រដ្ឋមន្រ្តីកសិកម្ម៖ ពេលវេលាមួយសាកសម គឺប្រភពដើមនៃទំនិញត្រូវតែមាន ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលជ្រើសរើស

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួងមានបំណង់ចង់ឲ្យមានការបែងចែកផលិតកសិកម្មនាំចូល និងផលិតកសិកម្មក្នុងស្រុក នាពេលខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការជ្រើសរើស និងដើម្បីឲ្យប្រជាពលរដ្ឋមានការគាំទ្រផលិតក្នុងស្រុក។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ខ្ញុំគិតថា ពេលវេលាមួយសាកសម គឺប្រភពដើមនៃទំនិញត្រូវតែមាន។ ពាក់ព័ន្ធនឹងការនាំចេញនាំចូល បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមានចរិកជាតិនិយម ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវគិតចំពោះនូវស្ថានភាពសេដ្ឋកិច្ចផងដែរ។ ឯកឧត្តម បន្តថា ការពិនិត្យនូវតុល្យភាពនៃការនាំចេញ-នាំចូល គឺត្រូវគោរពច្បាប់អន្តរជាតិ ត្រូវគោរពលើគោលការណ៍អនាម័យ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឲ្យនាំចូល ប៉ុន្ដែបើសិនជាផលិតនោះល្អ ហើយមានតម្លៃថោក មិនឲ្យគេនាំចូល គេក៏មានសិទ្ធ មិនឲ្យយើងនាំចូលដូចគ្នា។ ឆ្លើយតបនឹងការរិះគន់វិញ ឯកឧត្តម ឌិត ទីណា បានថ្លែងថា ឯកឧត្តមមិនដែលបាក់ទឹកចិត្តចំពោះពាក្យរិះគន់នោះទេ ហើយប្រសិនបើការិះគន់នោះត្រូវ ឯកឧត្តមនឹងទទួលយក ព្រមទាំងយកមកកែតម្រូវ ប៉ុន្តែបើអ្នករិះគន់ក្នុងន័យបង្ខូច និងគ្មានការពិត នោះឯកឧត្តមនឹងមិនខ្វល់ ឬខាតពេលទៅពន្យល់នោះទេ។

រាល់មតិរិះគន់ទាំងអស់ ប្រសិនជាការនិយាយលើកឡើងនោះ ជារឿងត្រឹមត្រូវ ឯកឧត្តមនឹងយកពិចារណា និងកោតសរសើរ ។ប៉ុន្តែប្រសិនបើការលើកឡើងនោះ ជាមតិដែលមិនត្រឹមត្រូវ គ្មានហេតុផលច្បាស់លាស់ ឬគ្មានការវាយតម្លៃបានត្រឹមត្រូវពីស្ថានភាព ឯកឧត្តមនឹងមិនខ្វល់ ឬធ្វើការពន្យល់ទៅវិញនោះទេ ព្រោះបើការវាយតម្លៃមិនត្រឹមត្រូវផង ធ្វើម៉េចនឹងអាចផ្តល់ដំណោះស្រាយ ដែលមានលក្ខណៈយូរអង្វែងបាន។ ជាមួយគ្នានេះ បើអ្នករិះគន់នោះមានជំនាញចេះធ្វើពិតប្រាកដ ឯកឧត្តមនឹងហៅមកជួយ ដើម្បីធ្វើឱ្យចេញជាលទ្ធផលតែម្តង។លោករដ្ឋមន្រ្តីបន្ថែម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបែបនេះនាឱកាសចូលរួមកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំមកពីបណ្តាសារព័ត៌មានធំៗនៅកម្ពុជា ស្តីពី «វិស័យកសិកម្មនៅកម្ពុជា»។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner