ខេត្តកំពង់ស្ពឺ រៀបចំមហោស្រពខ្លែងខ្មែរ ដើម្បីត្រៀមទៅចូលរួមប្រកួតថ្នាក់ជាតិ
(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហោស្រពបង្ហោះខ្លែងខ្មែរលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅបរិវេណកីឡដ្ឋានខេត្ត ក្នុងសង្កាត់ ក្រុងច្បារមន ដើម្បីជ្រើសរើសយកខ្លែងដែលមានភាពល្អឯកទៅចូលរួមប្រកួតថ្នាក់ជាតិ ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានលើកឡើងថា ការរៀបចំមហោស្រពបង្ហើរខ្លែងនេះក្នុងគោលបំណងថែរក្សា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិយើង និងជំរុញលើកកម្ពស់វិស័យទេសចរណ៍ខេត្តក៏ដូចជាបង្កការសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនាកំសាន្តសប្បាយ ។ សម្រាប់មហោស្រពបង្ហើរខ្លែងខ្មែរថ្ងៃនេះគឺមានខ្លែងឯកចំនួន១៤មកពីតាមបណ្តាស្រុកនានាក្នុងខេត្តដែលបានចូលរួមប្រកួតប្រជែង។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងថា នេះជាលើកទី១ហើយសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានប្រារព្ធពិធីបើកមហោស្រពបង្ហោះខ្លែងខ្មែរប្រចាំឆ្នាំ២០២២ ហើយការប្រារព្ធនេះដែរ គឺជាការចូលរួមចំណែកអនុវត្តន៍គោលនយោបាយជាតិវិស័យវប្បធម៌ ក្នុងន័យជំរុញអោយព្រះរាជាណាចក្រកម្ពុជា ក្លាយជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌អោយបានទូលំទូលាយ ។
បើយោងតាម កម្រងឯកសារស្តីពីប្រពៃណី និងទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានលើកឡើងថា «ប្រពៃណីនៃការបង្ហើរខ្លែង បានឆ្លុះបញ្ចាំងនូវចរិតរបស់សង្គមខ្មែរ ដែលរស់នៅផ្សាភ្ជាប់នឹងធម្មជាតិ ទទួលឥទ្ធិពលពីធម្មជាតិ និងប្រើប្រាស់ថាមពលធម្មជាតិសម្រាប់បម្រើដល់ការរស់នៅនិងការកម្សាន្ត ។ ម្យ៉ាងទៀត ប្រពៃណីនៃការបង្ហើរខ្លែង មិនគ្រាន់តែជាពិធីមួយធ្វើឡើងសម្រាប់ជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីមួយសម្រាប់គោរពបូជាដល់សាសនាផងដែរ ដែលប្រជាជនខ្មែរធ្លាប់ជឿនិងគោរពតាំងពីដើមរៀងមកគឺព្រហ្មញ្ញសាសនា នឹងព្រះពុទ្ធសាសនា ៕ ម៉ុន សំអាត



