យុវជនខ្មែរមួយចំនួន ចង់ឃើញគុនល្បុក្កតោទទួលបានការគាំទ្រកាន់តែទូលាយថែមទៀត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គុនល្បុក្កតោជាក្បាច់គុនបុរាណរបស់ខ្មែរ ដែលមានវត្តមាននៅក្នុងសង្គមខ្មែរជាច្រើនសតវត្ស មក​ហើយ។គុនល្បុក្កតោត្រូវបានចុះចូលទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្ស​ជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុកកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២២។ ការដាក់បញ្ចូលនេះធ្វើឡើងនាកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើ​ម្បីការការពា​របេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។

ប្រជាជនខ្មែរជាច្រើននាក់បានសម្ដែងនូវការសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។ តាមរយៈយុរវជនមួយក្រុមបន្ទាប់ពី​ឃើញ​សមិទ្ធផល​ដ៏ត្រចះត្រចង់នេះបានស្នើឱ្យរដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយពីល្បុក្កតោ ប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់។

លោក ហុង សេរីហ្វុង ជានិស្សិតសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញនូវការស្ញប់ស្ងែង និងរំភើបព្រោះលោកយល់ថា នេះជាធានាបាននូវការថែរក្សាអ្វីដែលដូនតាខ្មែរបន្សល់ទុកឱ្យ។ ប៉ុន្តែយ៉ាងណាលោកចង់ឃើញមានការយកចិត្តទុកដាក់បន្ថែមមួយកម្រិតទៀតលើគុនល្បុក្កតោនេះ ដើម្បីឱ្យប្រជាជនខ្មែរបានយល់ដឹងពីសម្បត្តិរបស់ខ្លួនបន្ថែម។

លោក ហុង សេរីហ្វុងនិយាយថា៖ «ខ្ញុំចង់ឃើញឱ្យមានការការបង្ហាត់គុនល្បុក្កតោទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ដើម្បីឱ្យកូនខ្មែរក៏ដូចជាជនបរទេសដែលស្រឡាញ់គុនល្បុក្កតោបានយល់ដឹង ប្រើប្រាស់ និងផ្សព្វផ្សាយគុនល្បុក្កតោឱ្យកាន់តែទូលំទូលាយ»។

ស្រដៀងគ្នានេះ លោក ហៀម ដារ៉ូ ដែលជាកីឡាករប្រភេទកីឡាការ៉ាតេ ក៏បង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីបាន ដឹងថាគុនល្បុក្កតោមួយទៀត ត្រូវបានបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

លោក ហៀម ដារ៉ូ​ និយាយថា៖ «ក្នុងនាមខ្ញុំជាអ្នកចូលចិត្តលេងកីឡាដែរនោះ ខ្ញុំសប្បាយចិត្តជាខ្លាំងបន្ទាប់ពីល្បុក្ក តោបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក…វាជាមោទនភាពដ៏ធំធេងមួយសម្រាប់យើង ដែលជាប្រជាជនកម្ពុជា»។

ក្រោយពីបានចូលទៅក្នុងបញ្ជីយ៉ាងដូច្នេះហើយ លោកក៏រំពឹងថាគុនល្បុក្កតោ នឹងមានភាពល្បីរន្ទឺពាសពេញពិភព​លោក ហើយទទួលបានការយកចិត្តទុកដាក់ពីប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកាន់តែច្រើន ជាពិសេសគឺពង្រីកវិសាលភាពនៃគុនល្បុក្កតោតែម្ដង។

យុវជន ហេង សីហៈ ជានិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង លើកឡើងថា៖«​ការបញ្ចូល​ល្បុក្កតោនេះក្នុងយូណេស្កូជារឿងគួរឱ្យត្រេកអរ ប៉ុន្តែបើគ្រាន់តែបញ្ចូលបើយើងជាម្ចាស់ រដ្ឋាភិបាល​ជាម្ចាស់ មិនបានគិតគូរជ្រោមជ្រែង នោះក៏គ្មានប្រយោជន៍អីដែរ។​ខ្ញុំឃើញសាលារៀននៅវៀតណាម​នៅថៃគេបង្ហាត់គុណរបស់គេដល់សិស្ស។ចុះសាលាខ្មែរមានអី?ខ្ញុំថាបើចង់ឱ្យរាជរដ្ឋាភិបាលត្រូវចេញមុខរុញ ឱ្យរីកចម្រើន។ បងមើលចាប៉ីដែលបញ្ចូលក្នុងអង្គការហ្នឹងដែរ មានរីកអី​ទៅណា​ ? ឯណាសាលាចាប៉ី? តាំងពីចូលមកល្បីយ៉ាងម៉េច អត់ទេខ្ញុំឃើញទ្រឹងមួយកន្លែង»។

កញ្ញា ពេជ្យ ចរណៃ ឯណោះវិញដែលជាកីឡាការនីល្បុក្កតោ និងដែលត្រូវបានមនុស្សភាគច្រើនស្គាល់ ថាជាអ្នកហាត់ល្បុក្កតោដ៏ពូកែមួយរូបបានសរសេរសំណេរបង្ហោះតាមបណ្ដាញសង្គមពីអារម្មណ៍រំភើប ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេល៨ឆ្នាំរបស់ខ្លួន ខណៈដែលខ្លួនកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។

កញ្ញាក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់រូបដែលមានចំណែកក្នុងការខិតខំ ដាក់ស្នើរប្រភេទគុនល្បុក្កតោចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាពិសេសគ្រូដឹកនាំ គ្រូបង្វឹក ដែលបានចំណាយពេលបង្ហាត់បង្រៀនអស់ជាច្រើនឆ្នាំមកនេះ។

ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯណោះវិញ ក៏បានសាទរចំពោះជោគជ័យដែលបាន​មកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងអំពាវនាវឱ្យមានការចូលរួមថែរក្សា​សម្បត្តិដ៏ផូផង់​នេះពីប្រជាជនគ្រប់រូបផងដែរ។

សមទ្ធិផលថ្មីនេះ កើតឡើងដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំង​ការខិត​ខំប្រឹងប្រែងរបស់​សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវ​បាន​អភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួររំលឹកថា សម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួមមាន៖

ផ្នែករូបីមានដូចជា៖ ប្រាសាទនៅតំបន់អង្គរ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារ ត្រួវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨។ សារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩ ។ ប្រាសាទសម្បូរព្រៃគុក ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៧។

ផ្នែកអរូបីមានដូចជា៖ របាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣។ ល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់បញ្ចូលកាលពី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥។ រឿងរាម​កេរ្តិ៍​តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤។ ល្បែងទាញ​ព្រ័ត្រ ត្រូវបាន​ដាក់បញ្ចូលកាលពី ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៥ ។ ចាប៉ីដងវែង ត្រូវបានដាក់បញ្ចូល​កាលពីថ្ងៃទី​៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ ល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃ​មនុស្ស​ជាតិនាថ្ងៃទី ២៨ ខែ វិច្ឆិកាឆ្នាំ ២០១៨ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស និងគុនល្បុក្កតោនៅថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ២០២២នេះ៕

ដោយ៖ កែវ បុស្បា

ads banner