ជនជាប់ឃុំ ពេជ្រ សូណែត ដែលសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសចំនួន១៦៦ឆ្នាំនោះ ត្រូវបានសាលាឧទ្ធរណ៍ឲ្យរួចផុតបទចោទ៨សំណុំរឿង នៅសល់ទោសតែ១៩ឆ្នាំប៉ុណ្ណោះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្តីពី “លទ្ធផលកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ និងជំនួយផ្នែកច្បាប់ ក្នុងសំណុំរឿងជនជាប់ឃុំ ព្រេជ សូណែត” បានឱ្យដឹងថា សំណុំរឿងជនជាប់ឃុំ ពេជ្រ សូណែត ដែលសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសចំនួន៩សំណុំរឿង កាលពីអំឡុងឆ្នាំ២០១៧ ដោយសរុបទោសចំនួន១៦៦ឆ្នាំនោះ ឥឡូវនេះ សាលាឧទ្ធរណ៍បានសម្រេចកាលពីថ្ងៃទី៥ ខែកញ្ញា ឲ្យរួចផុតបទចោទចំនួន៨សំណុំរឿង ពោល គឺនៅសល់ទោសចំនួន១៩ឆ្នាំប៉ុណ្ណោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារក្តីជូនពិរុទ្ធជនឈ្មោះ ពេជ្រ សូណែត សាលាឧទ្ធរណ៍បានធ្វើការប្រកាសនូវសាលដីការបស់ខ្លួន នៅថ្ងៃព្រឹកថ្ងៃទី៥ ខែកញ្ញា ដោយសម្រេចអោយឈ្មោះ ពេជ្រ សូណែត រួចផុតបទចោទចំនួន៨សំណុំរឿង ពីករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ (ប្លន់យកម៉ូតូ និងសម្លាប់ជនរងគ្រោះ) កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ជាមួយគ្នានេះ ក្រុមមេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងខិតខំធ្វើការងារបន្ថែមទៀតជាមួយពិរុទ្ធជន ពេជ្រ សូណែត ក្នុងការបន្តនីតិវិធីដាក់ពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌ជូនជនជាប់ឃុំ ដោយក្រុមមេធាវី យល់ឃើញថា ឈ្មោះ ពេជ្រ សូណែត មិនមានការជាប់ពាក់ព័ន្ធជាមួយនឹងអំពើប្លន់ម៉ូតូ និងសម្លាប់ជនរងគ្រោះនោះទេ ដោយពិរុទ្ធជន ពេជ្រ សូណែត ក៏បានបដិសេធនូវការសម្រេចរបស់ឧទ្ធរណ៍ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner