ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ កោតសរសើរ និងអរគុណចំពោះបងប្អូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតមក

ខេត្តតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃយសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុការងារចុះជួយមូលដ្ឋានស្រុកបាទី ខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូន កម្មករ កម្មការនី ប្រមាណ ៣៧៩០នាក់ ស្ថិតនៅឃុំលំពង់ ឃុំសូភី និងឃុំតាំងដូង។ ការជួបជុំនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដោយបានបែងចែកចេញជា ៤កម្មវិធី នៅតាមទីតាំងផ្សេងៗគ្នា។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងកោតសរសើរ និងអរគុណដោយស្មោះស្ម័គ្របំផុតចំពោះបងប្អូនកម្មករ កម្មការនី ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក។ ជ័យជម្នះនេះក៏ជាសក្ខីភាពយ៉ាងពិតប្រាកដ សបញ្ជាក់ឱ្យឃើញពីឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពជារៀងដរាប សម្រាប់អនាគតរុងរឿងរបស់កូនចៅគ្រប់ជំនាន់។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណផងដែរដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមយ៉ាងសកម្មបន្តគាំទ្រចលនាជាតិក្រោមមគ្គុទេ្ទសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធឈ្នះកូវីដ-១៩ បង្កលក្ខណៈកាន់តែរឹងមាំដល់ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមជាតិឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតាឡើងវិញដូចសព្វថ្ងៃ។

ឯកឧត្តម ក៏បានបង្ហាញអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច និងការជួយសម្រួលបន្ទុកដល់កម្មករ ប្រជាកសិករនិងក្រុមគ្រួសារអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ព្រមទាំងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានជម្រុញបន្ថែមដល បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner