គោលនយោបាយបិទខ្ទប់ការរាតត្បាតកូវីដ១៩ ធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះយ៉ាងគំហុក

ចិន៖ ប្រទេសចិននៅតែកំពុងបន្តពឹងផ្អែកលើការបិទខ្ទប់ ប្រទេស និងការធ្វើតេស្ដជាប្រចាំ បន្ទាប់ពីជំងឺកូវីដ១៩បានរីក រាល ដាលអស់រយៈពេលបីឆ្នាំមកនេះ ។ ការណ៍នេះអាចនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកយ៉ាងទម្ងន់។ លើសពីនេះ ការបាតុកម្មប្រឆាំងនឹងការរឹតបន្តឹង កូវីដ ១៩នៅប្រទេសចិន ក៏ជាចំណែកមួយនៃការរង្គោះរង្គើសេដ្ឋកិច្ច ពិភពលោកដែលកំពុងតែមានអត្រាអតិផរណាខ្ពស់ស្រាប់ផង និងវិបត្ដិថាមពលបន្ថែមទៀត ខណៈសង្គ្រាមនៅអ៊ុយក្រែន កំពុងតែបន្ត។

ការបន្តអនុវត្តគោលនយោបាយបិទខ្ទប់ ការធ្វើចត្តាឡីស័ក និងបញ្ជាឱ្យមានការធ្វើតេស្ដជាប្រចាំបានធ្វើឱ្យកើតមានចលនាបាតុកម្មតវ៉ាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ប៉ុន្តែគ្មានភ័ស្តុតាងណាមួយបង្ហាញថាអាជ្ញាធរនឹងផ្ដាស់ប្ដូរវិធីសាស្រ្តដោះស្រាយបញ្ហានេះនោះទេ។ និយាយជារួមគឺ យុទ្ធសាស្ត្រកូវីដសូន្យរបស់ចិនបានដាក់សម្ពាធឱ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែខ្លាំង និងបង្កផលជះអវិជ្ជមានដល់ស្ថិរភាព សេដ្ឋកិច្ច ពិភពលោកទាំងមូល ជាពិសេសក្នុងតំបន់អាស៊ី និងបណ្ដាប្រទេសដែលពឹងផ្អែកលើការរកស៊ីជាមួយចិន។

ផលិតផលក្នុងស្រុកសរុបរបស់ចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៣,២ភាគរយ នៅឆ្នាំនេះ ពោលគឺទាបជាងការ ព្យាករណ៍ ជាផ្លូវការ កាលពីមុនគឺ ៥,៥ភាគរយ។ កំណើន សេដ្ឋកិច្ចនៅឆ្នាំ ២០២២ ជាតួលេខដែលកើនឡើងយឺត បំផុតក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះដោយមិនរាប់បញ្ចូលឆ្នាំ ២០២០ ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ កាលពីថ្ងៃអង្គារ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា តួលេខនៃការ ព្យាករណ៍កំណើននេះអាចនឹងត្រូវបានធ្លាក់ចុះបន្ថែមទៀត។

សញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចបានបង្ហាញឱ្យឃើញនៅតាមដងផ្លូវនាទីក្រុងធំៗ ដោយការចំណាយរបស់ពលរដ្ឋចិន បាន ធ្លាក់ចុះ ជាងមុន។ នៅក្នុងខែកញ្ញា កំណើននៃការលក់រាយ របស់ អាជីវករចិនក៏បានធ្លាក់ចុះដូចគ្នា ហើយការស្ទង់មតិ លើអាជីវកម្មខ្នាតតូច និងមធ្យម បានបង្ហាញថា ការស្នាក់នៅ និងការផ្គត់ផ្គង់ម្ហូបអាហារមានការធ្លាក់ចុះយ៉ាងកំហុកដូចគ្នា ដែលទាំងអស់នេះជាលទ្ធផលនៃការអនុវត្តគោលនយោបាយរឹតបន្តឹងកូវីដ១៩ របស់ចិន។ យោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg នៅសប្តាហ៍នេះបានឱ្យដឹងថា ចំនួនអ្នកជិះរថភ្លើងផ្លូវក្រោម ដីនៅក្នុងទីក្រុងធំៗ បានធ្លាក់ចុះរហូតដល់ ៩១ភាគរយ។

ការគ្មានឆន្ទៈ ឬការដែលពលរដ្ឋចិនមិនអាចចេញក្រៅបាន ដើម្បីចំណាយប្រាក់ទិញទំនិញផ្សេងៗ មិនមែនគ្រាន់តែបង្ហាញ ពីភាពអសកម្មនៃសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសចិនពីមួយថ្ងៃទៅមួយថ្ងៃនោះទេ។ ការគ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹងនេះក៏មិនបានជួយជំរុញតម្លៃទីផ្សារអចលនទ្រព្យឱ្យកើនឡើងនោះដែរ។ តម្លៃអចលនទ្រព្យក៏ជាបញ្ហាចម្បងមួយផងដែរដែលបានកើតឡើងចាប់តាំងពីឆ្នាំ ២០២០។

អចលនទ្រព្យ និងសំណង់ផ្សេងៗគឺជាវិស័យដែលមានទំហំ មួយភាគបួននៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូល ប៉ុន្តែតម្លៃអចលនទ្រព្យនៅប្រទេសចិនបានកើនឡើងដល់ចំណុចដ៏ខ្ពស់បំផុតមួយ។ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អតិផរណានេះក៏ដោយ ក៏តម្លៃទីផ្សារអចលនទ្រព្យបាន បន្តកើនឡើងស្ទើតែដល់ចំណុចវិបត្តិដ៏ធ្ងន់ធ្ងរមួយ។ កិច្ចខិតខំប្រឹងប្រែងក្នុងការចូលអន្តរាគមន៍របស់រដ្ឋាភិបាលនោះគឺការជួយជ្រោមជ្រែងម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យដែលមិនអាចបញ្ចប់គម្រោងសាងសាង់ និងពលរដ្ឋដែលគ្មានលទ្ធភាព សងបំណុល។ យ៉ាងណាក៏ដោយ គេមិនទាន់ប្រាកដនោះ ទេថាតើវិធានការរបស់រដ្ឋាភិបាលទាំងអស់នោះគ្រប់គ្រាន់ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋក្នុងការចំណាយប្រាក់លើការទិញផ្ទះ ឬអាផាតម៉ិនដែលមិនទាំងដែលច្បាស់ថាតើនឹង ត្រូវបាន សាង សង់បញ្ចប់នៅពេលណានោះ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ នៅឆ្នាំ ២០២១ ប្រមាណជាជិត ៣០ ភាគរយនៃទំនិញរបស់ ពិភពលោកត្រូវបានផលិតនៅប្រទេសចិន។ ប៉ុន្តែកាលពីខែតុលា ការនាំចេញរបស់ចិនបានធ្លាក់ចុះខ្លាំង ជាលើកដំបូងរាប់ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននោះគដោយសារតែការធ្លាក់ចុះនៃតម្រូវការអន្តរជាតិ។

សកម្មភាពរោងចក្ររបស់ប្រទេសចិនបានធ្លាក់ចុះផងដែរក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយសារតែមួយផ្នែកធំនៃ ប្រទេស ទទួលរងនូការបិទខ្ទប់ បណ្ដាលឱ្យបណ្ដាក្រុមហ៊ុន ផលិតកម្មត្រូវប្រឈមមុខជាមួយការស្វែងរកបុគ្គលិក និងវិធីសាស្ត្រក្នុងការរក្សាបុគ្គលិកឱ្យនៅបន្តធ្វើការបានយូរ។ ជាក់ស្ដែង ច្រើនជាង ៨០ ភាគរយនៃក្រុមហ៊ុនផលិតកម្មរបស់ ចិនបានប្រឈមនឹងកង្វះកម្លាំងពលកម្មនៅឆ្នាំនេះ។ ក្រសួងអប់រំចិនបានព្យាករណ៍ថា នឹងមានការខ្វះខាតកម្មករ រហូតដល់ទៅជិត ៣០ លាននាក់នៅឆ្នាំ ២០២៥ ។

បញ្ហាទាំងអស់នេះ រួមទាំងការបាតុកម្មប្រឆាំងនឹងគោល នយោបាយបិទខ្ទប់របស់ចិន អាចរារាំងដល់សមត្ថភាពរបស់ ក្រុមហ៊ុនផលិតកម្មរបស់ចិន និងក្រុមហ៊ុនអន្តរជាតិក្នុងការ ផលិត និងនាំចេញទំនិញដើម្បីបំពេញតម្រូវការរបស់ ពិភព លោកបាន។ យោងតាមអ្នកវិភាគលោក Ming-Chi Kuo នៃក្រុមហ៊ុន TF Securities បានលើកឡើងថា ការឈានចូល ដល់នៃពិធីបុណ្យណូអែលខាងមុខនេះ គេឃើញថាការនាំចេញ iPhone 14 Pro និង Pro Max អាចធ្លាក់ចុះដល់ទៅ ២០ លានគ្រឿង។

កុបកម្មនៅឯរោងចក្រមួយកន្លែងឈ្មោះថា Foxconn ក្នុង ទីក្រុងចឹងចូវ (Zhengzhou) ដែលជាក្រុមហ៊ុនផលិត iPhone ដ៏ធំបំផុតតែមួយគត់នៅពិភពលោក ត្រូវបានបង្កឡើង ដោយសារពលរដ្ឋអត់ទ្រាំមិនបានជុំវិញគោលនយោបាយបិទខ្ទប់នៅតំបន់ដែលនិយោជិតទាំងនោះរស់នៅ និងមានបញ្ហា ជម្លោះ រឿងប្រាក់ខែ និងលក្ខខណ្ឌការងារផ្សេងៗ។

អ្នកវិភាគខ្លះទៀតបានយល់ឃើញថា ការចលាចលរបស់ កម្មករនៅរោងចក្រនេះ អាចធ្វើឲ្យក្រុមហ៊ុន Apple ខាត បង់រហូតដល់ទៅ មួយ ប៊ីលានដុល្លារអាមេរិកក្នុងមួយសប្តាហ៍។

ទំហំដ៏ធំធេងនៃសេដ្ឋកិច្ចរបស់ចិន និងវិស័យផលិតកម្មរបស់ ចិន បានក្លាយជាតួអង្គសំខាន់ក្នុងវិស័យពាណិជ្ជកម្ម ពិភពលោក ជាពិសេសប្រភពនៃធនធានធម្មជាតិ។ ទង់ដែងដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងទំនិញអេឡិចត្រូនិក និងសំណង់ បានធ្លាក់តម្លៃចុះក្នុងរយៈពេលប្រាំមួយ ខែចុង ក្រោយនេះ ដោយសារទិន្នផលនៃផលិតកម្មរបស់ប្រទេសចិន បានធ្លាក់ចុះ។

គួរដឹងដែរថា ប្រទេសចិនគឺជាប្រទេសនាំចូលប្រេងដ៏ ធំបំផុត របស់ ពិភពលោក ហើយយោងតាមអ្នកវិភាគមួយចំនួន តម្រូវការរបស់ចិនមានឥទ្ធិពលទៅលើតម្លៃប្រេងខ្លាំងណាស់។ ការប្តេជ្ញាចិត្តរបស់ចិនចំពោះគោលនយោបាយកូវីដសូន្យ និងបាតុកម្មតវ៉ាក្នុងស្រុក ជាការរួមចំណែកផ្ដល់ផលជះ អវិជ្ជមាន ដល់តម្លៃប្រេងឆៅ ដែលបានធ្វើឱ្យធ្លាក់ចុះតម្លៃរហូត ដល់ចំណុចទាបបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
យ៉ាងណាក៏ដោយ ទិដ្ឋភាពទូទៅនៃនិន្នាការសេដ្ឋកិច្ចក្នុង រយៈពេលវែងនៅតែមានភាពស្រពិចស្រពិលនៅឡើយ។

កន្លងមក ប្រជាជនចិនបានដោះដូរសេរីភាពរបស់ខ្លួន ដោយ ជ្រើសយកវិបុលភាពសេដ្ឋកិច្ចជំនួសវិញ ដែលកត្តា នេះបាន រួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ចិនអស់ជាច្រើនទសវត្សរ៍មកហើយ។ ប្រសិនបើការបាតុកម្មនៅតែបន្ត វាអាចជាសញ្ញា មួយដែលថាកិច្ចសន្យាសង្គមរវាងមេដឹកនាំចិន និងប្រជាជន របស់ ខ្លួនបានចាប់ផ្ដើមមានការរង្គោះរង្គើ។

អ្នកជំនាញក៏បានលើកឡើងពីការព្រួយបារម្ភថា ការឡើង កាន់តំណែងជាប្រធានាធិបតីក្នុងអាណត្តិទីបីរបស់លោក ស៊ី ជីនពីង នឹងអាចបញ្ជាក់ឱ្យឃើញនាពេលខាងមុខថា តើលោក នឹងជ្រើសរើសយកមនោគមវិជ្ជា និងសន្តិសុខរបស់បក្សជា អាទិភាព ឬកំណើនសេដ្ឋកិច្ចជាធំ៕
ដោយ៖ធា សុខណា

ads banner