រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើវិសោធនកម្មកែប្រែច្បាប់ចរាចរណ៍ផ្លូវគោកម្តងទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើវិសោធនកម្មកែប្រែច្បាប់ចរាចរណ៍ផ្លូវគោកម្តងទៀត ក្នុងគោលដៅដាក់ពិន័យឲ្យកាន់តែធ្ងន់ចំពោះអ្នកល្មើសច្បាប់។ ការថ្លែងបែបនេះ ត្រូវបានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ក្នុងសន្និសីទប្រចំាឆ្នាំលើកទី២ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្រោមទិសដៅ “ធ្វើការរួមគ្នា ដើម្បីសង្គ្រោះជីវិតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ន និងក្នុងទសវត្សរ៍បន្ទាប់” កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ នាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ការកែប្រែច្បាប់ចរាចរណ៍ផ្លូវគោកជាថ្មីទៀតនេះ គឺដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើនឡើងគួរឲ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណៈ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន១,០៣៣នាក់ ចំនួននេះមានការកើនឡើង១០៣នាក់ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលជាក្តីបារម្ភសម្រាប់ភាគីពាក់ព័ន្ធ។

សន្និសីទប្រចាំឆ្នាំលើកទី២នេះដែរ ធ្វើឡើងក្នុងគោលបំណងបង្កើតឱកាសជួបជុំគ្នានៃអ្នកកសាង និងអនុវត្តន៍គោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាលនានាដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល បណ្តាញអង្គការ-វិស័យឯកជនផ្សេងៗ និងយុវជន/និស្សិត ដើម្បីផ្លាស់ប្តូរចំណេះដឹង/ព័ត៌មាន និងបទពិសោធន៍នានា ព្រមទាំងធ្វើការពិភាក្សាអំពីយុទ្ធសាស្រ្ត និងសកម្មភាពដែលអាចអនុវត្តន៍ជាក់ស្តែង ក្នុងការកាត់បន្ថយការស្លាប់ និងការរងបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើន ហើយដែលនឹងរួមចំណែកពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចបាននូវគោលដៅសង្គ្រោះជីវិត ដែលប្រទេសកម្ពុជាបានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិឆ្នាំ២០១១-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ព្រមទាំងត្រៀមរៀបចំផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកទសវត្សរ៍បន្ទាប់(ឆ្នាំ២០២១-២០៣០)។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ថាបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានតួលេខខ្ពស់ខ្លាំង ដែលបញ្ហានេះ បានបង្កឲ្យមានការបារម្ភយ៉ាងខ្លាំង សម្រាប់ថ្នាក់ដឹកនាំស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ហើយវាក៏ជាក្តីបារម្ភដល់ធំបំផុតរបស់ភាគីពាក់ព័ន្ធផងដែរ។ ទាក់ទងនឹងមូលហេតុវិញ លោក គឹម បញ្ញា បានពន្យល់ថា គឺភាគច្រើនបង្កឡើងការបើកបរលើសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្ដាំ និងបត់ដោយគ្មានការប្រុងប្រយ័ត្ន និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។ ដូច្នេះដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកស្នើឱ្យភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ត្រូវរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀត ហើយក្នុងនោះក៏មានការបង្កើនការអប់រំផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner