ស្ថានភាពទឹកនៅខេត្តក្រចេះ គិតត្រឹមម៉ោង២រសៀលមានកម្ពស់២២,៣៤ម៉ែត្រ
ក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិនិត្យស្ថានភាពទឹកជំនន់ និងចាក់វ៉ាក់សាំងសត្វគោក្របីជាង១ពាន់ក្បាល ចែកមុង និងថ្នាំលេប នៅទីទួលសុវត្ថិភាព ទួលតាឃីន ស្ថិតក្នុងឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ឯកឧត្តម វ៉ា ថន បានមានប្រសាន៍ថាក្នុងចំណោមក្រុងស្រុកទាំង៦ ខេត្តក្រចេះមានស្រុកក្រុងចំនួន៥ ទទួលរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក្នុងនោះមាន ស្រុកចិត្របុរី ព្រែកប្រសព្វ សំបូរ ស្រុកឆ្លូង និងក្រុងក្រចេះ។ ក្នុងនោះអាជ្ញាធរខេត្តបានចេញនូវសេចក្តីជូនដំណឹងដល់សាធារជន ផ្អាកការធ្វើចរាចតាមដងផ្លូវលេខ៧៣ ពីក្រុងក្រចេះ/ឆ្លូង ឆ្ពោះទៅស្រុកតំបែរ ត្រូវបានផ្អាកជាបណ្ដោះ អាសន្នចំពោះរថយន្តដែលផ្ទុកទម្ងន់លើស១០តោនឡើងទៅ។
ឯកឧត្តម បានបញ្ជាក់ថា ស្ថានភាពកម្រិតកម្ពស់ទឹកទន្លេមេគង្គក្រចេះ នៅស្ថានីយ៍ជលសាស្ត្រខេត្ត ទឹកបានហក់ឡើងដល់២២,៣៤ម៉ែត្រ ហើយបញ្ហាចំពោះ មុខនេះ នៅពុំទាន់ដឹងអំពីផលខូចខាតនៅឡើយទេ ដោយឡែកផលប៉ះពាល់ដល់វិស័យកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ប្រសិនបើទឹកជំនន់អូសបន្លាយយូរនោះដំណាំស្រូវ វស្សានឹងទទួលរងគ្រោះធ្ងន់។
ចំណែកពាក់ពន្ធ័បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋវិញ ឯកឧត្តម អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋនៅគ្រប់ទីទួលសុវត្ថិភាព និងតាមមូលដ្ឋានទឹកលិច និងបានធ្វើការអប់រំ ផ្សព្វផ្សាយអំពីបញ្ហាអនាម័យ ការបង្ការជំងឺឆ្លង ចែកមុង ថ្នាំ ដើម្បីការពារជំងឺគ្រុនចាញ់ និងមានមន្ត្រីប្រចាំការ២៤ម៉ោងតាមទួលសុវត្ថិភាពនីមួយៗ ដើម្បីត្រៀមជួយសង្គ្រោះបន្ទាន់ ក្នុងករណីណាមួយដែលបានកើតឡើង។
នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម វ៉ា ថន ក៏បានដឹកនាំមន្ត្រីជំនាញនៅតាមមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងក្រុងក្រចេះ បានបន្តចុះពិនិត្យស្ថានីយ៍ម៉ាស៊ីបូមទឹក និងស្ថានភាពទឹកហូរចូល នៅជុំវិញបរិវេណផ្សារសាមគ្គីក្រុងក្រចេះ និងចំណតរថយន្ត ក្នុងក្រុងក្រចេះ ដោយឯកឧត្តមក៏បានចាត់ឲ្យមន្ទីរធនធានទឹកធ្វើការ បូមទឹកចេញភ្លាមៗ។
លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា មន្ទីរបានចាប់ផ្ដើមដំណើរការបូមទឹកតាំងពីម៉ោង៩និង៣០នាទី ហើយបូមស្រកទៅវិញរយៈពេល៦ម៉ោងទៀត៕ធ.ដ
ដោយៈ ម៉េង គាង