សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហការជាមួយសហគមន៍ចំនួនប្រាំបីខេត្ត ដើម្បីប្រារព្វទិវាសិទ្ធិមនុស្ស
ភ្នំពេញ៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) សហការជាមួយសហគមន៍ចំនួនប្រាំបីខេត្ត ដើម្បីប្រារព្វទិវា សិទ្ធិមនុស្ស ក្នុងគោលបំណងបង្ហាញពីក្ដីកង្វល់ និងតម្រូវការ របស់កសិករ។ ការរៀបចំកម្មវិធីនេះចាប់ពីថ្ងៃទី៦ ខែធ្នូ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដែលគ្រោងរៀបចំចំនួន ប្រាំបីកន្លែងផ្សេងគ្នាក្នុងខេត្តចំនួនប្រាំបីរួមមានខេត្ត៖ ខេត្តកោះកុង កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ កំពត ព្រះវិហារ និងខេត្តសៀមរាបដែលមានអ្នកចូលរួមពីសហគមន៍ សមាគម អង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋានជាដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
មន្ត្រីផ្នែកសម្របសម្រួលសហគមន៍ នៃសមាគមសម្ព័ន្ធ សហគមន៍ កសិករកម្ពុជា លោក ញ៉ិល ភាព បានប្រាប់ថា ការប្រារព្វទិវាសិទ្ធិមនុស្ស ១០ធ្នូ ខួបទី៧៤ ឆ្នាំ២០២២នេះ គឺបានរៀបចំធ្វើនៅតាមសហគមន៍មូលដ្ឋានរួមជាមួយអាជ្ញាធរថ្នាក់ជាតិ។ គោលបំណងនៃប្រារព្វទិវានេះ គឺជាការចូលរួម អបអរ សាទរនៃខួបទិវាសិទ្ធិមនុស្សអន្តរជាតិ។
លោកលើក ឡើងថា កម្មវិធីនេះធ្វើឡើង ដើម្បីផ្ដល់ឱកាសដល់ ប្រជាពលរដ្ឋ និងអាជ្ញាធរ រួមជាមួយអង្គការសង្គមស៊ីវិល ជួបគ្នាក្នុងការពិភាក្សាអំពីបញ្ហា អំពីទុក្ខកង្វល់ និងបញ្ហារួម ផ្សេងៗ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិដីធ្លី រំលោភ សិទ្ធិមនុស្ស និងធនធានធម្មជាតិជាដើម។ជាពិសេស គឺការ ពង្រឹងកត្តាជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យទទួលបានសេវា កិច្ចគាំពារសង្គមមួយប្រកបដោយមិនមានការរើសអើងពីសំណាក់អាជ្ញាធរដែនដី។
លោកបន្តថា កម្មវិធីប្រារព្វទិវាសិទ្ធិមនុស្សនឹងចាប់ផ្ដើមធ្វើ នៅខេត្តកោះកុងមុនគេ ដោយដាក់លិខិតជូនដំណឹង និង អញ្ជើញអភិបាលរងខេត្តកោះកុងមកចូលរួមជាវាគ្មិនផងដែរ។កម្មវិធីនេះនឹងបន្តធ្វើនៅតាមខេត្តបន្តបន្ទាប់ទៀត ដែលមាន ការចូលរួមពី ប្រជាសហគមន៍ នៅតាមបណ្ដាស្រុកនានា ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមជាមួយបណ្ដាអង្គការ សង្គមស៊ីវិល។
ចំណែកលោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការលីកាដូ បានប្រាប់ថាកាលពីព្រឹកមិញនេះសហគម៍ដីធ្លីជាង១ ០០០នាក់បានប្រារព្ធទិវាសិទ្ធិមនុស្សដែលមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក មេឃុំ មន្ទីរ ស្ថាប័ន និងការិយា ល័យចំណុះសាលាខេត្តកោះកុងចូលរួមជាច្រើនផងដែរ និងបានបើកឱកាសក្នុងការជជែកដេញដោលពីបញ្ហា សំណូមពរ និងការស្វែងរកដំណោះស្រាយបញ្ហាដីធ្លីពួក គាត់ផងដែរ ។
លោក អំ សំអាត និយាយថា៖ «ដូច្នេះហើយការចូលរួមរបស់ សហគមន៍ក្នុងការប្រារព្ធទិវានេះមានសារ:សំខាន់ណាស់ ក្នុងការយល់ដឹងពីសិទ្ធិនិងសេរីភាព ព្រមទាំការស្វែងរក ដំណោះស្រាយដោយសន្តិវិធី និងជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមដោះស្រាយ ដូចជាបញ្ហាដីធ្លីរបស់ជាដើម ។
លោកបន្ថែមថា បើសិនបងប្អូន សហគមន៍ ប្រជាពលរដ្ឋមាន ការចូលរួមប្រារព្ធទិវានេះអាជ្ញាធរគួរលើកទឹកចិត្ត សម្រួល និងចូលរួម ប្រសិនបើគ្នាមិនមានលទ្ធភាពក្នុងការ ប្រារព្ធ ទិវានេះ។
ចំណែកអ្នកស្រី ចក់ សុភាព នាយិកាមជ្ឍមណ្ឌលសិទ្ធិមនុស្ស កម្ពុជាកម្ពុជា(CCHR) ក៏បានថ្លែងថាខណៈដែលមាន សហគមន៍ មួយ ចំនួនអាចប្រារព្វទិវាសិទ្ធិមនុស្សបាន ក៏នៅមានសហគមន៍មួយចំនួនទៀត ដែលនៅតាមបណ្ដា ខេត្តបានរងនូវការរឹត្បិតក្នុងការប្រារព្វទិវាសិទ្ធិមនុស្សនេះជាដើម។
អ្នកស្រី ចក់ សុភាព បញ្ជាក់ថា៖ «បើមើលពីបរិបទច្បាប់ ក្នុងប្រទេសម្ពុជាយើង តាមច្បាប់ស្ដីពីបាតុកម្មសន្តិវិធីនោះ គឺមានការតម្រូវឱ្យជូនដំណឹង តែមិនមានតម្រូវឱ្យសុំអនុញ្ញាត ទេ។ប៉ុន្តែជាទូទៅអាជ្ញាធរមូលដ្ឋានជារឿយៗតែងតែមាន ការបកស្រាយខុសអំពីទិដ្ឋភាពច្បាប់ដែលខ្លួនឯងមាន ក្នុងការតម្រូវឱ្យសហគមន៍សុំការអនុញ្ញាត។កន្លែងនេះគឺ ខុសមួយ»។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ មើលឃើញថារៀបចំប្រារព្វទិវាសិទ្ធិមនុស្ស របស់ បណ្ដាសហគមន៍ជាមួយអង្គការសង្គមស៊ីវិល គឺពួកគាត់អាចរៀបចំជួបជុំ និងប្រារព្វកម្មវិធីនេះបាន ប៉ុន្តែត្រូវតែបំពេញបែបបទទៅតាមនីតិវិធីច្បាប់និងទៅតាមរដ្ឋបាលដែលមានជាធរមាន ដោយជូនដំណឹងទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចធ្វើការរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
ឯកឧត្តម ជិន ម៉ាលីន បញ្ជាក់ថា៖ «គាត់អាចរៀបចំធ្វើបាន ប៉ុន្តែត្រូវតែបំពេញបែបបទទៅតាមនីតិវិធីច្បាប់ និងទៅតាម រដ្ឋបាល ដោយជូនដំណឹង និងត្រូវសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់សាធារណៈ ហើយអាណឹងជាអ្វីដែល ពួកគាត់ត្រូវធ្វើ»។
សូមបញ្ជាក់ថា ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ត្រូវបានចាត់ទុកថាជាថ្ងៃឈប់សម្រាកជាតិជាផ្លូវការក្នុងប្រទេសម្ពុជា ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩មក ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ត្រូវចាត់ទុកជាថ្ងៃឈប់សម្រាកចុងក្រោយរហូត មកដល់ បច្ចុប្បន្ននេះ៕
ដោយ៖ជា សុខនី