អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រុមហ៊ុនឯកជនចុះអនុស្សរណៈបន្តកិច្ចសហការលើសេវាកម្មសន្តិសុខ
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន ESS ចុះហត្ថលេខាបន្ត សុពលភាពលើឧបសម្ព័ន្ធ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) បន្តសុពលភាពរយៈពេល ១០ ឆ្នាំទៀតការផ្តល់សេវាកម្មព័ត៌មាន សន្តិសុខ។ពិធីចុះ ហត្ថលេខាលើនេះ ធ្វើឡើងនៅថ្ងៃ ទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ( MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណា ចក្រ កម្ពុជា។
យោងតាមខ្លឹមសារនៃ ឧបសម្ព័ន្ធអនុស្សរណៈ នៃការយោគ យល់ គ្នា រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និង ក្រុមហ៊ុន ESS នាពេលនេះ គឺបញ្ជាក់អំពីការបន្តសុពលភាព រយៈពេល ១០ឆ្នាំ បន្ថែមលើអនុស្សរណៈ នៃការយោគយល់ គ្នាច្បាប់ដើម ស្ដីពីការសហការផ្តល់សេវាកម្មព័ត៌មាន សន្តិសុខ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា និងក្រុមហ៊ុន ESS ដែលផុតសុពលភាព កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោក TAKEHARU MIZUKOSHI នាយកប្រតិបត្តិក្រុមហ៊ុន ESSថ្លែង ថា ក្នុងឆ្នាំ២០១២ បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងការ បង្កើតអនុស្សរណៈ នៃការយោគយល់គ្នារវាង អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រុមហ៊ុនESS រួចមក ទាំងភាគីក្រុមហ៊ុន និងកងកម្លាំងនគរបាលជាតិកម្ពុជា បានសហការគ្នាចាត់ តាំងអនុវត្តស្របតាមស្មារតី និងខ្លឹមសារដូចមានចែងក្នុង អនុស្សរណៈដោយផ្តោតសំខាន់ទៅលើការចូលរួមការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងធុរៈជនដែលជាអតិថិជន របស់ក្រុមហ៊ុនផ្ទាល់។
លោកបន្តថា ៖« តាមរយៈឧបករណ៍ សម្ភារបច្ចេកទេស និងប្រព័ន្ធផ្តល់សញ្ញាសន្តិសុខរបស់ក្រុមហ៊ុន និងដោយ មានការគាំទ្រសម្របសម្រួលពីមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលប្រចាំបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត កិច្ចសហការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់ បទល្មើស ទទួលបានលទ្ធផលជាច្រើន»។
លោកថា ក្រុមហ៊ុន ESS ដែលកំពុងមានវត្តមាននៅកម្ពុជា និងបានអនុវត្តនីតិវិធីសុពលភាពអនុស្សរណៈ កន្លងមកបាន សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា និងបាន ផ្តល់សេវាកម្មជូនដល់អតិថិជនកម្ពុជាបានជាច្រើន ដែល ក្នុងនោះរួមមានដូចជា៖ ករណីចោរកម្ម អគ្គីភ័យ គ្រោះ ទឹកជំនន់ សង្គ្រោះបន្ទាន់ ជាដើម៕
ដោយៈយុទ្ធ វីរៈ