ឡាវជួបអតិផរណាកើនឡើងដល់ ៣៨.៤៦ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២
វៀងច័ន្ទ៖ អតិផរណានៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ៣៨.៤៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ពី ៣៦.៧៥ភាគរយនៅក្នុងខែតុលាកន្លងទៅ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិឡាវ ក្នុងថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២។
តម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់កាន់តែខ្ពស់ រួមទាំងការបន្តទម្លាក់ថ្លៃនៃរូបិយប័ណ្ណគីបរបស់ឡាវ គឺជាកត្តាចម្បងដែលជំរុញឱ្យមានអតិផរណា។ ចំណែកការកើនឡើងតម្លៃប្រេង ក៏កំពុងប៉ះពាល់ដល់សន្ទស្សន៍តម្លៃដឹកជញ្ជូន ដែលបណ្តាលឱ្យមានការកើនឡើងនៃតម្លៃទំនិញ ដែលពឹងផ្អែកលើប្រេងឥន្ធនៈសម្រាប់ផលិតកម្ម ឬការដឹកជញ្ជូនរបស់ឡាវផងដែរ។
បើតាមរបាយការណ៍ដដែលនេះ ការចំណាយក្នុងប្រភេទទំនាក់ទំនង និងដឹកជញ្ជូនបានកើនឡើង ៥៥.៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែវិច្ឆិកាឆ្នាំនេះ។ រីឯតម្លៃអាហារ និងភេសជ្ជៈមិនមានជាតិអាល់កុល បានកើនឡើង ៤២,៣ភាគរយ ខណៈដែលតម្លៃនៃប្រភេទសណ្ឋាគារ និងភោជនីយដ្ឋានបានកើនឡើង ៣០.៩ភាគរយ។
ទន្ទឹមគ្នា តម្លៃនៃប្រភេទលំនៅដ្ឋានបានកើនឡើង ៣០.៤១ភាគរយ និងតម្លៃនៃការថែទាំសុខភាព និងថ្នាំបានកើនឡើង ៤២ភាគរយ។ ការឡើងថ្លៃលើផលិតផលគ្រប់ប្រភេទខាងលើនេះ បានបង្កការលំបាកកាន់តែខ្លាំងសម្រាប់សាធារណៈជនទូទៅ ជាពិសេសអ្នកដែលមានប្រាក់ខែទាបក្នុងប្រទេសឡាវ ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

