វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៣ ឆ្នាំ ២០២២
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិ ទី៣ ឆ្នាំ ២០២២ ក្រោមអធិតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត អភិបាល រងខេត្ត លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ក្រុមប្រឹក្សា ក្រុង លោក-លោកស្រី មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត មេភូមិ ចៅសង្កាត់ ទាំង៧ ទូទាំងក្រុង តំណាងប្រជាពលរដ្ឋ ធ្វេីឡេីងនៅសាលាក្រុងសិរីសោភ័ណ រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២។
ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ គឺជាការផ្តល់ឱកាសសម្រាប់គ្រប់អ្នកពាក់ព័ន្ធពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមពិភាក្សាប្រកបដោយតម្លាភាព ការទទួលបាន នូវ(ពហុ)គំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើង និងដើម្បីបង្ហាញនូវការទទួលខុសត្រូវ មួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះមុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ។
ថ្លែងបិទវេទិកានាឱកាសនោះឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក៏បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរក្រុងសិរីសោភ័ណ ចៅសង្កាត់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលេីកិច្ចការងារអភិវឌ្ឍន៍នៅមូលដ្ឋានបានយ៉ាងល្អប្រសេី។
ឯកឧត្តម បញ្ជាក់ ថា ៖ ការរៀបចំវេទិកា នេះឡេីង គឺ ដេីម្បីពិភាក្សាលេីកឡេីងពីបញ្ហាប្រឈម ក៏ដូចចំនុចខ្វះខាត ដេីម្បីធ្វេីការកែលម្អ ដោះស្រាយនូវសំណូមពរនៅមូលដ្ឋានឱ្យបាន ចប់សបគ្រប់ ក្នុងកិច្ចការងារអភិវឌ្ឍន៏មូលដ្ឋាន។ ជាពិសេសដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡេីយ។
សូមបញ្ជាក់ផងដែរថា ៖ បន្ទាប់ពីបានស្តាប់ខ្លឹមសាររបាយការណ៍សង្ខេប សមាជិក-សមាជិកានៃអង្គវេទិកា បានចូលរួមមតិយោបល់ដោយបានលើកឡើងនូវបញ្ហា សំណូមពរ និងក្តីកង្វល់ចំនួន ៥៥ បញ្ហា/សំណូមពរក្នុងនោះរួមមាន ៖ ១.ការងារសន្តិសុខសណ្តាប់សង្គម មាន ០១ បញ្ហា និងសំណូមពរ, ២.ការងារអភិវឌ្ឍមូលដ្ឋាន មាន ២៨ បញ្ហា និងសំណូមពរ , ៣.ការងារផ្សេងៗមាន ២៦បញ្ហា និងសំណូមពរ បានធ្វើការដោះស្រាយ និងបំភ្លឺផ្ទាល់មាត់បញ្ហាទាំងអស់ខាងលើ ដោយមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធនឹងអនុវត្ត ដោះស្រាយតាមសំណូមពរ ៕ ដោយ ៖ ឃិន គន្ធា

