សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន
ខេត្តត្បូងឃ្មុំ ៖ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន កាលពីថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មានប្រសាសន៍សំណេះសំណាល ដែលមានខ្លឺមសារសំខាន់ៗ មួយចំនួនរួមមាន ៖
១. សូមចូលរួមអបអរសាទរចំពោះសមាសភាពក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ដែលទទួលបានការចាត់តាំងឱ្យទទួលបន្ទុកលើការងារយុវជន ដើម្បីបន្តចូលរួមចំណែកបំពេញភារកិច្ចស្របតាមគោលការណ៍ចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជាឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសក្នុងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
២. មូលដ្ឋាន គឺជាប្រភពកម្លាំងពិតនៃជ័យជម្នះ និងភាពរឹងមាំរបស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាពដាក់ចេញនូវគោលនយោបាយបម្រើឱ្យសេចក្តីត្រូវការរបស់ថ្នាក់មូលដ្ឋានវិញ ហើយការពង្រឹងការងារយុវជននៅថ្នាក់មូលដ្ឋានរឹតតែមានសារៈសំខាន់ ខណៈដែលសន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មីកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងស្រទាប់យុវជននៅទូទាំងប្រទេស ។
៣. ការពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់នយោបាយដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយដ៏ច្បាស់លាស់សម្រាប់កម្ពុជា តាមរយៈការការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាផលបុណ្យ និងពរជ័យ ស្របតាមបំណងប្រាថ្នារបស់ប្រជាជាតិខ្មែរក្នុងការរស់នៅក្នុងសុភមង្គល និងភាពសុខសាន្ត ដោយធ្វើយ៉ាងណាចៀសឱ្យផុតពីការបែកបាក់សាមគ្គីឯកភាពជាតិ ដូចកាលពីអតីតកាលដ៏សែនជូរចត់។
៤. សូមថ្លែងអំណរគុណចំពោះគណៈពង្រឹង និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងបានជួយគាំទ្រទំនុកបម្រុងដល់ការងារយុវជន ហើយនេះគឺជាការបង្ហាញអំពីភាពខ្លាំងរឹងមាំ សាមគ្គីភាព និងស្មារតីជួយគ្នារបស់យន្តការគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក ក្នុងនាមជាកម្លាំងសរុបបម្រើឱ្យការធានាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ៕ ប្រភព ៖ ក្រុមការងារគណបក្សប្រជាជន










