបស់កម្ពុជាគឺមានភាពសមល្មមទៅតាមបរិបទសម័យកាលទៅហើយ ប៉ុន្តែនៅមានចន្លោះខ្វះខាតលើការអនុវត្តច្បាប់ទៅវិញទេ និងមួយវិញទៀតគឹភាពខ្វះចន្លោះនៃការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនទូទៅបានយល់ដឹងពីទិដ្ឋភាពច្បាប់កម្មសិទ្ធិបញ្ញានានា។
លោកមេធាវីនិងជាអ្នកឃ្លាំមើលការអនុវត្តច្បាប់នៅកម្ពុជាចាស់វស្សាររូបនេះ ផ្តល់គំនិតដល់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគិតគូរប្រែសម្រួលមធ្យោបាយផ្សព្វផ្សាយទិដ្ឋភាពច្បាប់លើវិស័យកម្មសិទ្ធិបញ្ញានេះឱ្យបានទូលំទូលាយ និងជាពិសេសស្ថាប័នមានសមត្ថកិច្ចគួរជួយសម្រួលដល់ការដាក់ពាក្យស្នើសុំជុំវិញរបបកម្មសិទ្ធិបញ្ញានេះផងដែរ ដែលលោកមើលឃើញថាអាចកែប្រែដើម្បីលើកស្ទួយវិស័យនេះនៅក្នុងស្រុកដើម្បីជាប្រយោជន៍ដល់អភិក្រមសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្ម។
គួរជម្រាបជូនផងដែរថា យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញាកម្ពុជា បច្ចុប្បន្ន កម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាចំនួនបួន សំខាន់ៗ រួមមាន៖ ទី១ ច្បាប់សី្តពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលត្រូវបាន ប្រកាសអោយប្រើបា្រស់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២ បានបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក ។ ទី២ ច្បាប់សី្តពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ច្បាប់នេះត្រូវបានប្រកាសអោយប្រើប្រាស់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ។ ទី៣ ច្បាប់សី្តពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០០៣ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការពារសិទិ្ធនេះ និងទី៤ ច្បាប់សី្តពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា