សន្និសីទនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”

ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទ នៃ អង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២២ អង្គសន្និសិទទាំងមូល សម្រេចបាននូវ “សេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការផ្លាស់ប្តូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលបានអញ្ជើញជាអធិបតីក្នុងឱកាសបិទសន្និសិទនេះ នាល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា សមិទ្ធផលនេះបានបញ្ចាក់យ៉ាងច្បាស់ពីការប្តេជាចិត្តរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ានក្នុងការពង្រឹង និងបង្កើនការត្រៀមលក្ខណៈរបស់វិស្វករ និងវិទ្យាស្ថានស្រាវជ្រាវនានាក្នុងតំបន់អាស៊ាន ដើម្បីប្រឈមនឹងការផ្លាស់ប្តូរ និងប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានឡើងក្នុងយុគសម័យឧស្សហកម្ម ៤.០។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសំដែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ សមាជិកនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖

ទី១-សិក្សាពីលទ្ធភាព នៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។

ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។

ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្តីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។

ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តក្នុងការគាំទ្រការផ្លាស់ប្តូរឧស្សហកម្មអាស៊ាន ទៅឧស្សហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណ: និងឯកជន ជាមួយនឹងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍវេទិការួមមួយលើតំណរភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner