ក្រុម Impunity កម្ពុជាប៉ះហ្វីលីពីនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោក
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Impunity ត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសាជាថ្មីនៃព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក World Esports Championship 2022 រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅកោះបាលី ចាប់ពីថ្ងៃទី៣ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។
ក្រុមកម្ពុជាមិនបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិទេ បន្ទាប់ពីចាញ់ម្ចាស់ឥណ្ឌូនេស៊ីឥណ្ឌូនេស៊ី ដោយលទ្ធផល ១-២ នៅកម្រិត Upper Bracket Final ប៉ុន្តែមិនទាន់អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រឡើយ ដោយបានធ្លាក់ចូលក្នុងកម្រិត Lower Bracket Final ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាថ្មីជាមួយក្រុមដែលចាញ់មុនៗ។
ផ្អែកតាមលទ្ធផលក្នុងកម្រិត Lower Bracket Final គឺក្រុមជម្រើសជាតិហ្វីលីពីនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវប្រកួតជាមួយក្រុមកម្ពុជា ដូច្នេះមានន័យថា កម្ពុជាមានឱកាសម្តងទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប្រសិនបើកម្ពុជាឈ្នះនឹងឡើងទៅជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ីជាថ្មី ប៉ុន្តែបើចាញ់គឺចប់ភារកិច្ចត្រឹមនេះហើយ។
៣ប្រកួតកន្លងមក ក្រុម Impunity កម្ពុជាបានយកឈ្នះ ណាមីប៊ី ដោយលទ្ធផល ២-០ និងឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែក ក្រុមហ្វីលីពីន ប្រកួតទី១បានចាញ់ឥណ្ឌូនេស៊ី ២-០ ដែលធ្វើឲ្យពួកគេធ្លាក់ទៅកម្រិត Lower Bracket Final ជាកម្រិតពួកគេបានឈ្នះស្លូវ៉ានៀ ២-០, ឈ្នះអាហ្សង់ទីន ២-០ និងឈ្នះម៉ាឡេស៊ី ២-០ ដើម្បីឡើងទៅជួបក្រុមកម្ពុជានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ជើងឯកពិភពលោកមានក្រុមជម្រើសជាតិមកពីតំបន់ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប ប៉ុន្តែមានតែ៨ក្រុមប៉ុណ្ណោះចូលរួមប្រកួត។
ចំពោះប្រាក់រង្វាន់សរុបចំនួន១សែនដុល្លារអាមេរិកដែលត្រូវបានបែងចែកទៅតាមចំណាត់ថ្នាក់ដូចខាងក្រោម៖
• ជើងឯក៖ ៥ម៉ឺនដុល្លារ
• លេខ២៖ ៣ម៉ឺនដុល្លារ
• លេខ៣៖ ២ម៉ឺនដុល្លារ
• ក្រុមចាប់ពីចំណាត់ថ្នាក់លេខ៤ដល់លេខ៨ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដែរ ៕ ចាន់ វិចិត្រ

