ក្រសួងសាធារណការគ្រោងតាំងពិព័រណ៍ផ្លាកលេខពិសេសសម្រាប់លក់នៅដើមឆ្នាំក្រោយ
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថា ក្រសួងនឹងរៀបចំការតាំងពិព័រណ៍ផ្លាកលេខនិងរថយន្តសម្រាប់ដំណើរការលក់លេខពិសេស នៅដើមឆ្នាំ២០២៣។ ពិព័រណ៍នេះធ្វើឡើងដើម្បីបើកឱកាសដល់សាធារណជន និងប្រជាពលរដ្ឋគ្រប់រូប អាចស្វែងយល់បន្ថែមនូវផ្លាកលេខ ដែលខ្លួនស្រលាញ់ ព្រមទាំងអាចដេញថ្លៃលេខពិសេស ផ្ទាល់ខ្លួន និងអាចទស្សនាការតាំងពិព័រណ៍រថយន្ត ដែល មានលក់លើទីផ្សារកម្ពុជា។
លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង គ្រប់ គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំក្រុមការងារប្រជុំ ពិភាក្សា ដើម្បីត្រៀមរៀបចំពិព័រណ៍នេះ។
ទំព័រហ្វេសប៊ុកក្រសួងសារធារណការបញ្ជាក់ថា៖ «កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងជូនដំណឹងស្ដីពីការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខនិងរថយន្ត ដើម្បីបើកឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនលក់រថយន្ត អាច ចូលរួមក្នុងពិព័រណ៍។នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំក៏ បានពិភាក្សាអំពីមុខងារដេញថ្លៃលេខពិសេស នៃប្រព័ន្ធស្វ័យ ប្រវត្តិកម្មដាក់ពាក្យចុះបញ្ជីយានយន្ត ដើម្បីអនុញ្ញាតឱ្យ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូអាចសហការលើការងារដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន»។
ប្រភពដដែលអះអាងថា លោកជំទាវ កុយ សុដានី បាន អំពាវនាវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដៃគូ ចូលរួមជាមួយ ក្រសួងដើម្បីតភ្ជាប់ប្រព័ន្ធដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន នៃ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ដើម្បីអាចផ្ដល់ជម្រើស ងាយស្រួលទូទាត់ ។
កាលពីឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៥.២៩១ផ្លាក ដោយបានចំណូល៣៨ប៊ីលានរៀលខណៈ ការ ចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានជិតបីម៉ឺនផ្លាក ក្នុងចំណូលជាង៣០ប៊ីលានរៀល។ក្រសួងចាប់ផ្ដើមលក់ផ្លាកលេខពិសេសនេះកាលពីឆ្នាំ២០១៩៕
ដោយ៖វណ្ណស័ក្ដិ