ឯកឧត្តម ប៉ាន សូរស័ក្តិ៖ សម្ភារៈឧបករណ៍គ្រឿងអេឡិចត្រូនិកទាន់សម័យនិងអាចរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាបែបសម័យទំនើបកុមារនៅតាមជនបទ
ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉ាន សូរសក្ត័៖ សម្ភារៈឧបករណ៍គ្រឿងអេឡិចត្រូនិកទាន់សម័យនិងអាចរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាបែបសម័យទំនើបកុមារនៅតាមជនបទ។
ឯកឧត្តម បន្ថែមថា ជាក់ស្តែង ក្រោមកម្មវិធីសាមសុងក្តីស្រឡាញ់ និងការមើលថែ (Samsung Love & Care) របស់ក្រុមហ៊ុនសាមសុង នៃសាធារណៈរដ្ឋកូរ៉េ ដែលបានចូលរួមផ្តល់ជា Samsung Tablets ចំនួន ៨០គ្រឿង ដែលជាឧបករណ៍អេឡិកត្រូនិកដ៏ទាន់សម័យបំផុត ជូនដល់សាលាមួយចំនួនតម្កល់ទុកនៅក្នុងការិយាល័យសិក្សា ដើម្បីលោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងការស្តាប់សំឡេង និងអានភាសាបរទេស បានល្អត្រឹមត្រូវតាមសំឡេងដើម ក្នុងម៉ោងសិក្សាភាសាបរទេស គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការសិក្សាតាមបែបសម័យទំនើបនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សាមសុងថេប្លេត (Samsung Tablets) ចំនួន ៨០គ្រឿង និងធ្វើការបែងចែកទៅដល់សាលាចំនួន ៤០សាលា ដោយក្នុងមួយសាលាត្រូវទទួលបាន ថេប្លេតចំនួន ២គ្រឿង សម្រាប់លោកគ្រូ អ្នកគ្រូយកទៅបង្រៀនសិស្សក្នុងម៉ោងភាសាបរទេស ។
ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់ លោកគ្រូ អ្នកគ្រូ ដែលជាអ្នកនៅផ្ទាល់ជាមួយក្មួយៗសិស្សានុសិស្ស ត្រូវជួយដាស់តឿនក្រើនរំឭកឱ្យក្មួយៗ ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូអប់រំណែនាំ ស្តាប់បង្គាប់ឪពុកម្តាយ និងអ្នកអាណាព្យបាល និងជំរុញឱ្យអនុវត្តឱ្យបានខ្ជាប់នូវវិធានការសុខាភិបាល ការពារសុខភាពជាប្រចាំផងដែរ។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម រួមជាមួយនិងតំណាងម្ចាស់ជំនួយ បាននាំយកមកជាមួយនូវសាមសុងថេប្លេត (Samsung Tablets) ចំនួន ៨០គ្រឿង និងជាសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនសិស្សានុសិស្សសាលាបឋមសិក្សានៅស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមកម្មវិធីសាមសុងក្តីស្រឡាញ់ និងការមើលថែ (Samsung Love & Care) របស់ក្រុមហ៊ុនសាមសុង នៃសាធារណៈរដ្ឋកូរ៉េ ។
លោក ស្យុង គឿន លី (HYUNG GEUN LEE) នាយកគ្រប់គ្រង សាខាក្រុមហ៊ុនសាមសុងថៃ ប្រចាំនៅកម្ពុជា បានលើកឡើងថា សម្រាប់ក្រុមហ៊ុនសាមសុងកម្ពុជា មានទស្សនៈថា កុមារគឺជាធតុផ្សំដ៏សំខាន់សម្រាប់ភាពរឹងមាំនៃប្រជាជាតិមួយ និងជាធនធានជំនាន់ក្រោយដ៏ប្រសើដែលនឹងបន្តការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរុងរឿងក្នុងពេលអនាគត។ ហេតុនេះហើយ ទើបក្រុមហ៊ុនសាមសុង និងក្រសួងពាណិជ្ជកម្មបានរួមគ្នាខិតខំប្រឹងប្រែងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា ដោយផ្តោតសំខាន់ក្នុងការផ្ដល់ឱ្យកុមារកម្ពុជាបង្កើននូវចំណេះដឹងក្នុងការប្រើប្រាស់ភាសារអង់គ្លេសតាមរយៈសម្ភារៈសិក្សាទាំងនេះ ដើម្បីជាជំនួយក្នុងការនិយាយ និងការយល់ដឹងភាសាអង់គ្លេសឱ្យបានត្រឹមត្រូវ។លោកនាយក បានបន្តថា ក្រោមយុទ្ធនាការ “Samsung Love & Care” នេះក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញឱ្យទីក្រុងប៊ូសានរបស់ប្រទេសកូរ៉េ ដើម្បីក្លាយជាទីតាំងមួយសម្រាប់ការរៀបចំពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ ៕



ង៉ាន់ ទិត្យ