វៀតណាម និងកូរ៉េខាងត្បូងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
សេអ៊ូល៖ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាននិយាយ កាលពីថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២ថា វៀតណាម និងកូរ៉េខាងត្បូងបានបង្កើនទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក Phuc បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសេអ៊ូល បន្ទាប់ពីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក Yoon Suk-yeol ថា «ដោយសម្លឹងមើលអនាគតដ៏ភ្លឺស្វាង យើងបានសម្រេចចិត្តធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ »។
ចំពោះការពិនិត្យមើលឡើងវិញនូវទំនាក់ទំនងការទូត រយៈពេល៣០ ឆ្នាំ មេដឹកនាំទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការវៀតណាម – កូរ៉េខាងត្បូងសម្រេចបាននូវដំណាក់កាលរីកចម្រើនយ៉ាងទូលំទូលាយ និងប្រកបដោយអត្ថន័យ។ ចាប់តាំងពីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឆ្នាំ ២០១២ ប្រទេសទាំងពីរបានលេចចេញជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក។
នៅក្នុងសន្និសីទសារព័ត៌មាន នាពេលនោះ មេដឹកនាំទាំងពីរបានអះអាងជាថ្មីអំពីគោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ និង ១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត
