កូរ៉េខាងជើងបាញ់កាំភ្លើងធំបន្ថែមទៀត ជាសារព្រមានប្រឆាំងនឹងការធ្វើសមយុទ្ធរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង
ព្យុងយ៉ាង៖ យោធាកូរ៉េខាងជើងបានចេញបញ្ជាមូលដ្ឋាននៅតំបន់ជួរមុខបាញ់កាំភ្លើងធំបន្ថែមទៀតចូលក្នុងសមុទ្រនៅថ្ងៃទី ២ ដើម្បីឆ្លើយតបចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្បែរព្រំប្រទល់អន្តរកូរ៉េ។
ការបាញ់ព្រមានក្នុងថ្ងៃអង្គារសប្តាហ៍នេះ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចំនួនប្រហែល ១៣០គ្រាប់ចូលទៅក្នុងសមុទ្រនៅភាគខាងកើត និងខាងលិចឆ្នេររបស់ខ្លួន ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង-អាមេរិក។
អ្នកនាំពាក្យយោធាកូរ៉េខាងជើង បានបញ្ជាក់ថា ការបាញ់កាំភ្លើងចូលទៅក្នុងសមុទ្របន្ថែមទៀតនេះ គឺជាសារព្រមានដ៏ធ្ងន់មួយដល់កូរ៉េខាងត្បូង ហើយក៏ជាការឆ្លើយតបទៅនឹងសញ្ញានៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ទីក្រុងសេអ៊ូល នៅក្នុងតំបន់ក្បែរព្រំប្រទល់។ ជាមួយគ្នានេះ កូរ៉េខាងជើងក៏បានអំពាវនាវឱ្យកូរ៉េខាងត្បូងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាបង្កហេតុនានា។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដែលពាក់ព័ន្ធនឹងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតជាច្រើន នៅទីតាំងបាញ់សាកល្បងចំនួនពីរដាច់ដោយឡែកពីគ្នា នៅឯស្រុកឆេអរវ៉ុន (Cheorwon) ដែលមានចម្ងាយជាង៧០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃពុធសប្តាហ៍នេះ៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា
