ការវាយប្រហារលើកងកម្លាំងឧទ្ទាមក្នុងប្រទេសស៊ីរី ឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់តួកគី នៅណាតូ
អន្តរជាតិ៖ មន្ត្រីរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងបន្តឹងភាសារបស់ខ្លួនដាក់តួកគី ដែល ជាសមាជិកណាតូដូចគ្នា ខណៈព្យាយាមបញ្ចុះបញ្ចូល ប្រធានាធិបតី តួកគីលោក រ៉េហ្ស៊ីយ អ៊ែរដូហ្គាន់ ឱ្យបន្ធូរបន្ថយ ភាពតានតឹងនៃការវាយប្រហារដ៏ធ្ងន់ធ្ងរប្រឆាំងនឹងកងកម្លាំងកួដ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅភាគខាងជើងស៊ីរី។
ចាប់តាំងពីថ្ងៃទី ២០ ខែវិច្ឆិកាមក តួកគីបានចាប់ផ្តើមការវាយ ប្រហារតាមអាកាស ដោយគ្រាប់រ៉ុក្កែត និងគ្រាប់ផ្លោងឆ្លង ព្រំដែន ឆ្ពោះទៅតំបន់ដែលកម្លាំងអាមេរិក និងកួដគ្រប់គ្រង ក្នុងប្រទេសស៊ីរី ដែលបណ្ដាលឱ្យមនុស្សជាច្រើននាក់ បាន ស្លាប់។
ប្រតិបត្តិការយោធានេះ ធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីមនុស្ស ប្រាំមួយនាក់ត្រូវបានសម្លាប់ និង ៨០ នាក់បានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងអ៊ីស្ដង់ប៊ុល ដែល តួកគីទម្លាក់កំហុសដោយគ្មានមូលដ្ឋានច្បាស់លាស់លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តឃឺដ។
រំលងបានជាប្រាំថ្ងៃក្រោយតួកគីបើកការវាយប្រហារ ដែលធ្វើ ឡើងស្ទើតែរាល់ថ្ងៃនោះ ទើបមន្រ្តីសហរដ្ឋអាមេរិកបានចេញ សេចក្ដីអំពាវនាវសុំឱ្យតួកគីដែលជាសម្ព័ន្ធមិត្ត ធ្វើការបន្ធូរ បន្ថយភាពតានតឹង ដោយលើកឡើងថា សកម្មភាពយោធា នេះធ្វើឲ្យតំបន់មានអស្ថិរភាព និងបំផ្លាញការប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋអ៊ីស្លាម។ ការឆ្លើយតបយឺតយ៉ាវរបស់អាមេរិក បានទទួលរងនូវការរិះគន់ ប៉ុន្តែដោយសារតែប្រធានាធិបតី តួកគីលោក អ៊ែរដូហ្គាន់ មិនព្រមបញ្ឈប់ការវាយប្រហារ ទើបអាមេរិកចាប់ផ្ដើមនិយាយដោយបង្ខំ។
កាលពីថ្ងៃពុធសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានហៅទូរស័ព្ទទៅកាន់សមភាគីតួកគី ដើម្បី បង្ហាញពីជំទាស់យ៉ាងពេញទំហឹង ចំពោះប្រតិបត្តិការវាយ ប្រហារយោធានៅភាគខាងជើងស៊ីរីរបស់តួកគី។ បីថ្ងៃក្រោយ មក ពោលគឺនៅថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃឺរប៊ី បានធ្វើការលើកឡើងជាក់លាក់ដំបូងរបស់ រដ្ឋបាលបៃដិន អំពីផលប៉ះពាល់នៃការវាយប្រហាររបស់តួកគី លើកងជីវពលឃឺដ ដែលមានឈ្មោះថាកងកម្លាំងប្រជាធិប តេយ្យ ស៊ីរី(SDF) និងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បី ប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគខាងជើងប្រទេសស៊ីរី។
យ៉ាងណាមិញ គេនៅតែមើលឃើញថា ការឆ្លើយតបរបស់ អាមេរិក នាពេលនេះ បានឆ្លុះបញ្ជាំងពីតួនាទីសំខាន់ របស់ តួកគីក្នុងនាមជាសម្ព័ន្ធមិត្តរបស់ណាតូ លើការប្រឆាំងនឹងរុស្ស៊ី ដែលកំពុងឈ្លានពានអ៊ុយក្រែន។ បន្ថែមពីលើនេះ អ្នកវិភាគ លើក ឡើងថា របៀបដែលសហរដ្ឋអាមេរិកគ្រប់គ្រង ស្ថានការណ៍ គំរាមកំហែងរបស់លោក អ៊ែរដូហ្គាន់ ឱ្យធ្វើទៅ ប្រកបដោយជោគជ័យក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនោះ នឹងប៉ះពាល់ដល់ការព្រួយបារម្ភផ្នែកសន្តិសុខពិភពលោក ដែលនៅឆ្ងាយលើសពីតំបន់ភាគខាងជើងស៊ីរី ជាពិសេស នៅអ៊ុយក្រែន ដែលកំពុងស្ថិតនៅក្នុងជម្លោះនៃការឈ្លានពាន របស់រុស្ស៊ី។
យ៉ាងណាក៏ដោយ នាពេលនេះ រដ្ឋបាល បៃដិន កំពុងអន្ទះសារ ចំពោះកិច្ចសហប្រតិបត្តិការរបស់មេដឹកនាំតួកគី ជាមួយដៃគូ ណាតូផ្សេងទៀត ក្នុងការទប់ទល់នឹងប្រទេសរុស្ស៊ី ជាពិសេស ជុំវិញ ការបញ្ចុះបញ្ចូលតួកគីឱ្យបោះបង់ចោទជំហររឹងរូស និងទទួលយកហ្វាំងឡង់និងស៊ុយអែតឱ្យចូលរួមជាមួយណាតូ។
អ្នកវិភាគថា៖«ការបើកដៃឱ្យតួកគីបន្តវាយប្រហារដោយសេរីលើពួកកួដនៅស៊ីរីដើម្បីធានាកិច្ចសហប្រតិបត្តិការរបស់លោក អ៊ែរដូហ្គាន់ នៅក្នុងអង្គការណាតូ នឹងមានផលប៉ះពាល់ផ្នែក សន្តិសុខដ៏ធំ»។
កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានបញ្ឈប់ការ ល្បាត យោធារួមគ្នាជាមួយកងកម្លាំងកួដ ដើម្បីទប់ទល់នឹង ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមនៅភាគខាងជើងប្រទេសស៊ីរី ខណៈពួកឃឺដផ្តោតលើការការពារខ្លួនពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំ និងការលុកលុយដែលអាចកើតមាន ពី តួកគី។
គួរគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥មក កងកម្លាំងកួដនៅ ស៊ីរី បានធ្វើការជាមួយកងកម្លាំងអាមេរិកដែលដាក់ពង្រាយ នៅទីនោះ ដោយបានដណ្ដើមទឹកដីដែលក្រុមរដ្ឋអ៊ិស្លាមកាន់ កាប់មកវិញ និងចាប់ឃុំខ្លួនក្រុមយុទ្ធជនរដ្ឋអ៊ិស្លាមរាប់ពាន់នាក់ និងក្រុមគ្រួសាររបស់ពួកគេ ហើយបន្តប្រយុទ្ធជាមួយពួក យុទ្ធជន រដ្ឋអ៊ិស្លាម ដែលនៅសេសសល់។ កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក និងកួដ ក៏បានបន្តការល្បាតរួមមួយ ចំនួនឡើង វិញ លើជំរុំដែលផ្ដល់កន្លែងស្នាក់នៅទៅមនុស្សរាប់ម៉ឺននាក់ ភាគច្រើនជាស្ត្រី និងកុមារ ដែលមានទំនាក់ទំនងជាមួយក្រុម រដ្ឋអ៊ិស្លាម។
ជុំវិញបញ្ហានេះ អ្នកជំនាញខាងសន្តិសុខតួកគី និងអឺរ៉ុបនៅ វិទ្យាស្ថាន Brookings និងមហាវិទ្យាល័យសិក្សាពីសង្គ្រាម ជាតិ លោក Omer Taspinar បានថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AP ថា៖ «អាយស៊ីស (ដែលជាពាក្យកាត់ សម្រាប់រដ្ឋអ៊ិស្លាម) គឺជាបញ្ហាដែលគេបំភ្លេចចោល សម្រាប់ ពិភពលោក និងសហរដ្ឋអាមេរិក ដោយសារតែការផ្តោតលើ ជម្លោះនៅអ៊ុយក្រែន»។ លោកបន្តថា៖ «អ្វីដែលនឹងធ្វើឱ្យមាន ការ គាំទ្រពួកកួដពីលោកខាងលិចឡើងវិញ នឹងក្លាយជាការវាយ ប្រហារភេរវកម្មអាយស៊ីសមួយផ្សេងទៀត។ នៅអឺរ៉ុប ឬនៅ សហរដ្ឋ អាមេរិក នោះនឹងរំឭកប្រជាជនថា យើងពិតជាមិន បានកម្ចាត់អាស៊ីសចោលនោះទេ»។
កន្លងមក តួកគីអះអាងថា កងកម្លាំងកួដនៅស៊ីរីជាសម្ព័ន្ធ មិត្ត នឹងក្រុមនឹងក្រុមបះបោរ PKK (ឬគណបក្សពលករកួដ) ដែលប្រយុទ្ធគ្នាជិត៤ទសវត្សរ៍មកហើយនៅភាគអាគ្នេយ៍នៃប្រទេសតួកគី ដែលបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ទាំង សងខាង។
ទន្ទឹមនេះ សម្ព័ន្ធមិត្តកួដនៅស៊ីរីរបស់សហរដ្ឋអាមេរិក តែង បដិសេធរាល់ការពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងប្រទេសតួកគី ។
លោក Fabrice Balanche សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនៅ សកលវិទ្យាល័យ Lumière Lyon 2 របស់ប្រទេសបារាំង និយាយថា លោក អ៊ែរដូហ្គាន់ កំពុងកេងប្រវ័ញ្ចពួកជាតិ និយម តួកគី ដើម្បីប្រមូលសម្លេងគាំទ្រក្នុងការបោះឆ្នោតនៅខែមិថុនា ឆ្នាំ ២០២៣។ សាស្រ្តាចារ្យរូបនេះ ក៏ដូចជាអ្នកជំនាញផ្សេង ទៀត បានសម្តែងការព្រួយបារម្ភថា ប្រតិបត្តិការយោធារបស់ តួកគីនៅភាគខាងជើងស៊ីរីនាពេលនេះ អាចបង្កើតក្រុមបះបោរ ជ្រុល និយមជំនាន់ថ្មីនៅស៊ីរី និងធ្វើឱ្យក្រុមរដ្ឋអ៊ិស្លាមងើប ឡើងវិញ។
គួរកត់សម្គាល់ថា អាមេរិកតែងតែសរសើរកងកម្លាំងកួដស៊ីរីថា ជាសមមិត្តក្លាហានរបស់ខ្លួន។ កាលពីខែកក្កដា ទីបញ្ជាការ កណ្តាលអាមេរិកបានធ្វើឱ្យតួកគីខឹងសម្បារដោយការបង្ហោះសាររំលែកទុក្ខដល់មេបញ្ជាការរងកួដស៊ីរីម្នាក់ និងយុទ្ធជនស្ត្រី ពីរនាក់ផ្សេងទៀត ដែលស្លាប់ក្នុងការវាយប្រហារដោយដ្រូន ដែលគេបន្ទោសលើតួកគី។ ក្នុងឆ្នាំ ២០១៩ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានរងនូវការរិះគន់យ៉ានចាស់ ដៃជុំវិញការដកទ័ពអាមេរិកពីស៊ីរី ដើម្បីបើកដៃឱ្យតួកគីវាយ ប្រហារ លើកងកម្លាំងកួដនៅស៊ីរី។ ប្រតិកម្មទៅនឹងបញ្ជារបស់លោក ត្រាំ លោក បៃដិន បាន សរសេរសម្ដែងការខឹងសម្បារនៅលើបណ្ដាញសង្គមធ្វីតធ័រកាលពីពេលនោះថា៖ «កងកម្លាំងកួដមានសារៈសំខាន់ ក្នុងការ ជួយ យើងកម្ចាត់ពួកអាយស៊ីស ហើយមនុស្សជាច្រើនបានបាត់ បង់ជីវិត។ ឥឡូវនេះ លោកប្រធានាធិបតី ត្រាំ បានបោះបង់ ចោល ពួកគេ។ វាជារឿងគួរឲ្យអាម៉ាស់ណាស់»។
យ៉ាងណាមិញ ចំណាត់ការរបស់រដ្ឋបាលលោក បៃដិន ឆ្លើយតបនឹងការវាយប្រហាររបស់ក្រុងអង់ការ៉ានាពេលនេះ កំពុងឆ្លុះបញ្ចាំងពីតួនាទីយុទ្ធសាស្ត្រដ៏សំខាន់របស់តួកគី ក្នុងនាមជាសមាជិកអង្គការណាតូ លើកិច្ចខិតខំប្រឹងប្រែងរបស់ សម្ព័ន្ធមិត្តដើម្បីទប់ទល់នឹងរុស្ស៊ីនៅអឺរ៉ុប ទោះបីជាតួកគីបាន ធ្វើការវាយប្រហារនៅជិតទីតាំងកងទ័ពអាមេរិកក៏ដោយ។
គួររំឭកថា តួកគីដែលមានទំនាក់ទំនងខ្លាំងជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ីតាមមធ្យោបាយ សំខាន់ៗក្នុងសង្រ្គាមនៅអ៊ុយក្រែន។
តួកគីបានផ្គត់ផ្គង់ដ្រូនប្រដាប់អាវុធដល់អ៊ុយក្រែន និងជួយ សម្រុះសម្រួលរវាងរុស្ស៊ី និងអាមេរិក និងភាគីពាក់ព័ន្ធដទៃ ទៀត។ ទោះបីជាយ៉ាងនេះក៏ដោយ តួកគីដែលបដិសេធមិន ថ្កោលទោសរុស្ស៊ីដូចសម្ព័ន្ធមិត្តផ្សេងទៀតនៅណាតូ ក៏ជា ឆ្អឹងទទឹងកដ៏ធំ ដែលរារាំងហ្វាំងឡង់ និងស៊ុយអែត មិនឱ្យ ចូលជាសមាជិកអង្គការណាតូ ដោយលើកឡើងថា ប្រទេស ទាំងពីរនេះគាំទ្រពួក PKK ដែលខ្លួនចាត់ទុកថាជាក្រុមភេរវករ។ តួរគីថា លុះត្រាតែស៊ុយអ៊ែត និងហ្វាំងឡង់ ធ្វើតាមលក្ខខណ្ឌ របស់ខ្លួន ទើបខ្លួនយល់ព្រមលើសំណើគាំទ្រឱ្យចូល ជាមួយ ណាតូ ខណៈតួកគីគឺជាប្រទេសមួយក្នុងចំណោមសមាជិក ណាតូចំនួនពីរប៉ុណ្ណោះ ដែលមិនទាន់ចុះហត្ថលេខាលើ សមាជិក ភាពណាតូរបស់ប្រទេសណរឌិកទាំងពីរ។
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសណាតូក្នុងទីក្រុងប៊ុយឆារ៉ែសនៃប្រទេសរូម៉ានីកាលពីសប្តាហ៍មុន អ្នកការទូតណាតូបាន បដិសេធ មិនប្រឈមមុខនឹងប្រទេសតួកគីជាសាធារណៈ ដើម្បីជៀសវៀងការមិនពេញចិត្តពីក្រុងអង់ការ៉ា ហើយ រារាំងដល់ការស្វែងរកសមាជិកភាពណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត បន្ថែមទៀត ខណៈដែលប្លុកកំពុងស្វែងរក ដំណោះ ស្រាយឱ្យតួកគីគាំទ្រ។
ទោះបីជាយ៉ាងនេះក្ដី អ្នកជំនាញបានលើកឡើងថា រដ្ឋបាល លោក បៃដិន មានអានុភាពច្រើនក្នុងការជំរុញដោយផ្ទាល់ ឱ្យតួរគីអត់ធ្មត់ចំពោះការវាយប្រហារដែលគំរាមកំហែងកាន់តែខ្លាំងឡើងលើកងកម្លាំងកួដស៊ីរី។ ហើយនោះ រាប់បញ្ចូលទាំង ការលក់យន្តហោះចម្បាំង F-16 របស់អាមេរិកដែលតួកគីចង់ បានប៉ុន្តែត្រូវប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៅព្រឹទ្ធសភាអាមេរិក លោក Robert Menendez និងអ្នកនយោ បាយ ក្នុងសភាផ្សេងទៀត ជំទាស់។
ចំពោះការវាយប្រហាររបស់តួកគីនាពេលនេះ អ្នកជំនាយ មើលឃើញថា មានហានិភ័យសន្តិសុខធំទី៣នៅក្នុងការ គ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើការវាយប្រហាររបស់តួរគី រួមជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានលើជម្លោះអ៊ុយក្រែន និងលើកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ក្រុម រដ្ឋ អ៊ិស្លាម។ ហានិភ័យសន្តិសុខធំទី៣នោះគឺ ហានិភ័យចំពោះ ជនជាតិឃឺដ ដែលគ្មានរដ្ឋឯករាជ្យ និងត្រូវបានអាមេរិក និងលោកខាងលិចបោះបង់ចោលជាញឹកញាប់នៅជម្លោះក្នុងតំបន់កាលពីអតីតកាល៕
ដោយ៖ហួន ឌីណា
ប្រភព៖
Turkish strikes on US Kurd allies resonate in Ukraine war
US Official Urges ‘De-escalation’ as Turkey Strikes Syria
Turkey’s operation against Kurds in Syria risks reviving IS group