ឯកអគ្គរាជទូតប៊ែលហ្ស៊ិកប្រចាំប្រទេសបួន នៅតំបន់អាស៊ាន ស្វែងយល់ពី ការងារអភិរក្សជីវៈចម្រុះ នៅកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរាជទូតប៊ែល ហ្ស៊ិកប្រចាំប្រទេស បួននៅតំបន់អាស៊ាន បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា រយៈ ពេល បីថ្ងៃ ដើម្បីស្វែងយល់ដោយផ្ទាល់នៅមូលដ្ឋានអំពីការងារអភិរក្សជីវៈចម្រុះ និងការអភិរក្សសត្វក្តាន់ និងសត្វផ្សោតនៅទន្លេមេគង្គ។

ឯកអគ្គរាជទូតប៊ែល ហ្សិកប្រចាំប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោកស្រី Sibille de Cartier d’Yves បានធ្វើដំ ណើរទស្សនកិច្ច មកកាន់តំបន់ព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងស្វែងយល់ដោយផ្ទាល់នៅមូលដ្ឋានអំពីការងារអភិរក្សជីវៈចម្រុះ ក្រោមជំនួយមូលនិធិពីរដ្ឋាភិបាលប៊ែលហ្ស៊ិក តាមរយៈអង្គការWWF ប៊ែល ហ្សិក អនុវត្តដោយអង្គការ WWF កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានអញ្ជើញទៅទស្សនកិច្ចនៅទីជម្រកសត្វក្តាន់ក្នុងតំបន់នៃដែនជម្រកសត្វព្រៃព្រែកប្រសព្វ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី និងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងដែនជម្រកកាំពីផងដែរ។

ជាមួយគ្នានេះ លោកស្រី មានឱកាសជួបផ្ទាល់ជាមួយសមាជិកសហគមន៍មូលដ្ឋានដែលចូលរួមក្នុងការអភិរក្សសត្វក្តាន់ និងសត្វផ្សោតទន្លេមេគង្គ ដើម្បីស្វែងយល់ពីកិច្ចអភិរក្សនេះ។
អង្គការ មូលនិធិ ពិភពលោក ដើម្បី ធម្មជាតិប្រចាំកម្ពុជា(WWF) ដែលបានរៀបចំដំណើរទស្សនកិច្ចនេះ បានឱ្យដឹងថា ៖«មិនតែប៉ុណ្ណោះ គណៈប្រតិភូក៏បានសំណេះសំណាល និងពិភាក្សាការងារពាក់ព័ន្ធ ការពង្រឹងការអនុវត្តច្បាប់ ការតាមដាននិងស្រាវជ្រាវជីវៈចម្រុះ និងកម្មវិធីអភិវឌ្ឍន៍ជីវភាពសហគមន៍ ដែលអនុវត្តដោយអង្គការ WWFកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់»។
WWF គូសបញ្ជាក់ថា សត្វផ្សោត ត្រូវបានចាត់ទុកថាជាបេតិកភណ្ឌជាតិមានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាមានត្រឹមតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះដែលរស់នៅក្នុងទន្លេមេគង្គចាប់ពីខេត្តក្រចេះដល់ខេត្តស្ទឹងត្រែង យោងតាមជំរឿនសត្វផ្សោតក្នុងឆ្នាំ២០២០។
WW សង្កត់ធ្ងន់ថា ៖ «ការរស់រាន្តនៃសត្វផ្សោតទន្លេមេគង្គ ត្រូវបានគំរាមកំហែងដោយ ការនេសាទខុសច្បាប់ក្នុងតំបន់ការពារ និងការសាងសង់ទំនប់វារីអគ្គីសនីផ្នែកខាងលើ ។ កិច្ចសហការរួមគ្នាបន្ទាន់ និងកាន់តែខ្លាំងឡើងជាងមុន គឺចាំបាច់ដើម្បីរៀបចំវិធានការអភិរក្សកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការពារសត្វផ្សោតឱ្យជៀសផុតពីភាពវិនាសផុតពូជ»។

អង្គការ WWFកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់មូលនិធិ និងការគាំទ្រពីរដ្ឋាភិបាលប្រទេសប៊ែលហ្សិក (DGD) តាមរយៈអង្គការWWF ប៊ែលហ្សិក សម្រាប់គាំទ្រដល់ ការអនុវត្តកម្មវិធីអភិរក្សរាប់ចាប់ពីសកម្មភាពគ្រប់គ្រងតំបន់ការពារ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាននៅក្នុងតំបន់ព្រៃលិចទឹកមេគង្គនៃប្រទេសកម្ពុជា ។
យោងតាមក្រសួង បរិស្ថាន បានឱ្យដឹងថា នៅតំបន់ព្រៃលិចទឹកមេគង្គ ក្រសួងបរិស្ថាន និងអង្គការWWF បាននិងកំពុងធ្វើការយ៉ាងជិតស្និតជាមួយនឹងមន្ទីរពាក់ព័ន្ធ សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាការពារព្រៃឈើ ធនធានធម្មជាតិនិងសត្វព្រៃកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅតំបន់ការពារចំនួនពីរដែលមានផ្ទៃដីសរុបប្រមាណ៦២ពាន់ហិកតា។
ដែនជម្រកសត្វព្រៃព្រែកប្រសព្វដែលជាទីជម្រកនៃសត្វក្តាន់ ឈ្លូស ឆ្មាដាវ សំពោច និងដែនជម្រកសត្វព្រៃសំបូរដែលជាជម្រកសត្វរមាំង និងប្រភេទបក្សីសំខាន់ៗដូចជា ត្រយ៉ងយក្ស ត្រយងចម្កំកស កុកពាក់អំបោះ ត្រដក់តូច ក្ងោក និងសត្វរំពេទន្លេដែលជាប្រភេទសត្វកម្របំផុតនៅតំបន់អាស៊ីអាគ្នេយ៍៕ ដោយ៖ ឡាយ សាមាន