ក្រសួងសុខាភិបាល ហាមប្រើប្រាស់ផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថចំនួនបួន ប្រភេទ
ភ្នំពេញ៖ផលិតផលបំប៉នសុខភាព ផលិតផលគ្រឿងសម្អាង និងឱសថ ចំនួន៤ ប្រភេទ ត្រូវបានក្រសួងសុខាភិបាលជូនដំណឹងទៅដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់និងទិញផលិតផលទាំងនេះ ដោយសារគ្មានលេខប្រវេទន៍ និងលេខបញ្ជិការទទួលស្គាល់ពីក្រសួងនោះឡើយ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងបានហាមឃាត់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព L.G.K, ឱសថឈ្មោះ MIRACLES, ឱសថឈ្មោះ KAMIN CHUN និងគ្រឿងសម្អាងឈ្មោះ I Care & Tcare Pharma ដែលផលិតផល និងឱសថទាំងនេះគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងឡើយ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលបំប៉នសុខភាពក្នុងប្រទេសកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ៖ «ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ញិកាដែលមាន បិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក គឺមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណឱសថ និងមានលេខបញ្ជិកា ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល»។
ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយផលិតផល បំប៉នសុខភាពគ្មានលេខបញ្ញិកាទាំងនេះជាបន្តទៀតឡើយ និងមិនត្រូវប្រើប្រាស់ផលិតផលទាំងនេះទេ ដោយសារផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលក៏តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ញិកា និងលេខប្រវេទន័ទាំងនេះជាបន្ទាន់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ៖ «ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលដែលគ្មានលេខបច្ឆិកាខាង លើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន»។
លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង ធ្លាប់បានលើកឡើងថា គ្រប់ឱសថទាំងអស់មុននឹងការចរាចរនៅក្នុងប្រទេសកម្ពុជា គឺត្រូវការចុះបញ្ជិកាឱ្យបាន១០០ភាគរយ គឺមុននឹងដាក់លក់នៅលើទីផ្សារ។
លោកបានថ្លែងថា ៖ «សូមកុំមានការគិតថា ឱសថនៅក្នុងប្រទេសកម្ពុជាយើងអន់ ឬប្រទេសណាផ្សេងល្អនោះទេ គឺសុទ្ធតែឱសថមានគុណភាពដូចគ្នាទាំងអស់មុននឹងធ្វើការដាក់លក់នៅលើទីផ្សារ។ សុំកុំឱ្យមានការយល់ឃើញថាទាល់តែឱសថនៅបរទេសទើបល្អនោះទេ»។
លោក ហេង ប៊ុនគៀត បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង តែងតែយកចិត្តទុកដាក់ និងខិតខំលើបញ្ហានេះ ហើយមួយវិញទៀតមិនមែនក្រសួងទុកចោលនោះទេនៅពេលដែលឱសថទាំងអស់បានដាក់លក់នៅលើទីផ្សារហើយនោះ។
លោកថា ៖ «យើងនៅតែបន្តធ្វើការពិនិត្យ និងយកឱសថដែលដាក់លក់ ទៅពិនិត្យដើម្បីផ្ទៀងផ្ទាត់ថា តើផលិតផលឱសថនោះនៅតែរក្សាគុណភាព១០០ភាគរយដូចដើមឬទេ?។ យើងតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយសុំកុំភ័យព្រួយពីគុណភាពរបស់ឱសថ»៕ ដោយ៖នាង សុគន្ធា







