រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ កម្ពុជាមានមោទកភាពដែល មានវត្តមានសត្វខ្លារខិនដែលជាសត្វស្ទើរតែផុតពូជពីលើពិភពលោក
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាពិតជាមានមោទកភាពណាស់ដែលបានរកឃើញវត្តមានរបស់សត្វខ្លារខិនញីមួយក្បាល តាមរយៈរូបថតដ៏កម្រថតដោយ ម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈដែលសត្វប្រភេទនេះ ស្ទើរតែផុត ពូជពីលើពិភពលោកនេះហើយ។នេះជាការលើក ឡើងរបស់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា នៅថ្ងៃទី៧ ខែធ្នូនេះ។
លោកបានបញ្ជាក់លើបណ្តាញសង្គមផ្លូវការរបស់លោកថា ៖ «ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលវាពិតជា មោទកភាពបំផុតសម្រាប់កម្ពុជាដែលមានវត្តមានរបស់សត្វខ្លារខិន នៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពី ខែមេសា កន្លងមកនេះ ដោយក្រុមការងារអភិរក្សក្រសួង បរិស្ថាននិងអង្គការ WWF»។
ខ្លារខិនត្រូវបានគេដឹងថាជាសត្វជើងបួនរត់លើដីលឿនជាងគេក្នុងលោក ហើយសត្វនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជី ក្រហម របស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុត ពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែល វាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ប្រទេសកម្ពុជា ជាទីជម្រក ចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រ ជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។
ឯកឧត្តមបញ្ជាក់ទៀតថា ៖ «ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនា ការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាព ដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់»។
យោងតាមសិក្សាមួយ ដែលបានចុះផ្សាយដោយទស្សនាវដ្តី វិទ្យាសាស្រ្តអាមេរិកាំងឈ្មោះ Proceeding of the National Academy of Sciences បានឲ្យដឹងថា នៅទូទាំងពិភពលោក នៅមានវត្តមានសត្វខ្លារខិនស្ថិត ក្នុងសេរីភាពពេញលេញមិនដល់ ៧ ១០០ក្បាលផង និងដែលមាន ៩៩ភាគរយ កំពុងរស់នៅលើទឹកដីអាហ្រ្វិក។ ទន្ទឹមគ្នានេះ ទីធ្លាដែលសត្វជើង ៤មួយនេះកំពុងរស់នៅក៏មាន ទំហំកាន់តែតូចទៅៗដែរ ពោលនៅសល់តែជាង ៩ភាគរយ ប៉ុណ្ណោះ។
តួលេខនៃវត្តមានសត្វខ្លារខិន ត្រូវបានគេដឹងថា បានធ្លាក់ចុះ ច្រើន បើធៀបនឹងតួលេខចុះផ្សាយដោយក្រុមហ៊ុន សត្តវិទ្យា ក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗកន្លងទៅដែលថា ចំនួន ខ្លារខិនមានប្រមាណជា ១០០ ០០០ក្បាលនៅទូទាំង ពិភពលោក នាដើមសតវត្សរ៍ទី២០។
ទាក់ទងនឹងពូជខ្លារខិនអាស៊ី ឯកឧត្តម នេត្រ ភក្ត្រា បានលើក ឡើងថា ពូជខ្លារខិនអាស៊ីគេឃើញមាននៅសល់ចំនួន ៤៣ ក្បាលនៅក្នុងប្រទេសអ៊ីរ៉ង។
នៅក្នុងប្រទេសអាហ្រ្វិកស៊ីមបាវ៉េចំនួនខ្លារខិនបានធ្លាក់ចុះពី ១ ២០០ក្បាលមកនៅត្រឹម ១៧០ក្បាលប៉ុណ្ណោះក្នុងរយៈពេល ១៦ឆ្នាំ ពោលធ្លាក់ចុះ ៨៥ភាគរយ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានឱ្យដឹងដែរថា ខ្លារខិន ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជី ឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។
លោកបន្តថា ៖ «ប្រភេទនេះកំពុងរងគ្រោះថ្នាក់ដោយសារ ការបរបាញ់ ទាក់ចាប់ ដើម្បីយកស្បែក ឆ្អឹង សំណាករបស់វា ធ្វើពាណិជ្ជកម្ម និងការបាត់បង់ទីជម្រកដែលវាធ្លាប់រកចំណី និងរស់នៅ។ ខ្លារខិនត្រូវបានអង្គការ IUCN ចាត់ចូលក្នុង បញ្ជីក្រហម ថាជាក្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅក្នុង ប្រទេសកម្ពុជាគេកម្រជួបប្រភេទខ្លានេះណាស់»។
ឯកឧត្តមបានបន្ថែមថា ខ្លារិននេះមានរប៉ាយរស់នៅតិច តួចតាមតំបន់នានាដូចជា ភូមិភាគឦសាន និរតី និង ភាគខាងជើងនៃប្រទេសកម្ពុជា ចំណែករប៉ាយមានច្រើន នៅអាហ្វ្រិក អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវា។
សូមបញ្ជាក់ផងដែរថា ខ្លារខិនជាអំបូរឆ្មាដែលមានមាឌ ធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។ សត្វឈ្មោលអាចមានទម្ងន់ ៥៥គ.ក និងញីទម្ងន់ ៣៥គ.ក។
ខ្លារខិនមានភិនភាគងាយចំណាំណាស់ គឺមានពណ៌លឿង ក្រហម ត្នោត និងមានអុចៗ ពណ៌ខ្មៅជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះហៅថា “Black Panther” ដែលមានរូបរាង ពណ៌ខ្មៅ។
ខ្លារខិនរស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូត ដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ វាជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើដែលជាជំនាញពិសេសរបស់វា។ វាពុំសូវចាញ់កម្តៅថ្ងៃដូចខ្លាធំទេ ហើយអាចរស់នៅឆ្ងាយពីទឹក បានទៀតផង។
បើទោះជាវាអាចហែលទឹកបានក៏ដោយ ក៏វានៅតែព្យាយាមគេច ចេញពីតំបន់ទឹកដែរ។ ចំណីរបស់វាមានពពួកប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វស្លាប សត្វស្លាប សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាបចំណី ដោយលោតកន្ត្របពីលើដើមឈើ រួចទាញសត្វនោះឡើងដើម្បីស៊ី។
សត្វខ្លារខិននេះ ចូលចិត្តរកចំណីតែឯង និងជាសត្វរាត្រីចរ។ វាដើរជាគូតែក្នុងរដូវបន្តពូជ។ ខ្លារខិនអាចបង្កើតកូនបានពី ១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ កូនរស់នៅជាមួយមេរហូតដល់អាយុ ១-២ឆ្នាំ៕
ដោយ៖នាង សុគន្ធា