អាជ្ញាធរខណ្ឌច្បារអំពៅ ដុតកម្ទេចទូហ្គេមចំនួន១១ទូ

អត្ថបទដោយ៖
Kien Sereyvuth

ទូហ្គេមខុសច្បាប់ ប្រភេទទូហ្គេមបាញ់ត្រីចំនួន១១ទូ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ដែលបានរឹបអូសមកពីមូលដ្ឋានសង្កាត់ច្បារអំពៅទី២ និងសង្កាត់ព្រែកប្រា កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានរដ្ឋបាលខណ្ឌច្បារអំពៅ យកទៅដុតកម្ទេចចោល នាព្រឹកថ្ងៃទី៦ ខែកកញ្ញានេះ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា សម្រាប់ការបើកកន្លែងហ្គេមខុសច្បាប់ នៅក្នុងទឹកដីខណ្ឌច្បារអំពៅ ចាប់ពីពេលនេះទៅ រដ្ឋបាលខណ្ឌមិនចេញច្បាប់អនុញ្ញាតឲ្យបើកនោះទេ ដែលបញ្ហានេះនាំឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់ក្មេងៗ ក្រោយពីពួកគេបានគេចសាលាចំណាយពេលវេលា និងលុយកាក់សម្រាប់ ទៅលេងហ្គេមទាំងនោះ។ ទាក់ទងទៅនឹងអ្នកដែលមានច្បាប់កន្លងមក ត្រូវចូលរួមអនុវត្តន៍ឲ្យបានល្អទៅតាមច្បាប់កំណត់។ ប្រសិនបើនៅក្នុងអាជីវកម្មណាមួយ មានបង្កប់នូវទូរហ្គេមស៊ីសងខុសច្បាប់ រដ្ឋបាលខណ្ឌច្បារអំពៅនឹងចុះបិទ ព្រមទាំងដកហូត យកមកកម្ទេចចោលតែម្តង។

លោកអភិបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់អ្នកធ្វើអាជីវកម្មមានច្បាប់ទាំងឡាយ សូមកុំឲ្យអ្នកដែលមានពាក់ឯកសណ្ឋានសិស្សចូលលេងក្នុងម៉ោងសិក្សាជាដាច់ខាត។ ជាមួយគ្នានេះ ក៏សូមឲ្យម្ចាស់ទាំងនោះជួយសរសេរបម្រាម នៅមុខកន្លែងរបស់ខ្លួននីមួយៗ ដោយសសេរថា៖ ហាមលេងអ៊ីនធើណិតក្នុងម៉ោងសិក្សាផងដែរ។

ការសសេរដាក់ដូចនេះ ក៏ព្រោះតែកន្លងមក កម្រមានអ្នកចូលលេងទៅស្រាវជ្រាវដើម្បីជាប្រយោជន៍ដល់ការសិក្សាណាស់ គឺពួកគេគ្រាន់តែចូលទៅលេងហ្គេមតែប៉ុណ្ណោះ។ លោកអភិបាលខណ្ឌក៏បានណែនាំដល់ម្ចាស់អាជីវកម្មហ្គេមទាំងអស់ ជាពិសេសអ្នកដែលមានច្បាប់ត្រឹមត្រូវ ចូលរួមអនុវត្តឲ្យបានល្អតាមគោលការណ៍ច្បាប់ មិនត្រូវកែច្នៃពីហ្គេមកម្សាន្តឲ្យទៅជាហ្គេមស៊ីសងនោះទេ។ ចំពោះអ្នកមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែទៅសុំច្បាប់ពីមន្ទីរពាក់ព័ន្ធ បើមិនដូចច្នេះទេ រដ្ឋបាលខណ្ឌនឹងមានវិធានការទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា បច្ចុន្ននេះ គេសង្កេតឃើញមានកន្លែងបើកល្បែងហ្គេមមួយចំនួន បានបើកឲ្យលេងជាប្រភេទហ្គេមស៊ីសង ដោយបើកឲ្យចូលលេង២៤ម៉ោង លើ២៤ម៉ោង ហើយកន្លែងខ្លះនោះ ក៏មានការចែកចាយ និងប្រើប្រាស់គ្រឿងញៀនទៀតផង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner